កីឡាជាតិ
ជាតិ
ថ្នាក់ដឹកនាំ​កីឡា​ទាញព្រ័ត្រ​រំពឹង​អាច​សាង​សមិទ្ធផល​ល្អ​កម្រិត​អាស៊ាន តែ​អាស៊ី​រំពឹង​បាន​បទពិសោធ​
13, Nov 2017 , 8:39 am        
រូបភាព
ដោយ:
​សហព័ន្ធ​កីឡា​ទាញព្រ័ត្រ​កម្ពុជា នឹង​ប​ញ្ចូ​ន​កីឡាករ​កីឡាការិនី​ចំនួន​២​ក្រុម (​ស្រី​១​ក្រុម​) ទៅ​ចូលរួម​ប្រកួត​ជើងឯក​អាស៊ី លើក​ទី​១១ និង​អាស៊ីអាគ្នេយ៍​លើក​ទី​២ ដែល​ធ្វើ​រួមគ្នា នៅលើ​ទឹកដី​ថៃ ពីថ្ងៃ​ទី​១៨ ដល់ ថ្ងៃទី​២២ ខែធ្នូ ឆ្នាំ​២០១៧​។ ទាំង​ថ្នាក់ដឹកនាំ និង​ក្រុម​កីឡាករ សុទ្ធតែ​រំពឹងថា កម្ពុជា​នឹង​ទទួលលទ្ធផល​ល្អ ក្នុង​កម្រិត​អាស៊ាន និង​ទទួលបាន​មេរៀន​ថ្មី ពី​កម្រិត​អាស៊ី​។

 
​ប្រធាន​សហព័ន្ធ​កីឡា​ទាញព្រ័ត្រ​កម្ពុជា លោក មាស សារិន លើកឡើងថា ទោះបី​សមត្ថភាព​កីឡាករ​កម្ពុជា នៅមានកម្រិត​ទាប​ក៏ដោយ តែ​លោក​រំពឹងថា ក្រុម​អត្ត​ព​លិ​ក​កីឡា​ទាញព្រ័ត្រ​កម្ពុជា នឹង​អាច​សាង​ស្នាដៃ​ថ្មី​ជូន​ជាតិ សម្រាប់​ការចូលរួម​ប្រកួត​ជើងឯក​អាស៊ាន​លើក​ទី​២ ដែល​រៀបចំ​នៅលើ​ទឹក​ថៃ​ពីថ្ងៃ​ទី​១៨ ដល់​ថ្ងៃទី​២០ ខែធ្នូ​ខាងមុខ​។ 
 
  
       លោក មាស សារិន ប្រធានសហព័ន្ធកីឡាទាញព្រ័ត្រកម្ពុជា

«​ទោះបី​កម្រិត​អាស៊ីអាគ្នេយ៍ យើង​មិនទាន់​អាចឈាន​ទៅរក​លេខ​១ លេខ​២ ឬ​លេខ​៣​បាន ប៉ុន្តែ​យើង​ក៏​អាច​ទទួលបាន​ជោគជ័យ លើ​ប្រទេស​មួយចំនួន​ដែរ​។ ហើយ​បើសិនជា​ប្រទេស​ខ្លាំងៗ​មួយចំនួន មិន​ចូលរួម យើង​អាច​ឈានដល់​ចំណាត់ថ្នាក់​លេខ​៣»​។ នេះ​ជាការ​លើកឡើង​របស់ លោក មាស សារិន ក្នុង​សន្និសីទ​សារព័ត៌​កាលពីពេល​ថ្មីៗ ដោយ​លោក​បន្ថែមថា​៖«​សម្រាប់​ការប្រកួត​កម្រិត​អាស៊ី​យើង​គ្មាន​សង្ឃឹម​នោះទេ គឺ​យើង​ចូលរួម​គ្រាន់តែ​ដើម្បី​សាកល្បង និង​រៀនសូត្រ​ពី​គេ​តែប៉ុណ្ណោះ​»​។​
 
