ជាតិ
ចៅក្រម​ស៊ើបសួរ នឹង​ទៅ​សួរចម្លើយ​ឯ​.​ឧ កឹម សុខា ដល់​ត្រពាំង​ផ្លុ​ង នៅ​ចុងខែ​នេះ​
10, Nov 2017 , 7:59 pm        
រូបភាព
រូបភាព៖ លោក សំ សុគង់ មេធាវីមួយរូបរបស់ឯកឧត្តម កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ផ្តល់បទសម្ភាសដល់ក្រុមអ្នកកាសែត នៅមុខតុលាការកំពូល កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៧
រូបភាព៖ លោក សំ សុគង់ មេធាវីមួយរូបរបស់ឯកឧត្តម កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ផ្តល់បទសម្ភាសដល់ក្រុមអ្នកកាសែត នៅមុខតុលាការកំពូល កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៧
​ភ្នំពេញ​៖ លោក គី ឫទ្ធី ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ នឹងធ្វើ​ដំណើរ​ទៅកាន់​ពន្ធនាគារ​ត្រពាំង​ផ្លុ​ង ក្នុង​ខេត្ត​ត្បូងឃ្មុំ ដើម្បី​សាកសួរ​ឯកឧត្តម កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​កំពុង​ជាប់ឃុំ​នៅ​ទីនោះ អស់​រយៈពេល​ជាង​២​ខែ​មកហើយ ក្រោម​ការសង្ស័យ​ពី​អំពើ​ក្បត់ជាតិ​។



​លោក គី ឬ​ទ្ធី ក៏បាន​បញ្ជូន​ដីកា​របស់ខ្លួន ទៅកាន់​ក្រុម​មេធាវី​របស់​ឯកឧត្តម កឹម សុខា ផងដែរ ដើម្បី​ឲ្យ​ចូលរួម​ក្នុងការ​សាកសួរ​នេះ​។ លោក សំ សុ​គង់ មេធាវី​មួយរូប​របស់​ឯកឧត្តម កឹម សុខា បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា លោក បានទទួល​ដីកា​នោះ​ហើយ ហើយនឹង​ចូលរួម​ស្តាប់​ការសាកសួរ តាម​ការកោះហៅ​។

​លោក សំ សុ​គង់ មិន​បកស្រាយ​នោះទេ​ថា ហេតុអ្វី​បានជា​ចៅក្រម​ស៊ើបសួរ មិន​ព្រម​ដឹក​ឯកឧត្តម កឹម សុខា ទៅកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ តែ​បែរជា​សុខចិត្ត​ធ្វើដំណើរ​ទៅ​សួរចម្លើយ​ដល់​មន្ទីរ​ឃុំខ្លួន​ដោយផ្ទាល់​ទៅវិញ​។  លោក និយាយ​យ៉ាង​ដូច្នេះ​ថា​៖«​ចៅក្រម​ស៊ើបសួរ មិន​ប្រាប់​មូលហេតុ​ទេ អ៊ីចឹង យើង​ក៏​មិនដឹង​ច្បាស់​ដែរ​។ តែ​ពួកយើង ជា​មេធាវី នៅតែ​ចង់​ឲ្យ​យក​គាត់​មក​សួរ​នៅ​តុលាការ​វិញ ទើប​ប្រសើរ​ជាង ព្រោះ​តាម​នីតិវិធី ការ​ស៊ើបសួរ ត្រូវធ្វើ​ក្នុង​បរវេ​ណ​តុលាការ​»​។

​កាលពី​សំណុំរឿង​ក្នុង​ដៃ​ព្រះរាជអាជ្ញា ក៏​ព្រះរាជអាជ្ញា បាន​ទៅ​សួរ​ឯកឧត្តម កឹម សុខា ដល់​ពន្ធនាគារ​ត្រពាំង​ផ្លុ​ង​ដូចគ្នា​។ ហើយ​ម្យ៉ាងទៀត ការបើក​សវនាការ​នៅ​សាលាឧទ្ធរណ៍​និង​នៅ​តុលាការ​កំពូល​កន្លងមក ទាក់ទង​នឹង​បណ្តឹង​របស់​ក្រុម​មេធាវី ដែល​សុំ​ជំទាស់​នឹង​ការឃុំខ្លួន​ឯកឧត្តម កឹម សុខា ក៏​ឯកឧត្តម កឹម សុខា មិនត្រូវ​បាន​ដឹក​ទៅ​ឲ្យ​ចូលរួម​ដែរ​។

​ព្រោះតែ​សង្ស័យថា ឯកឧត្តម កឹម សុខា ជាប់​ពាក់ព័ន្ធ​នឹង​អំពើ​ក្បត់ជាតិ ទើបបានជា​តុលាការ ដឹកនាំ​កម្លាំង​សមត្ថកិច្ច​ចុះទៅ​ចាប់ខ្លួន​ដល់​គេហដ្ឋាន កាលពី​យប់​ថ្ងៃទី​២ ឈានចូល​ថ្ងៃទី​៣ ខែកញ្ញា ឆ្នាំ​២0១៧​។ តុលាការ យក​វីដេអូ​ឃ្លី​ប​មួយ ដែល​ឯកឧត្តម កឹម សុខា បាន​និយាយ​តាំង​ប៉ុន្មាន​ឆ្នាំមុន ទៅធ្វើជា​អង្គហេតុ​ក្នុងការ​ចាប់ខ្លួន និង​ដាក់​ឯកឧត្តម កឹម សុខា ឲ្យ​ស្ថិតនៅក្រោម​ការសង្ស័យថា បាន​ឃុបឃិត​ជាមួយ​បរទេស​ជាសម្ងាត់ ដើម្បី​ផ្តួលរំលំ​រដ្ឋាភិបាល​កម្ពុជា​។

​ក្នុង​វីដេអូ​ឃ្លី​ប​នោះ ឯកឧត្តម កឹម សុខា បាន​និយាយ​ទៅកាន់​អ្នកគាំទ្រ​ថា ខ្លួន​មាន​អ្នកជំនាញ​ជា​ជនបរទេស​នៅ​ពីក្រោយ ដើម្បី​ជួយ​ជ្រោមជ្រែង ក្នុងការ​ផ្លាស់ប្តូរ​មេដឹកនាំ​កនៅ​កម្ពុជា​។ ក្តី​សង្ស័យ​លើ​ឯកឧត្តម កឹម សុខា ជុំវិញ​អំពើ​ក្បត់ជាតិ ត្រូវបាន​ក្រសួងមហាផ្ទៃ យកទៅ​ផ្សារភ្ជាប់​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ​ទាំងមូល​។

​ក្រសួងមហាផ្ទៃ យល់ថា គណបក្ស​សង្គ្រោះ​ជាតិ ក៏​អាច​ជាប់ទាក់ទង​នឹង​អំពើ​ក្បត់ជាតិ ដូច​ឯកឧត្តម កឹម សុខា ដែរ ទើប​ដាក់​បណ្តឹង​ទៅកាន់​តុលាការ​កំពូល ដើម្បី​សុំ​ឲ្យ​រំលាយចោល​។ នៅ​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២0១៧​នេះ តុលាការ​កំពូល នឹង​បើកសវនាការ​លើ​បណ្តឹង​សុំ​ឲ្យ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​៕


Tag:
 កឹម សុខា​
  CNRP
  តុលាការ​
  មេធាវី​
© រក្សាសិទ្ធិដោយ thmeythmey.com