ជាតិ
សេដ្ឋកិច្ច
​ត្រីមាស​ទី​១ កម្ពុជា​នាំចេញ​ផលិតផល​វាយ​ន​ភណ្ឌ ៣,៧​ពាន់​លាន​ដុល្លារ​
11, Nov 2017 , 9:59 pm        
រូបភាព
លោក អ៊ិត សំហេង រូបពីហ្វេសប៊ុកក្រសួងការងារ
លោក អ៊ិត សំហេង រូបពីហ្វេសប៊ុកក្រសួងការងារ
ដោយ:
 ការនាំចេញ​ផលិតផល​វាយ​ន​ភណ្ឌ សម្លៀកបំពាក់ និង​ស្បែក​ជើងមាន​ទំហំ​ទឹកប្រាក់​ជាង ៣៧៣០​លាន​ដុល្លារ កើនឡើង​ជិត​៧​ភាគរយ នៅក្នុង​ឆមាស​ទី​១ ឆ្នាំ​២០១៧​។ នេះ​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន​កម្ពុជា​(AKP) ដែល​បាន​ស្រង់​សម្តី លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​។ លោក​ប្រាប់ថា ចាប់តាំងពី​ឆ្នាំ​២០០០​មក ការនាំចេញ​ផលិតផល​វាយនភ័ណ្ឌ​កម្ពុជា​កើន​ឡើងជា​លំដាប់ ចាប់ពី​ទឹកប្រាក់​ជិត ១​ពាន់​លាន​ដុល្លារ ដល់​ជាង ៧៣២១​លាន​ដុល្លារ​នៅ​ឆ្នាំ​២០១៦​។​

 
​បើតាម​លោក អ៊ិត សំហេង ដែល​ស្រង់​សម្តី​ដោយ AKP  កំណើន​ការនាំចេញ​នេះ ដោយសារ​បណ្ដា​ក្រុមហ៊ុន​បញ្ជា​ទិញ ពេញចិត្ត​ខ្លាំង​សម្លៀកបំពាក់ ស្បែកជើង និង​សម្ភារ​របស់​កម្ពុជា​។​«​ពីព្រោះ​ផលិតផល​ទាំងអស់នេះ នៅតែ​ជា​ផលិតផល​ស្អាតស្អំ គ្មាន​ការកេងប្រវ័ញ្ច គ្មាន​ការរំលោភ​កម្លាំង​ពលកម្ម និង​គោរព​យ៉ាង​ត្រឹមត្រូវ​តាម​លក្ខ​ណ្ឌ​ការងារ មិនតែប៉ុណ្ណោះ កម្ពុជា​បាន​ផ្គត់ផ្គង់​គ្រប់គ្រាន់ ទៅតាម​តម្រូវការ​ទីផ្សារ​ផងដែរ​»​។ នេះ​ជាស​ម្តី​លោក អ៊ិត សំហេង​។​
 
​ទន្ទឹមនេះ រាជរដ្ឋាភិបាល​កម្ពុជា បាន​ប្ដេជ្ញា​បន្ត​យន្តការ និង​អនុវត្ត​លក្ខ​ណ្ឌ​ការងារ​នានា​របស់​អ្នកបញ្ជា​ទិញ ចំពោះ​កម្មករ និយោជិត និង​ផ្ដល់ជូន​នូវ​អត្ថប្រយោជន៍​ជាច្រើន​ដល់ក​ម្មករ និយោជិត ដូចជា ការផ្ដល់ជូន​របប​ហានិភ័យ​ការងារ របប​ថែទាំ​សុខភាព និង​ធានារ៉ាប់រង​ផ្សេងៗ ។ នេះ​បើតាម​រដ្ឋមន្ត្រី​ការងារ ដែល​បន្តថា នៅ​ឆ្នាំ​២០១៩​ខាងមុខ រដ្ឋាភិបាល នឹង​ផ្ដល់​របប​សោធន​និវត្តន៍​មួយ​ថ្មី​ទៀត​ជូន​កម្ម​និយោជិត ដើម្បី​ឲ្យ​ពួកគេ​ទទួលបាន​ប្រាក់​ចូលនិវត្តន៍ ដូច​មន្ត្រីរាជការ​ដែរ​។  
 
​សូមបញ្ជាក់ថា ប្រាក់​ឈ្នួល​អប្បបរមា​របស់​កម្ម​ករ​និយោជិត​កម្ពុជា ក្នុង​វិស័យ​កាត់ដេរ​នេះ កើន​ឡើងជា​លំដាប់ ចាប់ពី​៤៥​ដុល្លារ នៅ​ឆ្នាំ​១៩៩៧ រហូតដល់​១៥៣​ដុល្លារ ក្នុង​ឆ្នាំ​២០១៧​នេះ ហើយនឹង​ឡើងដល់​១៧០​ដុល្លារ នៅ​ឆ្នាំ​២០១៨​ខាងមុខ​៕
 
 

Tag:
 អ៊ិត សំហេង​
 ​ កាត់ដេរ​
  ​កម្មករ​
© រក្សាសិទ្ធិដោយ thmeythmey.com