អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ស៊ី ជិន​ភីង និង​ដូ​ណា​ល់ ត្រាំ ត្រៀម​ចុះ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ទំហំប្រហែល ២៨០​ពាន់​លាន​ដុល្លារ
09, Nov 2017 , 12:24 pm        
រូបភាព
រូបភាព៖ AFP
រូបភាព៖ AFP
ដោយ: ថ្មីៗ
​ប្រធានាធិបតី​ចិន​លោក ស៊ី ជិន​ភីង និង​ប្រធានាធិបតី​អាមេរិក​លោក ដូ​ណា​ល់ ត្រាំ ធ្វើជា​អធិបតីភាព​នៃ​ការចុះ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ដែលមាន​ទំហំ​រហូតដល់ ២៨០​ពាន់​លាន​ដុល្លារ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី ៩ ខែវិច្ឆិកា​។  វា​នឹង​ក្លាយជា​ដំណើរ​ទស្សនកិច្ច​មួយ​ដ៏​មាន​ផ្លែផ្កា​របស់​ប្រធានាធិបតី​អាមេរិក​នៅ​ចិន​ផងដែរ​។

​កិច្ចព្រមព្រៀង​ដែលមាន​ទំហំ​រហូតដល់ ២៨០​ពាន់​លាន​ដុល្លារ​នឹងត្រូវ​ចុះ​រួមគ្នា​រវាង​អាមេរិក និង​ចិន ក្រោម​អធិបតីភាព​លោក ដូ​ណា​ល់ ត្រាំ និង​សម​ភាគី​ចិន​លោក ស៊ី ជិន​ភីង​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​។ នេះ​បើតាម​ការផ្សាយ​របស់​សារព័ត៌មាន South China Morning Post ដែល​ស្រង់​សម្តី មន្ត្រី​ដែល​បានឃើញ​បញ្ជី​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ផ្ទាល់​។​
 
​សារព័ត៌មាន​ដដែល​ផ្សាយ​ថា កិច្ចព្រមព្រៀង​ដែល​ចិន​ត្រូវ​ចុះ​រួមគ្នា​ជាមួយ​អាមេរិក​នោះ​គ្របដណ្តប់​លើ​វិស័យ​ជាច្រើន​មាន​តាំងពី​ការរុករក​ប្រេង​រួមគ្នា បើក​រោងចក្រ​ដំឡើង​និង​ផលិត​ផ្នែក​នៃ​រថយន្ត និង​បច្ចេកវិទ្យា​ជាដើម​
 
 តួយ៉ាង​ក្រុមហ៊ុន​ប្រេង​រដ្ឋ​ចិន  Sinopec នឹង​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​រុករក​ប្រេង​រួមគ្នា​នៅ​រដ្ឋ​អា​ឡា​ស្កា​ជាមួយ​ក្រុមហ៊ុន​អាមេរិក​។ ចំណែក​ក្រុមហ៊ុន​ថាមពល China National Petroleum Corp នឹង​ចុះហត្ថលេខា​ជាមួយ​ក្រុមហ៊ុន Cheniere Energy ដើម្បី​ធានា​ការផ្គត់ផ្គង់​ឧស្ម័ន​ធម្មជាតិ​។​ដោយឡែក ក្រុមហ៊ុន​ទូរ​សព្ទ Xiaomi និង Vivo របស់​ចិន​នឹង​ចុះ​កិច្ចព្រមព្រៀង​ទិញ​ផលិតផល​ពី​ក្រុមហ៊ុន​ទូរគមនាគមន៍​អាមេរិក Qualcomm ផងដែរ​។ 
​កាលពី​ថ្ងៃ​ពុធ​ម្សិលមិញ ក្រុមហ៊ុន​អាមេរិក និង​ចិន បាន​ចុះ​កិច្ចព្រមព្រៀង​រួមគ្នា​ដែលមាន​ទំហំ ៩ ពាន់​លាន​ដុល្លារ​រួចទៅហើយ​។​
 
​បើសិនជា​កិច្ចព្រមព្រៀង​ដែល​ត្រូវបាន​គេ​រៀបរាប់​ខាងលើនេះ​នឹងត្រូវ​ចុះហត្ថលេខា មែន​នោះ វា​នឹង​ក្លាយជា​ដំណើរ​ទស្សនកិច្ច​ដ៏​មាន​ផ្លែផ្កា​បំផុត​របស់​ប្រធានាធិបតី​អាមេរិក​នៅ​ចិន​។ វា​ចំណេញ​ដល់​ក្រុមហ៊ុន​ចិន និង​ក្រុមហ៊ុន​អាមេរិក ហើយ​វា​ក៏​បង្ហាញ​ឲ្យ​ឃើញ​ពី​ឆន្ទៈ​របស់​ភាគី​ទាំងពីរ​ក្នុងការ​បង្រួម​អតុល្យភាព​ពាណិជ្ជកម្ម​ទ្វេភាគី​ដែល​ចិន​ចំណេញ​ច្រើន​នោះ​។​
 
​ពាក់ព័ន្ធ​ពាណិជ្ជកម្ម​ទ្វេភាគី​នេះ កាលពី​ថ្ងៃ​អង្គ​រដ្ឋបាល​ពន្ធគយ​ចិន​បាន​បញ្ចេញ​របាយការណ៍​ដែល​បង្ហាញ​ចិន​ចំណេញ​បាន ២៦,៦ ពាន់​លាន​ដុល្លារ​ពី​ពាណិជ្ជកម្ម​ជាមួយ​អាមេរិក​គ្រាន់តែ​ក្នុង​ខែតុលា​មួយ​ប៉ុណ្ណោះ៕
 

Tag:
 ​ដូ​ណា​ល់ ត្រាំ​
  ស៊ី ជិន​ភីង​
  ចិន​
  អាមេរិក​
© រក្សាសិទ្ធិដោយ thmeythmey.com