ជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
លោក សម រង្ស៊ី ប្រកាស​ចូល​សង្គ្រោះ​ជាតិ​វិញ នៅ​ថ្ងៃទី​១៦ វិច្ឆិកា​, តែ​លោក សុខ ឥសាន ថា​ជាស​ម្តី​គ្មាន​ប្រយោជន៍​
12, Nov 2017 , 4:13 pm        
រូបភាព
 
​ភ្នំពេញ​៖ អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី នឹង​ប្រកាស​ចូល​ជា​សមាជិក​គណបក្ស​វិញ នៅ​ថ្ងៃទី​១៦ វិច្ឆិកា ដែលជា​ថ្ងៃ​តុលាការ​កំពូល នឹង​សម្រេច​លើ​ជោគវាសនា​ចុងក្រោយ​របស់​គណបក្សប្រឆាំង​មួយ​នេះ​។ ប៉ុន្តែ​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា ចាត់ទុក​សម្តី​របស់លោក សម រង្ស៊ី គ្រាន់តែ​ចង់​ទាក់ទាញ​ការចាប់អារម្មណ៍ ដោយ​គ្មាន​ប្រយោជន៍​នោះទេ​។​


«​ថ្ងៃទី​១៦ វិច្ឆិកា បើ​ទោះ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ក៏​ខ្ញុំ​ចូល​សង្គ្រោះ​ជាតិ​វិញ ហើយ​បើ​មិន​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ក៏​ខ្ញុំ​ចូល​សង្គ្រោះ​ជាតិ​វិញ​ដែរ​»​។ នេះ​ជាការ​លើកឡើង​របស់​អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ដែល​បាន​បន្ថែមថា លោក​នឹង​ចូល​ធ្វើជា​សមាជិក​គណបក្ស ដើម្បី​បន្ត​គាំទ្រ​ឲ្យ​ឯកឧត្តម កឹម សុខា ធ្វើជា​ប្រធាន​គណបក្ស​។ ថ្លែង​ចំពោះមុខ​អ្នកគាំទ្រ​ខ្លួន​នៅ​ទីក្រុង Long Beach រដ្ឋ California សហរដ្ឋអាមេរិក លោក សម រង្ស៊ី បាន​និយាយថា មូលហេតុ​ដែល​លោក​លាលែង​ចេញពី​តួនាទី​ប្រធាន​និង​សមាជិកភាព​គណបក្ស​ស​ង្គ្រោះ​ជាតិ​កន្លងមក គឺ​ដោយសារ​ការបង្ខំចិត្ត ក្នុង​គោលបំណង​ការពារ​គណបក្ស ឲ្យ​ចៀស​ផុតពី​ច្បាប់​ស្តីពី​គណបក្សនយោបាយ ។ ត្រង់ចំណុច​នេះ​លោក សម រង្ស៊ី បញ្ជាក់​ជាថ្មី​ថា លោក​នឹង​ចូលទៅ​សង្គ្រោះ​ជាតិ​។ 
 
​ប៉ុន្តែ​អ្វីដែល​នៅតែ​ចម្ងល់​នោះ គឺ​ត្រង់​សម្តី​លោក សម រង្ស៊ី ដែល​លើកឡើងថា «​បើ​រំលាយ ឬ​មិន​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ក៏​លោក​ចូល​សង្គ្រោះ​ជាតិ​វិញ​ដែរ​»​។ ចម្ងល់​ត្រង់នេះ ត្រូវបាន​លោក សម រង្ស៊ី និយាយថា លោក​នៅមាន​ផ្លូវ​ដើរ​តាម​ការ​បទ​បែន​នៃ​កាលៈទេសៈ ។​«​យើង​អត់​ប្រាប់​មុន​ទេ តែ​យើង​នៅមាន​ផ្លូវ​ដើរ ទោះជា​ស្ថានការណ៍​បទ​បែន​យ៉ាងណា យើង​ក៏មាន​ផ្លូវ​ដើរ​ដោយ​បទ​បែន​តាម​នោះ​។ យើង​អត់​ប្រាប់​មុន​ទេ យើង​មិន​ដើរ​តាម ហ៊ុន សែន ទៀត​ទេ តែ​យើង​ចង់​ឲ្យ ហ៊ុន សែន រត់តាម​យើង​ម្ដងនេះ​»​។ នេះ​ជាការ​បកស្រាយ​របស់លោក សម រង្ស៊ី ដែល​ឆ្លើយតប​នឹង​សំនួរ​របស់លោក ជុន ចាន់​បុត្រ អ្នកសារព័ត៌មាន​វិទ្យុ​អាស៊ីសេរី ក្រោយ​បញ្ចប់​កិច្ច​សន្និសីទ​ស្តីពី​លទ្ធិប្រជាធិបតេយ្យ​ជាមួយ​អ្នកគាំទ្រ នៅ​រដ្ឋ California សហរដ្ឋអាមេរិក​នៅ ហើយ​ត្រូវបាន​បង្ហោះ​ក្នុង​វីដេអូ​ឃ្លី​ប​របស់​គណនី​ហ្វេ​ស​ប៊ុ​ក «Samath Chhun»​។​
 
