កីឡាជាតិ
ជាតិ
លោក ប្រាក់ សុវណ្ណារ៉ា​៖ សុខ​ផេង ជូន​លេខ​១០​ទៅ​សុគ​ម្ភៈ បង្ហាញ​ពី​ការគោរព និង​យោគយល់​
09, Nov 2017 , 1:36 pm        
រូបភាព
ប្រភព​រូបថត៖ ហ្វេសប៊ុក​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា
ប្រភព​រូបថត៖ ហ្វេសប៊ុក​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា
​លោក ប្រាក់ សុវណ្ណារ៉ា គ្រូបង្វឹក​ក្រុមកីឡា​បាល់ទាត់​ជម្រើសជាតិ​កម្ពុជា បាន​បង្ហើប​ឲ្យ​ដឹងថា លោក​មាន​អារម្មណ៍​តានតឹង​ដ៏​តូច​មួយ​ទាក់ទង​នឹង​ការជ្រើសរើស​ស្លាក​លេខ​សម្រាប់​ក្រុម​កីឡាករ​។ តែ​ផ្ទុយទៅវិញ លោក​មិន​ឈឺក្បាល​នោះឡើយ ដោយសារតែ​កីឡាករ​របស់លោក​ចេះ​យោគយល់​អធ្យាស្រ័យ​គ្នា​។ គ្រូបង្វឹក​វ័យ​៤៥​ឆ្នាំ​រូបនេះ បានលើកឡើង​ពី​គំរូ​ភាព​របស់ កែវ សុខ​ផេង និង គួច សុគ​ម្ភៈ លើ​ករណី​អាវ​លេខ​១០ ។​

 
​ខ្សែប្រយុទ្ធ​អា​ហ្ស​ង់​ទីន Javier Pastore បាន​ស្ម័គ្រចិត្ត​ប្រគល់​អាវ​លេខ​១០​ឲ្យ​ទៅ​ខ្សែប្រយុទ្ធ​ប្រេ​ស៊ី​ល Neymar ដែល​បាន​ផ្ទេរ​ទៅកាន់ Paris Saint-Germain ក្នុងតម្លៃ​ខ្លួន​ជា​កំណត់ត្រា​ដ៏​ខ្ពស់បំផុត​លើ​ពិភពលោក​។ សម្រាប់ Pastore នេះ​ជា​កាដូ​ដើម្បី​ស្វាគមន៍​មិត្ត​រួម​ក្រុម​ថ្មី ដោយ​រូបគេ​បាន​ប្តូរ​ទៅ​ពាក់​លេខ​២៧​វិញ​។ ដូចគ្នា​ផងដែរ ខ្សែប្រយុទ្ធ​វ័យ​២៥​ឆ្នាំ កែវ សុខ​ផេង បាន​ព្រមព្រៀង​ផ្ទេរ​ស្លាក​លេខ​១០ ទៅ គួច សុគ​ម្ភៈ ដែលជា​សិស្ស​ច្បង​របស់ខ្លួន ចំពោះ​ការវិលត្រឡប់​មកកាន់​ក្រុម​ជម្រើសជាតិ​វិញ ក្រោយ​អវត្តមាន​អស់​រយៈពេល​២​ឆ្នាំ​។​
 
«​ជាការ​ពិបាក​មួយ​ក្នុងការ​សម្រេចចិត្ត​ដាក់​លេខ​អាវ​ឲ្យ​កីឡាករ​នីមួយៗ ប៉ុន្តែ​ដំបូង​ខ្ញុំ​បាន​ឲ្យ​កីឡាករ​រើស​លេខ​ដែល​ខ្លួន​ស្រឡាញ់​ដោយ​ខ្លួនឯង ជាពិសេស​លេខ​ដែល​ប្រើ​នៅក្នុង​ក្លិប​។ ចំពោះ​ករណី​លេខ​១០ កែវ សុខ​ផេង បានសម្រេច​ចិត្ត​ជូន​សិស្ស​ច្បង​របស់ខ្លួន គឺ គួច សុគ​ម្ភៈ ហើយ សុគ​ម្ភៈ ក៏បាន​អរគុណ​ដល់​សិស្ស​ប្អូន​របស់ខ្លួន​ផងដែរ​»​។ នេះ​ជាការ​បញ្ជាក់​របស់លោក ប្រាក់ សុវណ្ណារ៉ា នៅពេល​លោកមា​នភារ​កិច្ចដឹកនាំ​ក្រុម​ជម្រើសជាតិ​កម្ពុជា សម្រាប់​ជំនួប​មិត្តភាព​អន្តរជាតិ​ជាមួយ​មី​យ៉ាន់​ម៉ា​។​
 
​គ្រូបង្វឹក​ដែលមាន​ឈ្មោះ​ក្រៅ​ហៅថា «​ទូច​» រូបនេះ មានឱកាស​ដឹក​ក្រុម​ជម្រើសជាតិ​កម្ពុជា​ជា​លើក​ទី​បី បន្ទាប់ពី​ការចាកចេញ​របស់​គ្រូបង្វឹក​ប្រេ​ស៊ី​ល លោក Leonardo Vitorino​។ លោក​បានលើកឡើង​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា​៖ «​ខ្ញុំ និង​ក្រុមការងារ​ពិតជា​រំភើប ដែល​កីឡាករ​មិន​យក​លេខ​អាវ​ជាធំ និង​ចេះ​ចែករំលែក​គ្នា សំខាន់​ឲ្យ​តែ​ខ្មែរ​ឈ្នះ​គឺ​ល្អ​បំផុត​»​។​
 
