ជាតិ
ក្រសួងមហាផ្ទៃ ប្រកាសឲ្យពលរដ្ឋជាង២លាននាក់ដែលមានបញ្ហាអត្រានុកូលដ្ឋាន ដាក់ពាក្យសុំកែតម្រូវ
× ក្រសួងមហាផ្ទៃបានចេញសេចក្ដីជូនដំណឹងទៅដល់ប្រជាពលរដ្ឋ ដែលមានបញ្ហាក្នុងបញ្ជីអត្រានុកូលដ្ឋាន ឬសំបុត្រកំណើត ដូចជាខុសឈ្មោះរបស់ខ្លួន ខុសឈ្មោះឪពុកម្ដាយ ទីកន្លែងកំណើត និងថ្ងៃខែឆ្នាំកំណើតជាដើម។ សេចក្ដីប្រកាសដែលចុះនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៧ ហើយត្រូវបានផ្សព្វផ្សាយជាផ្លូវការនៅថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៧ បានឲ្យដឹងថា សាមីខ្លួន អាណាព្យាបាល ឬសាច់ញាតិដែលរស់នៅក្នុងផ្ទះជាមួយ អាចមកដាក់ពាក្យស្នើសុំកែតម្រូវ ឬធ្វើមោឃភាពទិន្នន័យ នៃបញ្ជីអត្រានុកូលដ្ឋានបានរៀងរាល់ម៉ោងធ្វើការ។
ក្រសួងមហាផ្ទៃ បានសម្រេចឲ្យប្រជាពលរដ្ឋ ដែលមានកំហុសឆ្គងក្នុងបញ្ជីអត្រានុកូលដ្ឋាន អាចដាក់ពាក្យស្នើសុំកែតម្រូវ ឬធ្វើមោឃភាពទិន្នន័យ នៃបញ្ជីអត្រានុកូលដ្ឋានឡើងវិញ។ អ្នកដែលអាចស្នើសុំកែតម្រូវបានមានដូចជា សាមីខ្លួន ឬអាណាព្យាបាល ឬសាច់ញាតិដែលរស់នៅក្នុងផ្ទះជាមួយ អាចមកដាក់ពាក្យស្នើសុំកែតម្រូវ ឬធ្វើមោឃភាពទិន្នន័យនៃបញ្ជីអត្រានុកូលដ្ឋាន បានរៀងរាល់ម៉ោងធ្វើការ។
ចំណែកទីតាំងដែលអាចដាក់ពាក្យស្នើសុំ មានចំនួន២កន្លែង ទី១គឺនៅនាយកដ្ឋានអត្រានុកូលដ្ឋាន នៃអគ្គនាយកអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ ដែលមានអាស័យដ្ឋាននៅផ្លូវជាតិលេខ១ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ ទី២ សម្រាប់ប្រជាពលរដ្ឋនៅតាមបណ្ដាខេត្ត គឺអាចទៅដាក់ពាក្យស្នើសុំនៅសាលាក្រុង ស្រុក ខណ្ឌ នៃទីតាំងដែលបញ្ជីអត្រានុកូលដ្ឋានរបស់សាមីខ្លួន ដែលបាននឹងកំពុងរក្សាទុក។
បើតាមការបញ្ជាក់ពី លោក នី សុគន្ធ ប្រធានការិយាល័យកិច្ចការច្បាប់ នៃនាយកដ្ឋានអត្រានុកូលដ្ឋាន ប្រជាពលរដ្ឋដែលមកដាក់ពាក្យស្នើសុំកែតម្រូវ ត្រូវមានភ្ជាប់ឯកសារពាក់ព័ន្ធមកជាមួយផង។ ឯកសារពាក់ព័ន្ធនោះមាន សំបុត្រកំណើត សៀវភៅគ្រួសារ សៀវភៅស្នាក់នៅ អត្តសញ្ញាណប័ណ្ណ និងលិខិតឆ្លងដែនជាដើម។ «ក្នុងចំណោមឯកសារទាំងអស់នេះ គឺអាចយកមួយណាក៏បាន ប៉ុន្តែដើម្បីកាន់តែច្បាស់លាស់ គឺអាចយកមកភ្ជាប់ជាមួយពាក្យស្នើសុំកាន់តែច្រើនគឺកាន់តែល្អ»។ នេះជាការបន្ថែមរបស់ លោក នី សុគន្ធ។
ពាក្យស្នើសុំកែតម្រូវ ឬធ្វើមោឃភាពទិន្នន័យបញ្ជីអត្រានុកូលដ្ឋាននេះ គឺមិនតម្រូវឲ្យប្រជាពលរដ្ឋបង់ប្រាក់ឡើយ។ រីឯរយៈពេលកែតម្រូវជូនប្រជាពលរដ្ឋ គឺមានរយៈពេល១០ថ្ងៃ សម្រាប់ប្រជាពលរដ្ឋដែលមកដាក់ពាក្យនៅនាយកដ្ឋានអត្តសញ្ញាណកម្ម និងរយៈពេល២០ថ្ងៃ សម្រាប់ប្រជាពលរដ្ឋដែលដាក់ពាក្យនៅសាលាក្រុង ស្រុក ខណ្ឌ។ ការសុំកែតម្រូវនេះ គឺមានរយៈពេល២ឆ្នាំ ពោលគឺចាប់ពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៧ រហូតដល់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៩ ។
សូមបញ្ជា្កក់ថា នាយកដ្ឋានអត្តសញ្ញាណកម្ម នៃក្រសួងមហាផ្ទៃ បានរកឃើញថា មានប្រជាជនជាង២លាននាក់ ស្មើនឹង៣៥ភាគរយ នៃចំនួនប្រជាពលរដ្ឋសរុប ទូទាំងប្រទេស មានកំហុសនៅក្នុងបញ្ជីអត្រានុកូលដ្ឋាន។ នេះគឺជាលើកទីមួយ ហើយដែលក្រសួងមហាផ្ទៃ សម្រេចឲ្យមានការកែតម្រូវឡើងវិញនូវបញ្ជីអត្រានុកូលដ្ឋានដែលមានកំហុសឆ្គង៕
Tag:
សំបុត្រកំណើត
ក្រសួងមហាផ្ទៃ
© រក្សាសិទ្ធិដោយ thmeythmey.com