ជាតិ
សេដ្ឋកិច្ច
ឆ្នាំនេះ កម្ពុជាមិនបានលើកពាន អង្ករល្អបំផុតទេ!
× ភ្នំពេញ៖ អង្គរកម្ពុជាបានជាប់ក្នុងចំណោមប្រទេសបីចុងក្រោយ (Top៣) ខណៈអង្ករម្លិះរបស់ប្រទេសថៃបានលើកពានអង្ករល្អបំផុតប្រចាំឆ្នាំ២០១៧ ។ នេះបើតាមលោក មូល សារិទ្ធិ អគ្គលេខាធិការសហព័ន្ធស្រូវអង្ករកម្ពុជា (CRF) ដែលបានថ្លែងប្រាប់សារព័ត៌មានថ្មីៗ។
ការប្រកួតអង្ករល្អបំផុតលើពិភពលោក ធ្វើឡើងនៅម៉ាកាវ ប្រទេសចិន ពីថ្ងៃទី៦ដល់ ថ្ងៃទី៨ខែវិច្ឆិកា ដោយមានប្រទេសចំនួន ៧ចូលរួមប្រកួត និងមានសំណាកអង្ករចំនួន ២១ ។
បើតាមលោក មូល សារិទ្ធិ គុណភាពអង្ករក្រអូបប្រណីតរបស់កម្ពុជា នៅតែតាមប្រកៀក នឹងអង្ករថៃ ដូចឆ្នាំមុនដែរ នៅក្នុងការប្រកួតឆ្នាំនេះ។ អង្ករថៃបានលើកពានពីរឆ្នាំៗជាប់គ្នា គឺនៅឆ្នាំ២០១៦ និងឆ្នាំ២០១៧ ។
ទោះមិនបានជាប់អង្ករល្អបំផុតឆ្នាំនេះ ប៉ុន្តែលោក មូល សារិទ្ធិ អះអាងថា តាមរយៈការប្រកួតនេះ អង្ករកម្ពុជាត្រូវបានពិភពលោកទទួលស្គាល់ជាអង្ករលំដាប់កំពូលមួយ។ អង្ករកម្ពុជាធ្លាប់ជាប់ជាអង្ករល្អបំផុតបីឆ្នាំជាប់គ្នា គឺពីឆ្នាំ២០១២ ដល់ឆ្នាំ២០១៤ ៕
© រក្សាសិទ្ធិដោយ thmeythmey.com