កីឡាជាតិ
ជាតិ
U19 កម្ពុជា មិនមាន​សំណាង​ទៅលេង​វគ្គ​បន្ត​នៅ​ឥណ្ឌូណេស៊ី​ឡើយ​
09, Nov 2017 , 6:30 am        
រូបភាព
ដោយ: រួបរួម
​ក្រុមកីឡា​បាល់ទាត់​ជម្រើសជាតិ​អាយុ​ក្រោម​១៩​ឆ្នាំ​កម្ពុជា ទទួលបាន​មេរៀន​ដ៏​ខកចិត្ត​មួយទៀត​ក្នុងការ​ប្រកួត​ជម្រុះ​ពានរង្វាន់ AFC U19 Championship ឆ្នាំ​២០១៨ ដោយ​ពួកគេ​មិនមាន​សំណាង​ស្ថិត​ក្នុងចំណោម​ក្រុម​លេខ​២​ឆ្នើម ដែល​ត្រូវ​ឡើងទៅ​លេង​វគ្គ​បន្ត​នៅ​ប្រទេស​ឥណ្ឌូណេស៊ី​នោះឡើយ​។​

 
U19 កម្ពុជា ក្រោម​ការដឹកនាំ​របស់​លោក Inoue Kazunori បាន​ធ្វើជា​ម្ចាស់​ពូ​ល G នៃ​វគ្គ​ជម្រុះ AFC U19 Championship​។ ឆ្លងកាត់​ការប្រកួត​ចន្លោះ​ពីថ្ងៃ​ទី​២៤ ដល់​ថ្ងៃទី​២៨ ខែតុលា នៅ​ពហុ​កីឡដ្ឋាន​ជាតិ កម្ពុជា ជាប់​លេខ​ពីរ​ក្នុង​ពូ​ល ដោយ​ចាញ់​ចិន ១-០ ឈ្នះ​មី​យ៉ាន់​ម៉ា ៣-២ និង​ស្មើ​ហ្វីលីពីន ០-០ ។​
 
​ខណៈ​ចិន​ត្រូវ​ឡើងទៅ​កាន់​វគ្គ​ចុងក្រោយ​នៅ​ឥណ្ឌូណេស៊ី កម្ពុជា​បាន​រង់ចាំ​អ៊ុត​មើល​លទ្ធផល​នៃ​ការប្រកួត​៩​ពូ​ល​ផ្សេងទៀត ហើយ​ការប្រៀបធៀប​ពិន្ទុ គឺ កម្ពុ​ជាមាន ៣​ពិន្ទុ (+០) ។ ចំពោះ​ការប្រៀបធៀប​ពិន្ទុ​ក្រុម​លេខ​ពីរ​ឆ្នើម (Best Runners-up) សហព័ន្ធ​កីឡាបាល់ទាត់​ទ្វីបអាស៊ី (AFC) ធ្វើការ​ស៊ីសង​តែ​រវាង​៣​ក្រុម​កំពូល​តារាង​នៃ​ពូ​ល​នីមួយ​ប៉ុណ្ណោះ ព្រោះ​ដើម្បី​ឲ្យ​មានការ​ស្មើភាព​គ្នា​រវាង​ពូ​ល​ដែលមាន​៥​ក្រុម និង​ពូ​ល​ដែលមាន​៣​ក្រុម​។​
 
​ការប្រកួត​៩​ពូ​ល​ផ្សេងទៀត បាន​ប្រព្រឹត្តទៅ​ចន្លោះ​ពីថ្ងៃ​ទី​៤ ដល់​ថ្ងៃទី​៨ ខែវិច្ឆិកា ដោយ​ឥណ្ឌូណេស៊ី ក្នុងនាម​ជា​ម្ចាស់ផ្ទះ​ជុំ​ចុងក្រោយ មាន​កៅអី​ដោយ​ស្វ័យប្រវត្តិ ហើយ​១០​ក្រុម​ទៀត គឺ​ក្រុម​កំពូល​តារាង​នៃ​ពូ​ល​នីមួយៗ ដែល​ក្នុងនោះ​រួមមាន អារ៉ាប់​រួម​អេ​មី​រ៉ា​ត (​ពូ​ល A), តា​ហ្ស៊ី​គី​ស្ថាន (​ពូ​ល B), កាតា (​ពូ​ល C), អា​រ៉ា​ប៊ី​សា​អូឌីត (​ពូ​ល D), ហ្ស៊​កដា​នី (​ពូ​ល E), កូរ៉េខាងត្បូង (​ពូ​ល F), ចិន (​ពូ​ល G), វៀតណាម (​ពូ​ល H), ជប៉ុន (​ពូ​ល I)​និង​អូស្ត្រាលី (​ពូ​ល J)​។​
 
