ជាតិ
នយោបាយអន្តរជាតិ
លោក សម រង្ស៊ី ប្រកាសចូលសង្គ្រោះជាតិវិញ នៅថ្ងៃទី១៦ វិច្ឆិកា, តែលោក សុខ ឥសាន ថាជាសម្តីគ្មានប្រយោជន៍
×
ភ្នំពេញ៖ អតីតប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី នឹងប្រកាសចូលជាសមាជិកគណបក្សវិញ នៅថ្ងៃទី១៦ វិច្ឆិកា ដែលជាថ្ងៃតុលាការកំពូល នឹងសម្រេចលើជោគវាសនាចុងក្រោយរបស់គណបក្សប្រឆាំងមួយនេះ។ ប៉ុន្តែអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ចាត់ទុកសម្តីរបស់លោក សម រង្ស៊ី គ្រាន់តែចង់ទាក់ទាញការចាប់អារម្មណ៍ ដោយគ្មានប្រយោជន៍នោះទេ។
«ថ្ងៃទី១៦ វិច្ឆិកា បើទោះរំលាយគណបក្សសង្គ្រោះជាតិ ក៏ខ្ញុំចូលសង្គ្រោះជាតិវិញ ហើយបើមិនរំលាយគណបក្សសង្គ្រោះជាតិ ក៏ខ្ញុំចូលសង្គ្រោះជាតិវិញដែរ»។ នេះជាការលើកឡើងរបស់អតីតប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី ដែលបានបន្ថែមថា លោកនឹងចូលធ្វើជាសមាជិកគណបក្ស ដើម្បីបន្តគាំទ្រឲ្យឯកឧត្តម កឹម សុខា ធ្វើជាប្រធានគណបក្ស។ ថ្លែងចំពោះមុខអ្នកគាំទ្រខ្លួននៅទីក្រុង Long Beach រដ្ឋ California សហរដ្ឋអាមេរិក លោក សម រង្ស៊ី បាននិយាយថា មូលហេតុដែលលោកលាលែងចេញពីតួនាទីប្រធាននិងសមាជិកភាពគណបក្សសង្គ្រោះជាតិកន្លងមក គឺដោយសារការបង្ខំចិត្ត ក្នុងគោលបំណងការពារគណបក្ស ឲ្យចៀសផុតពីច្បាប់ស្តីពីគណបក្សនយោបាយ ។ ត្រង់ចំណុចនេះលោក សម រង្ស៊ី បញ្ជាក់ជាថ្មីថា លោកនឹងចូលទៅសង្គ្រោះជាតិ។
ប៉ុន្តែអ្វីដែលនៅតែចម្ងល់នោះ គឺត្រង់សម្តីលោក សម រង្ស៊ី ដែលលើកឡើងថា «បើរំលាយ ឬមិនរំលាយគណបក្សសង្គ្រោះជាតិ ក៏លោកចូលសង្គ្រោះជាតិវិញដែរ»។ ចម្ងល់ត្រង់នេះ ត្រូវបានលោក សម រង្ស៊ី និយាយថា លោកនៅមានផ្លូវដើរតាមការបទបែននៃកាលៈទេសៈ ។«យើងអត់ប្រាប់មុនទេ តែយើងនៅមានផ្លូវដើរ ទោះជាស្ថានការណ៍បទបែនយ៉ាងណា យើងក៏មានផ្លូវដើរដោយបទបែនតាមនោះ។ យើងអត់ប្រាប់មុនទេ យើងមិនដើរតាម ហ៊ុន សែន ទៀតទេ តែយើងចង់ឲ្យ ហ៊ុន សែន រត់តាមយើងម្ដងនេះ»។ នេះជាការបកស្រាយរបស់លោក សម រង្ស៊ី ដែលឆ្លើយតបនឹងសំនួររបស់លោក ជុន ចាន់បុត្រ អ្នកសារព័ត៌មានវិទ្យុអាស៊ីសេរី ក្រោយបញ្ចប់កិច្ចសន្និសីទស្តីពីលទ្ធិប្រជាធិបតេយ្យជាមួយអ្នកគាំទ្រ នៅរដ្ឋ California សហរដ្ឋអាមេរិកនៅ ហើយត្រូវបានបង្ហោះក្នុងវីដេអូឃ្លីបរបស់គណនីហ្វេសប៊ុក «Samath Chhun»។
តែយ៉ាងណាការលើកឡើងរបស់លោក សម រង្ស៊ី នេះ ត្រូវបានអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ចាត់ទុកគ្រាន់តែជាសម្តីចង់ទាក់ទាញការចាប់អារម្មណ៍ ដោយគ្មានប្រយោជន៍នោះទេ។ លោក សុខ ឥសាន ចំអកលោក សម រង្ស៊ី ដូច្នេះ៖«ខ្ញុំមិនអាចប៉ានស្មានអារម្មណ៍លោក សម រង្ស៊ី បានទេ ព្រោះការនិយាយរបស់គាត់ គ្រាន់តែជាអារម្មណ៍រវើរវាយ គ្មានបានការ គ្មានអ្នកណាចាប់អារម្មណ៍ ដែលវាគ្មានការប្រាកដនិយម និងខុសពីគោលការណ៍ពិត។ ហើយខ្ញុំក៏មិនដឹងថា សម រង្ស៊ី អាចូលគណបក្សសង្គ្រោះជាតិតាមណាដែរ ព្រោះគាត់បានលាលែងដោយខ្លួនឯងអស់ហើយ»។
ប៉ុន្តែការលើកឡើងរបស់លោក សម រង្ស៊ី នេះ គឺផ្ទុយពីទស្សនៈរបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលមានជំនឿយ៉ាងមុតមាំថា គណបក្សសង្គ្រោះជាតិច្បាស់ជារំលាយតាមសាលដីកាតុលាការកំពូលនាថ្ងៃទី១៦ ខែវិច្ឆិកា។ សម្តេចបានអះអាងថា សម្តេចបានសិក្សាផ្លូវច្បាប់ច្បាស់ណាស់ ហើយខណៈភាគី CNRP មិនបានដាក់មេធាវី ធ្វើឲ្យការសម្រេចរបស់តុលាការកាន់តែលឿន។ «បើរំលាយស៊ី១ បើអត់រំលាយសង១០០»។ នេះជាការលើកឡើងរបស់សម្តេច ហ៊ុន សែន ក្នុងករណីមានការភ្នាល់លើការរំលាយបក្សសង្គ្រោះជាតិ៕
Tag:
សម រង្ស៊ី
សុខ ឥសាន
CNRP
CPP
© រក្សាសិទ្ធិដោយ thmeythmey.com