ជាតិ
សេដ្ឋកិច្ច
ក្រសួងកសិកម្ម ផ្អាក​ធ្វើ​សេចក្ដីព្រាងច្បាប់​ដី​កសិកម្ម ក្រោយ​នាយក​រដ្ឋមន្ត្រី​ប្រតិកម្ម​
09, Nov 2017 , 10:39 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បានប្រកាស​ផ្អាក​ការរៀបចំ​តាក់តែង​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​ដី​កសិកម្ម​។ នេះ​បើតាម​សេចក្ដីប្រកាស​ព័ត៌មាន​របស់​ក្រសួង នៅ​ថ្ងៃទី​៨​ខែវិច្ឆិកា​។​



​ក្រសួងកសិកម្ម​បានលើកឡើង​យ៉ាង​ដូច្នេះ​ថា​៖«​ដោយ​ពិនិត្យឃើញ​ពី​ភាពចាំបាច់ និង​អនុលោម​តាម​អនុសាសន៍​របស់​សម្ដេច​នាយករដ្ឋមន្ត្រី ហ៊ុន សែន  ក្រសួងកសិកម្ម សូម​ប្រកាសថា ការរៀបចំ​តាក់តែង​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​ដី​កសិកម្ម ត្រូវបាន​ផ្អាក​សិន​»​។​

​នៅ​ថ្ងៃទី​៨​ខែវិច្ឆិកា សម្ដេច ហ៊ុន សែន នាឱកាស​ជួប​សំណេះសំណាល​ជាមួយ​កម្មករ​នៅ ខណ្ឌដង្កោ ក្រុងភ្នំពេញ បាន​មានប្រសាសន៍​ទាក់ទិន​នឹង​ការធ្វើ​សេចក្ដីព្រាងច្បាប់​ដី​កសិកម្ម ដោយ​សម្ដេច​បាន​ណែនាំ​ឲ្យ​ក្រសួង​ធ្វើ​កិច្ចការ​អាទិភាព​ផ្សេង​វិញ រីឯ​ការតាក់តែង​ច្បាប់​នេះ​ត្រូវ​ទុក​សិន​។​

​ក្រសួងកសិកម្ម​ធ្វើ​សេចក្ដីព្រាងច្បាប់​ដី​កសិកម្ម ក្នុង​បំណង​គ្រប់គ្រង និង​ប្រើប្រាស់​ដី​កសិកម្ម​ឲ្យ​មាន​ប្រសិទ្ធភាព ដែលមាន​កំណត់​ពី​សិទ្ធិ និង​កាតព្វកិច្ច​របស់​អ្នកប្រើប្រាស់​ដី​កសិកម្ម​។ ការទិញ​ដី​កសិកម្ម​ទុកចោល ក៏​ស្ថិតក្នុង​បញ្ញត្តិ​នៃ​ពង្រាងច្បាប់​នេះដែរ ដែល​ចែង​ពី​វិធានការ និង​ការផាកពិន័យ​ចំពោះ​បុគ្គល​ដែល​ទិញ​ដី​ទុកចោល ក្នុង​ទំហំ និង​រយៈពេល​ណាមួយ ដែល​សេចក្ដីព្រាងច្បាប់​នេះ​បានកំណត់​៕



Tag:
 ដី​កសិកម្ម
© រក្សាសិទ្ធិដោយ thmeythmey.com