​ក្រុម​៥​ទៀត​ដែល​ត្រូវ​បង្គ្រប់​១៦​ក្រុម​ចុងក្រោយ គឺជា​ក្រុម​លេខ​ពីរ​ដែលមាន​ពិន្ទុ​ខ្ពស់​ជាងគេ​។ ក្នុងចំណោម​ក្រុម​ទាំង​៥ មានតែ​អ៊ីរ៉ាក់ (​ពូ​ល C) មួយ​ប៉ុណ្ណោះ​ដែលមាន​៤​ពិន្ទុ ខណៈ​ក្រុម​៤​ផ្សេងទៀត​មាន​៣​ពិន្ទុ​ដូចគ្នា ដោយ​លើស​ប្រៀប​គ្នា​លើ​សំណល់ និង​ចំនួន​គ្រាប់​បាល់​ដែល​បាន​ស៊ុត​បញ្ចូល​ទី​។ ក្រុម​ទាំងនោះ​មាន ថៃ (​ពូ​ល I) មាន​៣​ពិន្ទុ (+២), កូរ៉េខាងជើង (​ពូ​ល J) ៣​ពិន្ទុ (+១) ឆាយ​នី​ស​តៃប៉ិ (​ពូ​ល H) ៣​ពិន្ទុ (+១) និង​ម៉ាឡេស៊ី (​ពូ​ល F) ៣​ពិន្ទុ (+០) ។​
 
​កម្ពុជា មាន​៣​ពិន្ទុ (+០) ដូចជា​ម៉ាឡេស៊ី​ផងដែរ ប៉ុន្តែ​ម៉ាឡេស៊ី បាន​ស៊ុត​បាល់​បញ្ចូល​ទី​លើ​គូប្រកួត​បាន​៤​គ្រាប់ ខណៈ​កម្ពុជា សម្រេច​បានតែ​៣​គ្រាប់​។ អ្វីដែល​គួរ​ឲ្យ​សោកស្តាយ​ផងដែរ​នោះ បើ​ឥណ្ឌូណេស៊ី ស្ថិតក្នុង​ចំណោម​ក្រុម​កំពូល​តារាង ឬ​លេខ​២​ឆ្នើម ក្រុម​ដែល​ស្ថិតនៅ​ទីតាំង​លេខ​៦​អាច​ទៅ​វគ្គ​បន្ត ប៉ុន្តែ​សេណា​រី​យ៉ូ​នេះ មិនអាច​ទៅរួច​ឡើយ ដោយ​ម្ចាស់ផ្ទះ​វគ្គ​១៦​ក្រុម​ចុងក្រោយ បញ្ចប់​ត្រឹម​ចំណាត់ថ្នាក់​លេខ​៣​ប៉ុណ្ណោះ​នៅក្នុង​ពូ​ល F​។​
 
​ក្នុង​យុទ្ធនាការ​នេះ កម្ពុជា បាន​ត្រឹម​ទទួលលទ្ធផល​ល្អ​ជាង​ក្រុម​លេខ​២​ផ្សេងទៀត រួមមាន អ៊ូ​បេ​គី​ស្ថាន អ៊ីរ៉ង់ យ៉េ​មែន និង​អូ​ម៉​ង់ រួមទាំង​បណ្តា​ក្រុម​ដែល​បាន​ហាលអាវ​នៅក្នុង​ពូ​ល​នីមួយៗ ៕
​តារាងប្រៀបធៀបក្រុមចំណាត់ថ្នាក់លេខ២ ដកចេញពី Wikipedia

Tag:
 AFC U19
  U19 កម្ពុជា
  បាល់ទាត់
© រក្សាសិទ្ធិដោយ thmeythmey.com