ជាតិ
​​​ន​យោ​បាយ​ជាតិ​
សម្ដេច ហ៊ុន សែន មិន​ខ្វល់​ពី​បរទេស ដែល​ព្រមាន​មិន​ទទួលស្គាល់​ការបោះឆ្នោត​នៅ​កម្ពុជា​
10, Nov 2017 , 11:59 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ហាក់​មិន​ខ្វល់​ពី​បរទេស ដែល​មិន​ចង់​ទទួលស្គាល់​ការបោះឆ្នោត​នៅ​កម្ពុជា ដោយសារតែ​បញ្ហា​គណបក្ស​សង្គ្រោះ​ជាតិ​ឡើយ​។ ការលើកឡើង​របស់​ស​ម្ដេច ហ៊ុន សែន នេះ គឺ​ឆ្លើយតប​នឹង​លោក ថេត គ្រូ​ស (Ted Cruz) សមាជិក​ព្រឹទ្ធសភា​អាមេរិក ដែល​ព្រមាន​មិន​ទទួលស្គាល់​ការបោះឆ្នោត​នៅ​កម្ពុជា​។


​relate
​ថ្លែង​នៅ​ពិធី​ជួប​សំណេះសំណាល​ជាមួយ​ក្រុម​នាវា​យុវជន​អាស៊ីអាគ្នេយ៍ នៅ​វិមាន​សន្តិភាព នា​ថ្ងៃទី​១០ វិច្ឆិកា​នេះ លោកនាយក​រដ្ឋមន្ត្រី បានប្រកាស​ជាថ្មី​ថា កម្ពុជា​នឹង​រៀបចំ​ការបោះឆ្នោត ដោយ​ប្រព្រឹត្ត​ទៅតាម​ការ​បរិច្ឆេទ​កំណត់​ដដែល ដោយ​មិន​ផ្លាស់ប្តូរ​ឡើយ​។ ចំពោះ​ប​ដិ​មតិ​ពី​បរទេស​វិញ សម្ដេច ហ៊ុន សែន ក៏​មិន​ព្រួយបារម្ភ​ពី​ការព្រមាន​របស់​ពួកគេ​ដែរ​។ ប្រមុខ​រដ្ឋាភិបាល បាន​ព្រលយ​សម្តី​តប​សមាជិក​ព្រឹទ្ធសភា​អាមេរិក យ៉ាង​ដូច្នេះ​ថា​៖«​ទោះ​ជួយ​(​បរទេស​) ឬ​មិន​ជួយ វា​សំខាន់​នោះទេ​។ ទោះ​ទទួលស្គាល់ ឬ​មិន​ទទួលស្គាល់ ក៏​មិន​សំខាន់​ដែរ ព្រោះ​ការបោះឆ្នោត​នៅ​កម្ពុជា​អនុវត្តតាម​រដ្ឋធម្មនុញ្ញ ដែល​ចែង​អំពី​ការទទួលស្គាល់​របស់​ព​ល​រដ្ឋ ដូច្នេះ​ឲ្យ​តែ​ពលរដ្ឋ​កម្ពុជា​ទទួលស្គាល់​គឺ​គ្រប់គ្រាន់​ហើយ​…​។​

​ការបោះឆ្នោត​ជ្រើសរើស​សមាជិក​ព្រឹទ្ធសភា នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី ២៥ កុម្ភៈ ឆ្នាំ​២០១៨ ។ រីឯ​ការបោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​រដ្ឋសភា នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី ២៩ កក្កដា ឆ្នាំ​២០១៨​។ នេះ​ជាការ​កំណត់ដោយ​រដ្ឋាភិបាល​។​

​ក្រៅពី​ការមិន​ព្រួយបារម្ភ​នេះ នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​លើក​ករណី​មេដឹកនាំ​បក្សប្រឆាំង​ចំអក​ទៅ​លោក ថេត គ្រូ​ស វិញ​ថា ការចាប់ខ្លួន​ឯកឧត្តម កឹម សុខា ពីបទ​ក្បត់ជាតិ គឺ​មិន​ខុសពី​សហរដ្ឋអាមេរិក​ចាប់ខ្លួន​លោក ផូ​ល ម៉ា​ណា​ហ្វ​ត អតីត​ប្រធាន​យុទ្ធនាការ​បោះឆ្នោត​របស់ លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ដែល​ត្រូវ​ជាប់ចោទ​ពីបទ​ឃុបឃិត​បរទេស​ប្រឆាំងនឹង​សហរដ្ឋអាមេរិក កាលពីពេល​ថ្មីៗ​នេះឡើយ​។​

​ការ​ចំអក​របស់​ប្រមុខ​រដ្ឋាភិបាល​នេះ ធ្វើឡើង​ក្រោយពី​លោក ថេត គ្រូ​ស (Ted Cruz) សមាជិក​ព្រឹទ្ធសភា​ដ៏​មាន​ឥទ្ធិពល​មួយរូប​របស់​សហរដ្ឋ​អាមេរិក បាន​និយាយថា ការបោះឆ្នោត​អាណត្តិ​ទី​៦ ក្នុង​ឆ្នាំ​២០១៨ នៅ​កម្ពុជា​ខាងមុខនេះ នឹង​គ្មាន​ការទទួលស្គាល់​ពី​អាមេរិក​ឡើយ ប្រសិនបើ​ឯកឧត្តម កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ នៅតែ​ជាប់ឃុំ​ក្នុង​ពន្ធនាគារ ៕

Tag:
 ហ៊ុន សែន
 ​ បោះឆ្នោត
© រក្សាសិទ្ធិដោយ thmeythmey.com