កីឡាជាតិ
ជាតិ
ថ្នាក់ដឹកនាំ​កីឡា​ទាញព្រ័ត្រ​អះអាង​ពី​ភាព​ស្អាតស្អំ​របស់ខ្លួន​
09, Nov 2017 , 7:19 pm        
រូបភាព
លោក មាស សារិន ប្រធានសហព័ន្ធកីឡាទាញព្រ័ត្រកម្ពុជា
លោក មាស សារិន ប្រធានសហព័ន្ធកីឡាទាញព្រ័ត្រកម្ពុជា
ដោយ:
​ប្រធាន​សហព័ន្ធ​កីឡា​ទាញព្រ័ត្រ​កម្ពុជា​លោក មាស សារិន បាន​ចេញមុខ​ច្រានចោល​ជុំវិញ​ព័ត៌មាន​ដែល​ចោទប្រកាន់​លោ​កថា​បាន​យកឈ្មោះ​កីឡា​ដើម្បី​ប្រកប​អាជីវកម្ម​។ ក្រៅពី​ចាត់ទុក​ការចោទប្រកាន់​គ្មាន​មូលដ្ឋាន​ច្បាស់លាស់​ខាងលើ​ជាការ​ច្រណែន​ប្រធាន​សហព័ន្ធ​រូបនេះ​ស្នើ​ឲ្យ​អ្នកចោទ​ប្រកាន់​កែប្រែ​ព័ត៌មាន​និង​ចេញមុខ​សុំទោស​ជា​សាធារណ​។ ទន្ទឹមនឹងនេះ លោក អះអាងថា ការរៀបចំ​ការប្រកួត​កីឡា​ទាញព្រ័ត្រ​ជ្រើសរើស​ជើងឯក​តាម​ភូមិភាគ​ធ្វើឡើង​ក្នុងន័យ​អភិវឌ្ឍន៍​កីឡា​នេះ​តែប៉ុណ្ណោះ​។​



​លោក មាស សារិន ប្រធាន​សហព័ន្ធ​កីឡា​ព្រ័ត្រ​កម្ពុជា​បាន​អះអាងថា ការប្រកួត​កីឡា​ទាញព្រ័ត្រ​ជ្រើសរើស​ជើងឯក​តាម​ភូមិភាគ​ដែលមាន​ការដាក់​តាំង​ស្តង់​លក់ទំនិញ​មិនមែនជា​ការប្រកប​អាជីវកម្ម​ដើម្បី​ផលប្រយោជន៍​ផ្ទាល់ខ្លួន​ឡើយ​។ ហើយ​ការ​ដាក់តាំង​ស្តង់​លក់ទំនិញ​ទៀតសោត គឺ​ដើម្បី​បាន​ថវិកា​មក​ទ្រទ្រង់​ការរៀបចំ​ក្នុងន័យ​អភិវឌ្ឍន៍​កីឡា​ទាញព្រ័ត្រ ដោយ​ស្តង់​នីមួយៗ​ត្រូវ​បង់​ថវិកា​ចំនួន​៥០​ដុល្លារ​ក្នុង​១​ស្តង់​ទំនិញ​។

​ការអះអាង​របស់​ប្រធាន​សហព័ន្ធ​កីឡា​ទាញព្រ័ត្រ​ខាងលើ ធ្វើឡើង​បន្ទាប់ពី​មាន​ទូរទស្សន៍​អន​ឡាញ​ក្នុងស្រុក​មួយ​បាន​ស្រង់​សំដី​ក្រុមហ៊ុន​ឯកជន​មួយ​ដែលជា​អតីត​ដៃគូ​សហការ​ចុះផ្សាយ​ចោទប្រកាន់​លោក​ថា​បាន​យកឈ្មោះ​កីឡា​ដើម្បី​ប្រកប​អាជីវកម្ម និង​ចោទថា​អាង​អំណាច​ជាដើម​។ លោក​បានចាត់ទុក​ការចោទប្រកាន់​នេះ​ធ្វើឡើង​ក្នុងន័យ​ច្រណែន​ឈ្លា​នី​ស​។ 

