ជាតិ
Ted Cruz ថា អាមេរិក នឹងមិន​ទទួលស្គាល់​ការបោះឆ្នោត បើ​មិន​លែង​មេបក្ស​ប្រឆាំង​
09, Nov 2017 , 5:31 pm        
រូបភាព
លោក Ted Cruz សមាជិកព្រឹទ្ធសភាអាមេរិក។ រូបថត AFP
លោក Ted Cruz សមាជិកព្រឹទ្ធសភាអាមេរិក។ រូបថត AFP
​ភ្នំពេញ​៖ ក្រៅពី​ព្រមាន​រារាំង​មន្ត្រី​រដ្ឋាភិបាល​កម្ពុ​ជាមួយ​ចំនួន មិន​ឲ្យ​ធ្វើដំណើរ​ចូល​ទឹកដី​អាមេរិក សមាជិក​ព្រឹទ្ធសភា​មួយរូប​នៃ​ប្រទេស​មហាអំណាច​មួយ​នេះ ក៏​ព្រមាន​បន្ថែមថា រដ្ឋាភិបាល​របស់ខ្លួន រួមទាំង​បណ្តា​សម្ព័ន្ធ​មិត្រ​ដទៃទៀត នឹងមិន​ទទួលស្គាល់​លទ្ធផល​បោះឆ្នោត​ឆ្នាំ​២០១៨ ប្រសិនបើ​ឯកឧត្តម កឹម សុខា បន្ត​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​។ មន្ត្រីជាន់ខ្ពស់​រដ្ឋាភិបាល ឆ្លើយតប​ថា ការព្រមាន​នេះ គ្មាន​ឥទ្ធិពល​អ្វី​មកលើ​ប្រទេស​កម្ពុជា​ឡើយ​។



​ប្រសិនបើ​ឯកឧត្តម កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ នៅតែ​ជាប់ឃុំ​ក្នុង​ពន្ធនាគារ រដ្ឋាភិបាល​កម្ពុជា នា​អាណត្តិ​ទី​៦ ដែល​កើតចេញពី​ការបោះឆ្នោត​ថ្នាក់ជាតិ​ក្នុង​ឆ្នាំ​២០១៨ នាពេលខាងមុខ អាច​នឹងមិន​ត្រូវបាន​ទទួលស្គាល់​ដោយ​សហរដ្ឋអាមេរិក​។ នេះ​ជា​សារ​ព្រមាន​ថ្មី​មួយទៀត ដែល​ធ្វើឡើង​ដោយ​លោក ថេត គ្រូ​ស (Ted Cruz) សមាជិក​ព្រឹទ្ធសភា​ដ៏​មាន​ឥទ្ធិពល​មួយរូប​របស់​សហរដ្ឋ​អាមេរិក​។ លោក សង្កត់ធ្ងន់យ៉ាងដូច្នេះថា៖«ជាជំហានដំបូង លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ត្រូវដោះលែងលោក កឹម សុខា ជាបន្ទាន់»។

​ក្រៅពី​ចង់​ឲ្យ​ដោះលែង​ឯកឧត្តម កឹម សុខា លោក ថេត គ្រូ​ស ថែមទាំង​ទាមទារ​ឲ្យ​អង្គការ​ផ្នែក​ប្រជាធិបតេយ្យ បានធ្វើ​សកម្មភាព​ដូច​មុន ហើយ​ស្ថាប័ន​ព័ត៌មាន​មួយចំនួន ដែល​ត្រូវបាន​បិទ​កាលពី​កន្លងមក អាច​បន្ត​ផ្សព្វផ្សាយ​ឡើងវិញ បើ​ពុំ​ដូច្នេះ​ទេ សហរដ្ឋអាមេរិក នឹង​លំបាក​ក្នុងការ​ទទួលស្គាល់​លទ្ធផល​បោះឆ្នោត​នៅ​កម្ពុជា​។ លោក ថេត គ្រូ​ស ដែលជា​អតីត​បេក្ខជន​ប្រធានាធិបតី​នៃ​សហរដ្ឋអាមេរិក​ផង​នោះ បាន​បញ្ជាក់បែបនេះថា​៖«​បើ​មិន​ធ្វើតាម​លក្ខខណ្ឌ​ខាងលើ វា នឹងមិន​អាចទៅរួច​នោះទេ ដែល​អាមេរិក និង​ប្រទេស​ផ្សេងៗ​ទៀត ជា​សម្ព័ន្ធ​មិត្រ​របស់​យើង ត្រូវ​ទទួលស្គាល់​ពី​ភាពស្របច្បាប់​នៃ​ការបោះឆ្នោត [​នៅ​កម្ពុជា​]»​។​

