កីឡាជាតិ
ជាតិ
ទោះ​ឈ្នះ តែ​គ្រូ​មី​យ៉ាន់​ម៉ា ថា​កម្ពុជា​លេង​ល្អ​
10, Nov 2017 , 1:54 pm        
រូបភាព
ដោយ:
​ក្រុម​មី​យ៉ាន់​ម៉ា​បានឈ្នះ​កម្ពុជា ២-១ នា​ជំនួប​មិត្តភាព​អន្តរជាតិ​កាលពី​ល្ងាច​ថ្ងៃទី​៩ វិច្ឆិកា នៅ​ពហុ​កីឡដ្ឋាន​ជាតិ​។ គ្រូបង្វឹក​ក្រុម​មី​យ៉ាន់​ម៉ា​លោក Gerd Zeise បានចាត់ទុក​ជ័យជម្នះ​របស់​មី​យ៉ាន់​កើតចេញពី​សំណាង ព្រោះ​កម្ពុជា​មានឱកាស​ស៊ុត​បញ្ចូល​ទី​ច្រើនតែ​មិន​ធ្វើបាន​សម្រេច​។ តែ​យ៉ាងណា លោក ស្នើ​ឲ្យ​អ្នកគាំទ្រ​កម្ពុជា​កុំ​ផ្តោតលើ​តែ​លទ្ធផល​ត្រូវផ្តោត​លើ​ទម្រង់​លេង​។



​គ្រូបង្វឹក​ក្រុម​មី​យ៉ាន់​ម៉ា​លោក Gerd Zeise បានចាត់ទុក​ជ័យជម្នះ ២-១ លើ​ក្រុម​កម្ពុជា​ជា​សំណាង​របស់​ក្រុម​លោក​។ ការចាត់ទុក​បែបនេះ​ដោយសារ លោក យល់ថា​កម្ពុជា​ជា​ក្រុម​ដែលមាន​ទម្រង់​លេង និង​ការសហការ​ល្អ​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​តាមរយៈ​ការបង្កើត​ឱកាស​មាស​យ៉ាង​ច្រើនដង​មកលើ​មី​យ៉ាន់​ម៉ា តែ​សំណាង​ធ្វើ​មិនបាន​សម្រេច​។


      លោក Gerd Zeise គ្រូបង្វឹកមីយ៉ាន់ម៉ាក្នុងសន្និសីទសារព័ត៌មានក្រោយការប្រកួត

​ទោះបី​យ៉ាងនេះ​ក្តី​គ្រូបង្វឹក​សញ្ជាតិ​អាល្លឺម៉ង់​រូបនេះ បានចាត់ទុក​ការមិនអាច​សម្រេច​ឱកាស​មាស​ជា​ចំណុចខ្សោយ​របស់​កម្ពុជា​ដែល​ត្រូវ​កែតម្រូវ ហើយ​ការខ្វះ​ការប្រុងប្រយ័ត្ន​ចំណុចកណ្តាល​ក៏​ជា​កត្តា​ប្រឈម​របស់​កម្ពុជា​ផងដែរ​។ ទន្ទឹមនឹង​ការសម្តែង​ភាព​រីករាយ​ជាមួយ​ជ័យជម្នះ លោក Gerd Zeise ក៏​សប្បាយរីករាយ​ផងដែរ​ដែល​បាន​ប្រកួត​មិត្តភាព​អន្តរជាតិ​ជាមួយ​កម្ពុជា​។​

​ទន្ទឹមនឹងនេះ​គ្រូបង្វឹក​មី​យ៉ាន់​ម៉ា​រូបនេះ ស្នើ​ឲ្យ​អ្នកគាំទ្រ​កម្ពុជា​កុំ​ផ្តោត​តែ​លើ​លទ្ធផល ពោលគឺ​ត្រូវផ្តោត​ទម្រង់​ប្រកួត បច្ចេកទេស និង​សមត្ថភាព​។ ការស្នើ​នេះ​ដោយសារ​លោក​មើលឃើញថា​កម្ពុជា​ជា​ក្រុម​មួយ​ដែលមាន​ការរីកចម្រើន​ខ្លាំង​ទាំង​ទម្រង់​លេង និង​បច្ចេកទេស​បើ​ធៀប​ទៅនឹង​ការប្រកួត​កាលពីពេល​កន្លងទៅ​។​

