ជាតិ
សេដ្ឋកិច្ច
ចិន​ផ្ដល់ជំនួយ​គ្លីនិក​ចល័ត ៤០​គ្រឿង និង​ឡ​ជីវឧស្ម័ន ១៥០០​ឡ​
10, Nov 2017 , 9:59 pm        
រូបភាព
រូបភាពពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
រូបភាពពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
ដោយ:
​ភ្នំពេញ​៖ ប្រទេស​ចិន​បាន​ព្រមព្រៀង​ផ្ដល់​គ្លីនិក​ចល័ត​ចំនួន ៤០​គ្រឿង និង​ឡ​ជីវឧស្ម័ន​ចំនួន ១៥០០​ឡ ដល់​កម្ពុជា ក្នុង​ក្របខណ្ឌ​ជំនួយឥតសំណង​។ នេះ​បើតាម​សេចក្ដីប្រកាស​ព័ត៌មាន​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​។



​លិខិត​ប្ដូរ​សារ​ផ្ដល់​សម្ភារ​ទាំងនេះ ត្រូវបាន​ចុះហត្ថលេខា​ដោយ​លោក វ​ង្សី វិស្សុត រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ក្នុងនាម​រដ្ឋាភិបាល​ក​ម្ពុ​ជា និង​លោក Wang Bingnan អនុរដ្ឋមន្ត្រី​ក្រសួងពាណិជ្ជកម្ម​របស់​ចិន នៅ​ថ្ងៃទី​៩​ខែវិច្ឆិកា​។​

​ការផ្ដល់​ជំនួយ​របស់​រដ្ឋាភិបាល​ចិន​នៅពេលនេះ គឺ​កើតចេញពី​លទ្ធផល​ដំណើរ​ទស្សនកិច្ច​ផ្លូវរដ្ឋ​របស់លោក ស៊ី ជីន​ពីង ប្រធានាធិបតី​សាធារណរដ្ឋ​ប្រជាមានិត​ចិន នៅ​កម្ពុជា កាលពី​ខែតុលា​ឆ្នាំ​២០១៦ កន្លងទៅ ដែល​ប្រទេស​ចិន​បាន​សន្យា​ផ្ដល់​ហិរញ្ញប្បទាន​ឥត​សំណង​ដល់​កម្ពុជា នូវ​ទឹកប្រាក់​សរុប ៣៦០០​លាន​យ៉​ន់ ត្រូវ​នឹង​ប្រមាណ ៥៥០​លាន​ដុល្លារ​អាមេរិក សម្រាប់​រយៈពេល​បី​ឆ្នាំ​គឺ​ពី​ឆ្នាំ​២០១៦ ដល់​ឆ្នាំ​២០១៨ ។​

​សេចក្ដីប្រកាស​ព័ត៌មាន​បាន​ឲ្យ​ដឹងថា គ្លីនិក​ចល័ត​ចំនួន ៤០​គ្រឿង និង​សម្ភារ​បរិក្ខារ នឹងត្រូវ​យកទៅ​ផ្គត់ផ្គង់​តាម​រាជធានី ខេត្ត​ទាំង ២៥ ដែល​នឹង​បង្ខិត​សេវា​សុខាភិបាល​កាន់តែ​ជិត និង​មាន​ប្រសិទ្ធភាព​ជូន​ប្រជាពលរដ្ឋ​តាម​ទី​ដាច់ស្រយាល​។ រីឯ ជំនួយ​ឡ​ជីវឧស្ម័ន ១៥០០ ឡ នឹងត្រូវ​ធ្វើការ​សាងសង់​នៅ​ខេត្ត​ចំនួន ៧ រួមមាន ខេត្ត​ត្បូងឃ្មុំ កំពង់ឆ្នាំង ព្រៃវែង ស្វាយរៀង កំពង់ចាម និង​ខេត្តពោធិ៍សាត់ ដែល​នឹង​ជួយ​ដល់​ប្រជាកសិករ​ក្នុងការ​បំប្លែង​ឧស្ម័ន​ពី​លាមក​សត្វ​យកមក​ចំ​ម្អិ​ន​អាហារ ហើយ​កាកសំណល់​ក្នុង​ឡ​ធ្វើជា​ជី​សម្រាប់​ដំណាំ​៕


Tag:
 គ្លីនិក​ចល័ត​
 ​ឡ​ជីវឧស្ម័ន​
© រក្សាសិទ្ធិដោយ thmeythmey.com