​អ្នកនាំពាក្យ​ទីស្តីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ី​ផាន តប​វិញ​ថា ការបោះឆ្នោត រួមទាំង​វាសនា​ប្រទេសជាតិ​ទាំងមូល គឺ​ត្រូវ​សម្រេច​ដោយ​ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់រូប មិនមែន​សហរដ្ឋអាមេរិក​នោះទេ​។ លោក ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា លោក ថេត គ្រូ​ស គ្រាន់តែ​ជា​សមាជិក​ព្រឹទ្ធសភា​ម្នាក់​ប៉ុណ្ណោះ របស់​សហរដ្ឋអាមេរិក ដូច្នេះ​គ្មាន​ឥទ្ធិពល​អ្វី មកលើ​ការសម្រេចចិត្ត​របស់​ប្រទេស​កម្ពុជា​ឡើយ​។

​ម​ន្រី្ត​ជាន់ខ្ពស់​រដ្ឋាភិបាល​រូបនេះ និយាយ​ខ្លាំងៗ​ថា​៖«​យើង មិន​ទៅ​ឈឺក្បាល​ជាមួយ​បរទេស​ណា​ទេ​»​។

​ការចាប់ផ្តើម​ព្រមាន​សាជាថ្មី​របស់លោក ថេត គ្រូ​ស ខាងលើ គឺធ្វើឡើង​ចំ​ថ្ងៃទី​៩ ខែវិច្ឆិកា ឆ្នាំ​២0១៧​នេះ ជា​ថ្ងៃ​ផុតកំណត់ ដែល​លោក បានស្នើ​ដល់​រដ្ឋាភិបាល​កម្ពុជា កាលពី​កន្លងមក ដើម្បី​ឲ្យ​ដោះលែង​ឯកឧត្តម កឹម សុខា​។ កាលនោះ លោក បាន​អះអាង​ក្នុង​សំណើ​ថា លោក នឹងធ្វើ​កិច្ចការ​ជាមួយនឹង​ស្ថាប័នព្រឹទ្ធសភា និង​រដ្ឋបាល​របស់លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ដើម្បី​ជំរុញ​ឲ្យ​រារាំង​មន្ត្រី​រដ្ឋាភិបាល​កម្ពុ​ជាមួយ​ចំនួន ដែល​បម្រើ​ការងារ​នៅ​ក្រសួងការបរទេស មិន​ឲ្យ​ធ្វើដំណើរ​ទៅកាន់​សហរដ្ឋអាមេរិក ក្នុងករណី​ឯកឧត្តម កឹម សុខា មិន​ត្រូវបាន​ដោះលែង​។ ការព្រមាន​លើក​ទី​ពីរ​របស់លោក ថេត គ្រូ​ស ធ្វើឡើង​តាមរយៈ​សារ ដែល​បង្ហោះ​លើ​បណ្តាញ​ទំនាក់​ទំ​នងធ្វី​ត​ធើ (Twitter) និង​នៅលើ​គេហទំព័រ​របស់ខ្លួន

​ឯកអគ្គរាជទូត​កម្ពុ​ជា ប្រចាំ​សហរដ្ឋអាមេរិក លោក ជុំ ប៊ុន​រ៉ុង បាន​ផ្ញើលិខិត​ដែលមាន​ចំនួន​ពីរ​ទំព័រ ទៅកាន់​លោក ថេត គ្រូ​ស ដើម្បី​ពន្យល់​ពី​ការចាប់ខ្លួន​ឯកឧត្តម កឹម សុខា​។ មិន​ខុសពី​មន្ត្រី​រដ្ឋាភិបាល​នៅក្នុង​ប្រទេស​ប៉ុន្មាន​ទេ លោក ជុំ ប៊ុន​រ៉ុង ប្រា​ប់លោក ថេត គ្រូ​ស ថា មូលហេតុ ដែល​នាំ​ឲ្យ​ចាប់ខ្លួន ព្រោះ​ឯកឧត្តម កឹម សុខា ជាប់​សង្ស័យ​នឹង​អំពើ​ក្បត់ជាតិ​។

