អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
សមាជិក​សេសសល់​នៃ​កិច្ចព្រមព្រៀង TPP សម្រេចចិត្ត​ទៅមុខ ដោយ​គ្មាន​អាមេរិក​
11, Nov 2017 , 3:52 pm        
រូបភាព
ប្រទេស​សមាជិក​កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​អន្តរ​ប៉ាស៊ីហ្វិក (TPP) បាន​ឯកភាព​លើ​គោលការណ៍​គ្រឹះ​ដើម្បី​បន្តដំណើរ​ទៅមុខទៀត ទោះជា​អាមេរិក​សម្រេចចិត្ត​ដើរ​ចេញពី​កិច្ច​ព្រម​ពៀង​នេះហើយ​ក៏ដោយ​។ ដំបូង​គេ​គិតថា​ការដកខ្លួន​របស់​អាមេរិក នឹងធ្វើ​ឲ្យ​កិច្ចព្រមព្រៀង​ឆ្លង​មហាសមុទ្រ​ប៉ាស៊ីហ្វិក​មួយ​នេះ​បរាជ័យ ប៉ុន្តែ​សមាជិក​នៅ​សេសសល់​មាន​ជប៉ុន​ជាដើម បាន​ព្យាយាម​ស្រោចស្រង់​ស្ថានការណ៍ ដើម្បី​ឲ្យ​កិច្ចព្រមព្រៀង TPP ទៅមុខទៀត​។​

 
​រដ្ឋមន្ត្រី​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​នៃ​សមាជិក​កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​អន្តរ​ប៉ាស៊ីហ្វិក (TPP) បាន​ជួបប្រជុំគ្នា​នៅក្រៅ​ជំនួប​កិច្ច​សហប្រតិបត្តិ​សេដ្ឋកិច្ច​អាស៊ី​ប៉ាស៊ីហ្វិក (APEC) នៅ​ទីក្រុង​ដា​ណា​ង ប្រទេស​វៀតណាម​។ ក្រោយ​ការចរចា​ដ៏​តឹងតែង​អស់​ពេល​ជាច្រើន​ថ្ងៃ សមាជិក TPP ទាំង​១១ ប្រទេស​បាន​មូល​មាត់​ក្នុងការ​បន្តជីវិត​រប​ស់ TPP ដែល​ស្ទើរតែ​បាត់បង់​ដោយ​ការចាកចេញ​របស់​អាមេរិក​ក្រោម​រដ្ឋបាល​លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ។​
 
​រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​វៀតណាម Tran Tuan Anh បាន​និយាយ​ក្នុង​សន្និសីទ​សារព័ត៌​មាននៅ​ថ្ងៃទី​១១ ខែ​វិ​ច្ឆ​កា ថា យើង​បាន​ជម្នះ​ឧបសគ្គ​លំបាក​ជាងគេ​ហើយ​។ បើតាម​រដ្ឋមន្ត្រី​រូបនេះ កិច្ចព្រមព្រៀង TPP នឹងត្រូវ​ប្ដួ​រ​ឈ្មោះ​ថ្មី​ទៅជា​កិច្ចព្រមព្រៀង​គ្រប់​ជ្រុងជ្រោយ និង​ជឿនលឿន​សម្រាប់​ភាពជា​ដៃគូរ​អន្តរ​ប៉ាស៊ីហ្វិក (CPTPP) ។ ចំណែក​រដ្ឋមន្ត្រី​សេដ្ឋកិច្ច​ជប៉ុន Toshimitsu Motegi សង្ឃឹមថា ការ​ទៅមុខ​របស់​ប្រទេស​ទាំង​១១ អាចធ្វើ​ឲ្យ​អាមេរិក​ត្រឡប់ក្រោយ​វិញ​បាន​។ 
 
​ក្រោយ​ការប្រកាស​ដកខ្លួន​រប​ស់​អាមេរិក ជប៉ុន​បាន​ប្រឹងប្រែង​យ៉ាងខ្លាំង​ដើម្បី​ឲ្យ​កិច្ចព្រមព្រៀង TPP ទៅមុខទៀត ខណៈដែល​សមាជិក​ខ្លះ​ក៏មាន​ការប្ដេជ្ញាចិត្ត​ដូច​ជប៉ុន គឺ​គ្មាន​អាមេរិក ក៏​គ្មាន​បញ្ហា​។ ប៉ុន្តែ​សមាជិក​ខ្លះទៀត​នៅតែ​ចង់​ឲ្យ​អាមេរិក​វិលត្រឡប់​វិញ​។ តាមពិតទៅ មួយផ្នែក​នៃ​ការប្រឹងប្រែង​របស់​ជប៉ុន គឺ​ដើម្បី​ទប់ទល់​ឥទ្ធិពល​របស់​ចិន ដែល​កើនឡើង​យ៉ាងខ្លាំង​នៅក្នុង​តំបន់ និង​នៅលើ​ពិភពលោក​ផងដែរ​។​
 
​លោក Motegi និយាយថា ដើម្បី​សម្រេច​ឲ្យ​បាន​កិច្ចព្រមព្រៀង​ខាងលើ ចំណុច​សំខាន់​ចំនួន​២០ នៃ​កិច្ចព្រមព្រៀង​ដើម ត្រូវបាន​ព្យួរ​សិន​។ យ៉ាងណាមិញ កិច្ចព្រមព្រៀង​ថ្មី ត្រូវ​រង់ចាំ​សច្ចាប័ន​ពី​សមាជិក​ចំនួន​៦ ក្នុងចំណោម​១១ ប្រទេស ទើប​អាច​អនុវត្តតាម​។ នេះ​បើតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters ។​
 
​យ៉ាងណាក្ដី ដំណើរការ​ទៅមុខ​នៃ​ការចរចា​ក្រោម​កិច្ចព្រមព្រៀង​ថ្មី កំពុងស្ថិត​ក្នុងស្ថានភាព​មិន​ច្បាស់លាស់ ព្រោះតែ​កាណាដា ដែលជា​ប្រទេស​មាន​សេដ្ឋកិច្ច​ធំ​ទី​ពីរ​បន្ទាប់ពី​ជប៉ុន​ក្នុងចំណោម​១១​ប្រទេស ហាក់​មាន​ជំហរ​ផ្ទុយ​ពី​សមាជិក​ផ្សេង​។ ការធានា​ការងារ​សម្រាប់​ប្រជាជន ការកាត់បន្ថយ​របាំង​ពន្ធ ការការពារ​បរិស្ថាន សិទ្ធិ​កម្មករ និង​កម្មសិទ្ធិបញ្ញា គឺជា​ចំណុចក្ដៅ​ក្នុង​ការចរចា ក្រោយ​ការដកខ្លួន​របស់​អាមេរិក​៕
 

Tag:
 TPP
  អាមេរិក​
  ដូ​ណា​ល់ ត្រាំ
© រក្សាសិទ្ធិដោយ thmeythmey.com