​ជាមួយគ្នានេះ​គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​កម្ពុជា លោក ប្រាក់ សុវណ្ណារ៉ា ទទួលស្គាល់ថា ក្រុម​លោក​ពិតជា​នៅមាន​ចំណុច​ច្រើន​ទាំង​តំបន់​ការពារ​និង​ប្រយុទ្ធ​។ ទន្ទឹង​នឹង​ការសោកស្តាយ​សម្រាប់​ការបរាជ័យ​គ្រូបង្វឹក​រូបនេះ​ក៏បាន​បង្ហាញ​ការសោកស្តាយ​ផងដែរ​ចំពោះ​អ​វត្ត​មានកីឡាករ រស់ សំអឿន ដែល​លោក​ត្រៀម​ដាក់​ក្នុង​ជម្រើស​១១​នាក់​ដំបូង​។


       លោក ប្រាក់ សុវណ្ណារ៉ា ពេលចូលរួមសន្និសីទសារព័ត៌មានក្រោយការប្រកួត

«​ខ្ញុំ​ទទួលស្គាល់ថា​តំបន់​ការពារ​យើង​នៅមាន​ចំណុចខ្សោយ​ច្រើន​ដោយសារ​សមត្ថភាព​កីឡាករ​យើង​នៅមានកម្រិត​។ ថ្ងៃនេះ​ខ្ញុំ​ក៏មាន​ចំណុច​ដ៏​គួរ​ឲ្យ​សោកស្តាយ​ផងដែរ​ដោយសារ​កីឡាករ រស់ សំអឿន មាន​របួស​ក្រលៀន​មិនអាច​ចូល​លេង​បាន យើង​បាន​ឲ្យ​គាត់​កំដៅ​សាច់ដុំ​តែ​យើង​មើលឃើញថា​គាត់​មិនអាច​លេង​បាន​នោះទេ ដូច្នេះ​ខ្ញុំ​ក៏បាន​សម្រេចចិត្ត​ដូរ​គាត់​ភ្លាមៗ​នេះ​ជា​អ្វីដែល​គួរ​ឲ្យ​សោកស្តាយ ព្រោះ​គាត់​ជា​កីឡាករ​ដែល​តែងតែ​ស្ថិតក្នុង​ជម្រើស​១១​នាក់​ដំបូង​»​។ នេះ​ជាការ​លើកឡើង​របស់លោក ប្រាក់ សុវណ្ណារ៉ា ដែល​បាន​មើលឃើញ​ពី​ចំណុច​ខ្វះខាត​របស់​កីឡាករ​ក្រោយ​ចាញ់​មី​យ៉ាន់​ម៉ា ២-១៕ 

​លោក​បាន​បន្ថែមថា​៖«​ខ្ញុំ​សូម​អរគុណ​កីឡាករ​ទាំងអស់​ដែល​បាន​ខិតខំ​ប្រឹងប្រែង​ខ្លាំង​តាំងពី​វគ្គ​ទី​១​ដល់​វគ្គ​ទី​២ យើង​ឃើញថា​គេ​នាំមុខ​ជានិច្ច​តែ​យើង​បាន​តាម​ស្មើ​នៅ​វគ្គ​ទី​១​ចូលដល់​វគ្គ​ទី​២​គេ​នាំមុខ​ទៀត ហើយ​យើង​ក៏មាន​ឱកាស​ស៊ុត​បញ្ចូល​ទី​ច្រើន​ដែរ​តែ​ធ្វើ​មិនបាន​សម្រេច ដូច្នេះ​ខ្ញុំ​មិនដឹង​និយាយថា​ម៉េច​ទេ ព្រោះ​វា​ជាការ​ប្រកួត​បាល់ទាត់​»៕



Tag:
 បាល់ទាត់​
  ប្រាក់ សុវណ្ណារ៉ា​
  Gerd Zeise
© រក្សាសិទ្ធិដោយ thmeythmey.com