​ឯកអគ្គរាជទូត​រូបនេះ បាន​បកស្រាយ​ក្នុង​លិខិត​ថា​៖«​ការចាប់​ឯកឧត្តម កឹម សុខា គឺ​ត្រឹមត្រូវ​យ៉ាង​ពេញលក្ខណ តាមច្បាប់​របស់​ប្រទេស​កម្ពុជា​»​។

​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ក៏បាន​ឆ្លើយតប​នឹង​លោក ថេត គ្រូ​ស ដែរ ទាក់ទង​នឹង​ការដាក់​ឱសានវាទ មកលើ​រដ្ឋាភិបាល​កម្ពុ​ជា ដើម្បី​ឲ្យ​ដោះលែង​ឯកឧត្តម កឹម សុខា​។ លោក បាន​សរសេរ​សារ​ក្នុង​បណ្តាញ​ទំនាក់ទំនង​តេ​ឡេ​ក្រាម (Telegram) ទៅកាន់​ក្រុមអ្នកកាសែត​ថា តុលាការ​កម្ពុជា នៅតែ​បន្ត​ដំណើរការ​ជាធម្មតា ដោយ​គ្មាន​ឧបសគ្គ​អ្វី​ឡើយ ទោះជា​ថ្ងៃទី​៩ ខែវិច្ឆិកា ឆ្នាំ​២0១៧​នេះ ជា​ឱ​សាទ​វាទ​ចុងក្រោយ ដែល​លោក ថេត គ្រូ​ស កំណត់​ឲ្យ​ដោះលែង​ឯកឧត្តម កឹម សុខា ក៏ដោយ​។

​អ្នកនាំពាក្យ​គណបក្ស​កម្ពុជា ដែល​កំពុង​ដឹកនាំ​រដ្ឋាភិបាល​រូបនេះ បាន​សរសេរ​យ៉ាង​ដូច្នេះ​៖«​ការដាក់​ឱសានវាទ​របស់​ព្រឹទ្ធសមាជិក​អាមេរិក ជាការប្រមាថ​ធ្ងន់ធ្ងរ​ដល់​ឆន្ទៈ​របស់​ប្រជាជន​កម្ពុជា​ទូទាំងប្រទេស ហើយក៏​ជា​សកម្មភាព​ជ្រៀត​ជ្រែកចូល​កិច្ចការ​ផ្ទៃក្នុង​កម្ពុជា​ផងដែរ ដែល​ប្រជាជន​កម្ពុជា​មិនអាច​ទទួលយក​បានជា​ដាច់ខាត​»​។

​សូមបញ្ជាក់ថា មិនមែន​តែ​សហរដ្ឋអាមេរិក​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​សហគមន៍​អន្តរជាតិ​ផ្សេងទៀត ក៏បាន​ប្រតិកម្ម​នឹង​ការចាប់ខ្លួន​ឯកឧត្តម កឹម សុខា ដែរ​។ យ៉ាងណាក៏ដោយ រដ្ឋាភិបាល​កម្ពុជា នៅតែ​ប្រកាស​ជំហរ​ថា តុលាការ នៅតែ​ចាត់វិធានការ​ចំពោះ​ឯកឧត្តម កឹម សុខា ទៅតាម​នីតិវិធី ដោយ​មិន​ខ្លាច​សម្ពាធ​ពី​សហគមន៍​អន្តរជាតិ​ឡើយ​។ រហូតមកដល់​ពេលនេះ ឯកឧត្តម កឹម សុខា បាន​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ត្រពាំង​ផ្លុ​ង ក្នុង​ខេត្ត​ត្បូងឃ្មុំ អស់​រយៈពេល​ជាង​ពីរ​ខែ​ហើយ ក្រោម​ការសង្ស័យ​របស់​តុលាការ​ថា ជាប់​ពាក់ព័ន្ធ​នឹង​អំពើ​ក្បត់ជាតិ​៕
អត្ថបទទាក់ទង




Tag:
 កឹម សុខា​
  សុខ ឥសាន​
  ផៃ ស៊ី​ផាន​
  Ted Cruz
© រក្សាសិទ្ធិដោយ thmeythmey.com