​ជាមួយគ្នានេះ កីឡាករ យ៉ាន់ ដាម តំណាង​ក្រុម​កីឡាករ​ទាញព្រ័ត្រ​កម្ពុ​ជា​បាន​ប្តេជ្ញា​ថា នឹង​ខិតខំ​ប្រឹងប្រែង​ឲ្យ​អស់ពី​សមត្ថភាព យកជ័យ​ជម្នះ​ពី​ការប្រកួត​។ តាមរយៈ​ឆន្ទៈ និង​ការតាំង​ចិត្ត​ធ្វើការ​ជា​ក្រុម​ធ្វើ​ឲ្យ​កីឡាករ​រូបនេះ ដាក់​ក្តី​រំពឹង​រហូតដល់​៧០​ភាគរយ សម្រាប់​ការចូលរួម​លើក​នេះ​។​
 
 
 
​ទន្ទឹមនឹង​ក្តី​រំពឹង​របស់​អត្ត​ព​លិ​ក អគ្គលេខាធិការ​សហព័ន្ធ​កីឡា​ទាញព្រ័ត្រ​កីឡា​កម្ពុជា អ្នកស្រី ប្រាក់ សម្ផស្ស បានបង្ហាញ​ក្តី​រំពឹង​យ៉ាង​ដូច្នេះ​ថា​៖«​ចំពោះ​ការប្រកួត​កម្រិត​អាស៊ាន​ពួកគាត់​សង្ឃឹម​តែ​៧០​ភាគរយ​ប៉ុណ្ណោះ ប៉ុន្តែ​សម្រាប់​ខ្ញុំ មាន​ទំនុកចិត្ត​លើ​ពួកគាត់​រហូតដល់​៩០​ភាគរយ​ឯណោះ ព្រោះ​ពួកគាត់​មាន​ឆន្ទៈ​ខ្ពស់ ក្នុងការ​ហ្វឹកហាត់ ហើយ​ការហ្វឹកហាត់​ទៀតសោត ពួកគាត់​សហការគ្នា​ល្អ និង​ចេះ​រួមគ្នា​ជា​ធ្លុង​មួយ​»​។​
 
​សម្រាប់​ការចូលរួម​ប្រកួត​ជើងឯក​អាស៊ី និង​អាស៊ាន​នៅ​ថៃ​នេះដែរ កម្ពុជា​បញ្ជូន​អត្ត​ព​លិ​ក​២​ក្រុម (​ស្រី​១​ក្រុម​) ឲ្យ​ចូលរួម​។ ក្នុងនោះ ក្រុម​បុរស​ត្រូវ​ប្រកួត​ក្នុង​ទម្ងន់​សរុប​៦០០​គីឡូក្រាម និង​នារី​ប្រកួត​ក្នុង​ទម្ងន់​សរុប​៥០០​គីឡូក្រាម ដោយ​១​ក្រុម មាន​១០​នាក់​(​ប​ង្រុ​ង​១​នាក់​)​។ សម្រាប់​ការចូលរួម​នេះ ក្រុម​នីមួយៗ ត្រូវ​បង់​ថវិកា​១,២០០​ដុល្លារ ក្នុង​១​ក្រុម តែ​ដោយមាន​ការលើកលែង​ពី​ម្ចាស់ផ្ទះ​ថៃ កម្ពុជា​បង់​ត្រឹមតែ​១,២០០​ដុល្លារ​តែប៉ុណ្ណោះ ចំពោះ​ការបញ្ជូន​ពីរ​ក្រុម​ឲ្យ​ចូលរួម​៕  
 
 
  

Tag:
 ទាញព្រ័ត្រ​
  មាស សារិន​
  ប្រាក់ សម្ផស្ស
© រក្សាសិទ្ធិដោយ thmeythmey.com