កីឡាជាតិ
ជាតិ
វីរ​កីឡាការិនី កែ ឡេង ឈ្នះ​មេដាយមាស​ពិភពលោក​មួយទៀត​ហើយ​!
10, Nov 2017 , 11:17 pm        
រូបភាព
​កីឡាការិនី កែ ឡេង ទទួលបាន​មេដាយមាស​ពិភពលោក​មួយទៀត ពី​ព្រឹត្តិការណ៍ 16th Women Petanque World Championship ដែល​រៀបចំ​នៅ​ក្រុង Kaihua ខេត្ត Zhejiang ប្រទេស​ចិន ពីថ្ងៃ​ទី​៨ ដល់​ថ្ងៃទី​១២ ខែវិច្ឆិកា​។ នេះ​ជា​មេដាយមាស​ពិភពលោក​​​៣លើកជាប់គ្នា​​របស់​វីរ​កីឡាការិនី​កម្ពុជា កែ ឡេង បន្ទាប់​រកបាន​លើកដំបូង​នៅ​ឆ្នាំ​២០១៣​ក្នុងប្រទេស​បារាំង និង​លើក​ទី​ពីរ​នៅ​ឆ្នាំ​២០១៥​នៅ​ប្រទេស​ថៃ​។​

 
​សម្រាប់​ការប្រកួត​លើ​វិញ្ញាសា​វាយយក​ពិន្ទុ (Shooting) នៅ​វគ្គ​ជម្រុះ​ដែលមាន​កីឡាការិនី​ចូលរួម​៤៣​នាក់ កីឡាការិនី​កែ ឡេង រកបាន​ពិន្ទុ​ខ្ពស់​ជាងគេ​រហូតដល់​ទៅ​៤៦​ពិន្ទុ ។ កែ ឡេង ឡើងទៅ​កាន់​វគ្គ​បន្ត​ដោយ​ស្វ័យប្រវត្តិ​ជាមួយ​កីឡាការិនី​អាល់​ហ្សេ​រី Djabri Nadia (៣៥​ពិន្ទុ​) កីឡាការិនី​អ៊ីតាលី Romeo Vanessa (៣៥​ពិន្ទុ​) និង​កីឡាការិនី​ឥណ្ឌូណេស៊ី Anissa Alfath (៣៤​ពិន្ទុ​) ។​
 
​ជាមួយគ្នានេះ កីឡាការិនី​អាល្លឺម៉ង់ Beil Luzia កីឡាការិនី​ថៃ Wongchuvej Phantipha កីឡាការិនី​តួ​ក​គី Caputlu Hulal និង​កីឡាការិនី​ម៉ា​ដា​ហ្គា​ស្កា Randriamabahiny Cicine បាន​ឱកាស​ទៅ​វគ្គ​បន្ត ក្រោយ​រក​បានពិន្ទុ​មានប្រៀប​លើ​ក្រុម​ចំនួន​១២​ផ្សេងទៀត​នៅ​វគ្គ Repechage​។​
 
​ឈានដល់​វគ្គ​១/៤​ផ្តាច់ព្រ័ត្រ កីឡាការិនី កែ ឡេង បាន​យកឈ្នះ​កីឡាការិនី​ម៉ា​ដា​ហ្គា​ស្កា Randriamabahiny Cicine ៤៧-២៦ ហើយ​បន្ត​ទម្លាក់​កីឡាការិនី​អាល្លឺម៉ង់ Beil Luzia ៣២-២១ នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ មុននឹង​ទទួលជោគជ័យ​យ៉ាង​ធំធេង​ជូន​ជាតិ​បន្ថែមទៀត​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ តាមរយៈ​ការបំបាក់​កីឡាការិនី​ថៃ Wongchuvej Phantipha ៤៣-៣៨ ៕
 
 

Tag:
 កែ ឡេង
  ប៉េតង់
© រក្សាសិទ្ធិដោយ thmeythmey.com