បទយកការណ៍ / បទសម្ភាសន៍
ស្ត្រីមានចំណេះដឹង ចង់បានបុរសដែលស្មោះ និងចេះគិត ជាងបុរសមានតែទ្រព្យ
× បុរសដែលមានតែទ្រព្យសម្បត្តិ លែងជាអាទិភាពសម្រាប់នារីទស្សវត្សទី២១ទៀតហើយ ប៉ុន្តែនឹងជ្រើសរើសបុរសដែលស្មោះត្រង់ ចេះគិតគូរវែងឆ្ងាយ គោរព និងផ្តល់តម្លៃដៃគូ និងមានការងារជាក់លាក់។ នារី សម័យនេះដែលភាគច្រើនមានចំណេះដឹង និងមានការងារធ្វើនោះ យល់ថា ទ្រព្យសម្បត្តិ មិនអាចទិញយកសុភមង្គលសម្រាប់ពេញមួយជីវិតពួកគេឡើយ ហើយនៅពេលដែលបុរសមានគំនិត ចេះគិតគូរពីគ្រួសារ ទ្រព្យសម្បត្តិ នឹងកើតមានតាមក្រោយ។
បុរសដែលមានតែទ្រព្យសម្បត្តិ លែងជាអាទិភាពសម្រាប់នារីទស្សវត្សទី២១នេះទៀតហើយ ពីព្រោះ ហើយទ្រព្យសម្បត្តិ មិនមែនតែងតែផ្ដល់សុភមង្គលដល់ជីវិតរហូតទេ។ នេះជាការលើកឡើងរបស់ កញ្ញា សូ នីកា ម្ចាស់ហាងនំផ្អែម បេកខឺរី ដែលបានថ្លែងប្រាប់សារព័ត៌មានថ្មីៗ មុននឹងពន្យល់ដូច្នេះថា នៅពេលដែលមនុស្សមានគំនិត នោះទ្រព្យសម្បត្តិ នឹងកើតមានតាមក្រោយទៀតជាក់ជាមិនបាន។ សម្រាប់ កញ្ញា សូ នីកា បុរសដែលរូបនាងត្រូវជ្រើសរើសជាដៃគូជីវិត ជាបុរសដែលស្មោះត្រង់ និងចេះគិតវែងឆ្ងាយពីអនាគតគ្រួសារ។ ជាអ្នកសារព័ត៌មាន Freelancer ម្នាក់ដែរ យុវតីវ័យ២៥ឆ្នាំរូបនេះបន្ថែមដូច្នេះ៖«សំណើចដែលគ្មានភាពលាក់បាំងទើបជាសុភមង្គលពិតប្រាកដ។ មានភាពស្មោះត្រង់នឹងគ្នា យើងនឹងគ្មានការបារម្ភ ហើយបន្ទាប់ពីចិត្តយើងជ្រះថ្លាហើយ អ្នកដែលមានការគិតវែងឆ្ងាយ នឹងរកវិធីរកចំណូលមកផ្គត់ផ្គង់គ្រួសារបានដោយងាយ»។
កញ្ញា ណុប សុខគីម មន្ត្រីផ្នែកគណនេយ្យនៃអង្គការអន្តរជាតិមួយ ក៏យល់ស្របដែរថា នៅពេលដែលមនុស្សមានគំនិត គឺការងារ មុខរបរ នឹងចូលមកតាមក្រោយ ហើយក៏ស្ថិតក្នុងលក្ខណៈសម្បត្តិនៃបុរស ដែល កញ្ញា សុខគីម ប្រាថ្នាជាដៃគូជីវិត បូករួមទាំងភាពស្មោះត្រង់ដែរ។ ក្រៅពីនេះ យុវតីវ័យ២៥ឆ្នាំរូបនេះ ប្រាថ្នាបុរសដែលមានគំនិតចាស់ទុំអាចពឹងផ្អែកបាន និងឧស្សាហ៍ព្យាយាម។ កញ្ញា ណុប សុខគីម បន្ថែមដូច្នេះ៖« សំខាន់មនុស្សម្នាក់នោះឧស្សាហ៍ ព្រោះថាឲ្យតែមនុស្សឧស្សាហ៍ គឺមិនអាចអត់បាយស្លាប់នោះទេ»។
ចំណែកអ្នកសារព័ត៌មានស្ត្រីមួយរូបទៀត គឺកញ្ញា សុភៈ នារី បានឲ្យដឹងថាបុរសដែលកញ្ញាប្រាថ្នាចង់បាន មិនមែនសំខាន់លើទ្រព្យសម្បត្តិនោះទេ ប៉ុន្តែជាបុរសដែលមានភាពស្មោះត្រង់ ចេះគោរព និងផ្ដល់តម្លៃដល់ដៃគូ អាចជាបង្អែកនៃជីវិត និងកម្រិតសិក្សាប្រហាក់ប្រហែល ឬខ្ពស់ជាងខ្លួន។ កញ្ញា សុភៈ នារី បញ្ជាក់ដូច្នេះ៖«សំខាន់តើគេមានសមត្ថភាពអាចចិញ្ចឹម ឬបង្កើតគ្រួសារបានឬទេ? ទ្រព្យសម្បត្តិគឺមិនខ្វល់ទេ សំខាន់ពេលចាប់ដៃគ្នា គេមានគំនិតបង្កើតទ្រព្យសម្បត្តិដោយខ្លួនឯង»។
កញ្ញា ជីង ស្រីតូច ជាសារការីមួយរូប ដែលបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិតច្បាប់ ក៏បានផ្តល់តម្លៃទៅលើភាពស្មោះត្រង់ជាជាងទ្រព្យសម្បត្តិដែរ។ ទន្ទឹមនឹងនេះ កញ្ញា ក៏ត្រូវការបុរសដែលកម្រិតការសិក្សាប្រហែលគ្នា និងមានការងារមួយច្បាស់លាស់ ព្រមទាំងមានរូបរាងសមរម្យ និងមានសម្បុរស្រអែម។ សារការីរូបនេះ បញ្ជាក់ដូច្នេះ៖«ឲ្យតែមានការងារច្បាស់លាស់ មិនចាំបាច់ការងារធំដុំក៏បាន ចេះផ្ដល់តម្លៃការងារ និងពង្រឹងសមត្ថភាពខ្លួនជានិច្ច។ ក្រៅពីរូបរាង ត្រូវចេះឲ្យតម្លៃប្ដី ប្រពន្ធ ស្មោះត្រង់ និងគោរពគ្នា នោះគឺជាបុរសក្នុងក្ដីស្រមៃរបស់ខ្ញុំ»។
បុរសៗ អាចនៅយល់ឃើញថា មនុស្សស្រីនៅតែជ្រើសរើសដៃគូជីវិតដោយផ្តោតលើទ្រព្យសម្បត្តិជាអាទិភាព ប៉ុន្តែមិនដូច្នេះឡើយ។ ស្ត្រីជំនាន់នេះ ដែលភាគច្រើនមានចំណេះ និងជំនាញ បានផ្តោតលើភាពស្មោះត្រង់ និងគំនិតរបស់បុរសទៅវិញទេ។ លើសពីនេះ ទំនួលខុសត្រូវ ការឲ្យតម្លៃ និងគោរពគ្នាទៅវិញទៅមក ជាផ្នែកមួយដែលនារីសម័យតម្រូវឲ្យបុរសត្រូវតែមានដែរ៕
Tag:
ស្នេហា
ការងារ
អត្តចរិត
ស្ត្រី
បុរស
© រក្សាសិទ្ធិដោយ thmeythmey.com