​តែ​យ៉ាងណា​ការលើកឡើង​របស់លោក សម រង្ស៊ី នេះ ត្រូវបាន​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា ចាត់ទុក​គ្រាន់តែជាសម្តី​ចង់​ទាក់ទាញ​ការចាប់អារម្មណ៍ ដោយ​គ្មាន​ប្រយោជន៍​នោះទេ​។ លោក សុខ ឥសាន ចំអក​លោក សម រង្ស៊ី ដូច្នេះ​៖«​ខ្ញុំ​មិនអាច​ប៉ានស្មាន​អារម្មណ៍​លោក សម រង្ស៊ី បានទេ ព្រោះ​ការនិយាយ​របស់គាត់ គ្រាន់តែ​ជា​អារម្មណ៍​រវើរវាយ គ្មាន​បានការ គ្មាន​អ្នកណា​ចាប់អារម្មណ៍ ដែល​វា​គ្មាន​ការ​ប្រាកដនិយម និង​ខុសពី​គោលការណ៍​ពិត​។ ហើយ​ខ្ញុំ​ក៏​មិនដឹងថា សម រង្ស៊ី អា​ចូល​គណបក្ស​សង្គ្រោះ​ជាតិ​តាម​ណា​ដែរ ព្រោះ​គាត់​បាន​លាលែង​ដោយ​ខ្លួនឯង​អស់ហើយ​»​។​
 
​នៅ​ថ្ងៃទី​១៦ វិច្ឆិកា តុលាការ​កំពូល នឹង​សម្រេច​លើ​ជោគវាសនា​ចុងក្រោយ​របស់​គណបក្ស​ស​ង្គ្រោះ​ជាតិ​។ ទាក់ទង​នឹង​បញ្ហា​ក្តីក្ដាំ​បក្សប្រឆាំង​នេះ លោក សម រង្ស៊ី ដែលជា​អតីត​ប្រធាន​បក្ស ធ្លាប់បាន​អះអាងថា គណបក្ស​សង្គ្រោះ​ជាតិ នឹងមិន​ត្រូវបាន​រំលាយ​ឡើយ ដោយ​លោក​សំអាង​លើ​សម្ពាធ​ពី​សហគមន៍​អន្តរជាតិ​។ 
 
​ប៉ុន្តែ​ការលើកឡើង​របស់លោក សម រង្ស៊ី នេះ គឺ​ផ្ទុយ​ពី​ទស្សនៈ​របស់​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែលមាន​ជំនឿ​យ៉ាង​មុតមាំ​ថា គណបក្ស​សង្គ្រោះ​ជាតិ​ច្បាស់​ជា​រំលាយ​តាម​សាលដីកា​តុលាការ​កំពូល​នា​ថ្ងៃទី​១៦ ខែវិច្ឆិកា​។ សម្តេច​បាន​អះអាងថា សម្តេច​បាន​សិក្សា​ផ្លូវច្បាប់​ច្បាស់​ណាស់ ហើយ​ខណៈ​ភាគី CNRP មិនបាន​ដាក់​មេធាវី ធ្វើ​ឲ្យ​ការសម្រេច​របស់​តុលាការ​កាន់តែ​លឿន​។ «​បើ​រំលាយ​ស៊ី​១ បើ​អត់​រំលាយ​សង​១០០»​។ នេះ​ជាការ​លើកឡើង​របស់​ស​ម្តេច ហ៊ុន សែន ក្នុងករណី​មានការ​ភ្នាល់​លើ​ការរំលាយ​បក្ស​សង្គ្រោះ​ជាតិ​៕ 

Tag:
 ​សម រង្ស៊ី​
  ​សុខ ឥសាន​
  CNRP
  CPP
© រក្សាសិទ្ធិដោយ thmeythmey.com