​ពាក់ព័ន្ធ​ការចោទប្រកាន់​នេះដែរ លោក មាស សារិន បាន​រៀបរាប់ថា ដំបូង​ឡើយ​ក្រុមហ៊ុន​ឯកជន​នោះ​ជា​ដៃគូ​សហការ​របស់​សហ​ព័ន្ធ​កីឡា​ទាញព្រ័ត្រ​កម្ពុជា តែដោយសារ​មាន​បញ្ហា​មិន​ចុះសម្រុង​គ្នា​មួយចំនួន​សហព័ន្ធ​ក៏​ផ្តាច់​ការសហការ ដោយ​ចាប់​ដៃគូ​ជាមួយ​ក្រុមហ៊ុន​ឯកជន​មួយ​ផ្សេងទៀត​។​

​ទន្ទឹមនឹង​ការអះអាង​ខាងលើ ប្រធាន​សហព័ន្ធ​រូបនេះ ក៏បាន​ស្នើ​ឲ្យ​ទូរទស្សន៍​អន​ឡាញ​នោះ​ចុះផ្សាយ​កែប្រែ​រាល់​ព័ត៌មាន​មិន​ពិត និង​ឲ្យ​អ្នក​ដែល​ផ្តល់ព័ត៌មាន​សុំទោស​ជា​សាធារណ​។ បន្ថែម​ពីលើ​នេះ លោក ស្នើ​ឲ្យ​ក្រុមហ៊ុន​ឯកជន​នោះ​បញ្ឈប់​សកម្មភាព​រិះគន់ បើ​ពុំ​នោះទេ​លោក​នឹងធ្វើ​ចាត់វិធានការ​តាមច្បាប់​។

​សម្រាប់​ការរៀបចំ​ការប្រកួត​កីឡា​ទាញព្រ័ត្រ​ជ្រើសរើស​ជើងឯក​ប្រចាំ​ភូមិភាគ លោក មាស សារិន បាន​បញ្ជាក់ថា សហព័ន្ធ​ត្រូវ​ចំណាយ​ថវិកា​ពី​៧​ទៅ​៨​ពាន់​ដុល្លារ​ក្នុង​មួយ​ភូមិភាគ ដូច្នេះ​បើ​ពុំមាន​ការជួយជ្រោមជ្រែង​ពី​ក្រុមហ៊ុន​ឯកជន​ទេនោះ ការប្រកួត​នេះ​អាច​កើតឡើង​បានឡើយ​។

​គួរ​បញ្ជាក់ថា ការប្រកួត​ជើងឯក​ភូមិភាគ​នេះ​សហព័ន្ធ​បាន​បែង​ចែកជា​៥​ភូមិភាគ គឺ​ភូមិភាគ​វាលរាប​, ភ្នំពេញ​, ទន្លេសាប​, និរតី និង​ភូមិភាគ​ឦសាន​។ ហើយ​ការរៀប​ចំនេះ​ទៀតសោត​ដោយមាន​ការអនុញ្ញាត​ពី​រាជរដ្ឋាភិបាល​កម្ពុជា ក្រសួង​អប់រំ​យុវ​និង​កីឡា​ក្រោម​កិច្ចសហការ​ពី​អភិបាលខេត្ត​នីមួយៗ​។ ការប្រកួត​នេះ​គឺ​រៀបចំ​ដើម្បី​ចម្រាញ់​យក​ក្រុម​ជើងឯក​ចាប់ពី​លេខ​១​ដល់​លេខ​៣​ក្នុង​យុទ្ធនាការ​ស្វែងរក​ជើង​ឯកនៃ​ភូមិភាគ​នីមួយៗ ដើម្បី​ឡើងមក​ប្រកួត​ជើងឯក​ថ្នាក់ជាតិ​ប្រចាំឆ្នាំ​២០១៨ នៅ​រាជធានី​ភ្នំពេញ​៕      


Tag:
 ទាញព្រ័ត្រ​
  មាស សារិន
© រក្សាសិទ្ធិដោយ thmeythmey.com