​កែវ សុខ​ផេង បាន​ចូល​លេង​ក្នុង​ក្រុម​ជម្រើសជាតិ​លើកដំបូង​នា​ជំនួប​វគ្គ​ជម្រុះ World Cup ជាមួយ​អា​ហ្វ​ហ្គា​នី​ស្ថាន កាលពី​ខែមិថុនា ឆ្នាំ​២០១៥ ដោយ​ពាក់​លេខ​២០ បន្ទាប់មក​ប្តូរ​ទៅ​លេខ​១៤ ។ បន្ទាប់ពី គួច សុគ​ម្ភៈ ត្រូវ​អវត្តមាន ដោយសារ​បញ្ហា​របួស សុខ​ផេង បាន​ពាក់​លេខ​១០ ក្រោម​ការដឹកនាំ​របស់​គ្រូបង្វឹក​កូរ៉េខាងត្បូង Lee Tae Hoon និង​គ្រូបង្វឹក​ប្រេ​ស៊ី​ល Leonardo Vitorino រហូតមក​។​
 
«​បង​សុគ​ម្ភៈ ក៏​ស្រឡាញ់​លេខ​១០ ខ្ញុំ​ក៏​ស្រឡាញ់​លេខ​១០ ប៉ុន្តែ​គាត់​ជា​សិស្ស​ច្បង ដូច្នេះ​ខ្ញុំ និង​គ្រូៗ បាន​ព្រមព្រៀងគ្នា​ប្រគល់​លេខ​ជូនទៅ​គាត់​។ អ្វីដែល​សំខាន់បំផុត​របស់​យើង គឺ​លេង​ដើម្បី​ជាតិ និង​ប្រជាជន​កម្ពុជា​ទាំងមូល​»​។ នេះ​ជាការ​អះអាង​របស់ កែវ សុខ​ផេង ដែល​បាន​ប្តូរ​ទៅ​ពាក់​លេខ​៨ ជំនួស ហូ​យ ផល្លី​ន ខណៈ ផល្លី​ន ដូរ​ទៅ​ពាក់​លេខ​១៤​ដែល​នៅ​ទំនេរ ដោយសារតែ សឿត បារាំង មិន​ទទួលបាន​ការកោះហៅ​ពី​សំណាក់​លោក​ប្រាក់ សុវណ្ណារ៉ា​។​
 
​គួច សុគ​ម្ភៈ វ័យ​៣០​ឆ្នាំ បានចាប់ផ្តើម​ចូល​លេង​ក្នុង​ក្រុម​ជម្រើសជាតិ​តាំងពី​ឆ្នាំ​២០១០ នា​វគ្គ​ជម្រុះ AFC Challenge Cup ក្រោម​ការដឹកនាំ​របស់​លោក ប្រាក់ សុវណ្ណារ៉ា ដដែល ប៉ុន្តែ​គេ​បាន​អវត្តមាន​រយៈពេល​២​ឆ្នាំ​ចុងក្រោយ ដោយសារតែ​ការរង​របួស​ជើង​នា​អំឡុងពេល​បំពេញបេសកកម្ម​ប្រកួត​សម្រាប់​ក្លិប​ណាហ្គា​វើ​ល​របស់ខ្លួន​។ ការកោះហៅ​សារជាថ្មី​នេះ ក្រៅពី​មានឱកាស​បន្ត​ពាក់អាវ​លេខ​១០ ដែល​ខ្លួន​ស្រឡាញ់​ពេញចិត្ត គួច សុគ​ម្ភៈ បានទទួល​តំណែង​ជា​ប្រធាន​ក្រុម​ជំនួស ឃួន ឡា​បូ​រ៉ាវី ផងដែរ​។ បូរ៉ា​វី ដែលជា​កីឡាករ​ជើងចាស់​ម្នាក់ទៀត​នោះ មិន​ទទួល​ការកោះហៅ​ពី​លោក ប្រាក់ សុវណ្ណារ៉ា អតីត​គ្រូបង្វឹក​ក្លិប​បឹងកេត​របស់ខ្លួន​ឡើយ​។ កែវ សុខងន ដែលជាបងប្រុសបង្កើតរបស់ សុខផេង ជាអ្នកពាក់លេខ៩បន្តពីបូរ៉ាវីផងដែរ។
 
«​ខ្ញុំ​សូម​អរគុណ ព្រោះ​អាច​និយាយបានថា វា​ឲ្យ​តម្លៃ​មួយ​របស់គាត់ [​កែវ សុខ​ផេង​] ចំពោះ​ខ្ញុំ​។ សំខាន់​សម្រាប់​ខ្ញុំ គឺ​ពួកយើង​ចេះ​ស្រឡាញ់ និង​ឲ្យ​តម្លៃ​គ្នា​ទៅវិញទៅមក​»​។ សុគ​ម្ភៈ ប្រាប់​ពី​អារម្មណ៍​របស់ខ្លួន​ក្រោយ​មានឱកាស​ចូលរួម​ក្រុម​ជម្រើសជាតិ​វិញ ជាមួយនឹង​អាវ​លេខ​១០​ដែល​ខ្លួន​តែងតែ​ពាក់​កន្លងមក​៕
 

Tag:
 បាល់ទាត់​
  ជម្រើសជាតិ​
  ប្រាក់ សុវណ្ណារ៉ា​
  កែវ សុខ​ផេង​
  គួច សុគ​ម្ភៈ​
© រក្សាសិទ្ធិដោយ thmeythmey.com