ជាតិ
សង្គមជាតិ
កម្ពុជាគ្រោងប្រកាសជា«ប្រទេសគ្មានការបន្ទោបង់ពាសវាលពាសកាល»ក្នុងឆ្នាំ២០២៥
× កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទអន្តរជាតិស្តីពីការពន្លឿនឲ្យតំបន់អាស៊ីអាគ្នេយ៍ក្លាយជាតំបន់ដែលគ្មានការបន្ទោបង់ពាសវាលពាសកាល។ សន្និសីទនេះនឹងប្រព្រឹត្តិទៅពីថ្ងៃទី១៥ដល់ថ្ងៃទី១៧ខែវិច្ឆិកានេះ នៅសណ្ឋាគារកាំបូឌីយ៉ាណា។
នៅក្នុងសប្តាហ៍នេះ អ្នកជំនាញជាតិ និងអន្តរជាតិផ្នែកទឹកស្អាត និងអនាម័យប្រមាណ១០០នាក់ មកពីតំបន់អាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍ នឹងជួបជុំគ្នានៅក្នុងរាជធានីភ្នំពេញ ដើម្បីស្វែងរកវិធីសាស្ត្រលុបបំបាត់«ការបន្ទោបង់ពាសវាលពាសកាល»នៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ លោកឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី នឹងធ្វើជាអធិបតីនៅក្នុងសន្និសីទថ្នាក់តំបន់នេះ ដែលត្រូវរៀបចំរួមគ្នាដោយរដ្ឋាភិបាលកម្ពុជា និងមូលនិធិគម្រោងសហគមន៍ដឹកនាំអនាម័យទាំងស្រុងដែលសហការដោយអង្គការភ្លែនអន្តរជាតិ។
សេចក្តីប្រកាសព័ត៌មានរួមមួយបានស្រង់ប្រសាសន៍របស់លោក ជ្រាយ ប៉ុម ប្រធាននាយកដ្ឋានថែទាំសុខភាពជនបទនៃក្រសួងអភិវឌ្ឍន៍ជនបទ ដែលបញ្ជាក់ថា គម្រោងសហគមន៍ដឹកនាំអនាម័យទាំងស្រុង បានចូលរួមចំណែកយ៉ាងច្រើនក្នុងការលើកកម្ពស់អនាម័យជនបទ ជាពិសេសការកាត់បន្ថយការបន្ទោបង់ពាសវាលពាសកាល។
មន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទដដែលបានថ្លែងបន្តយ៉ាងដូច្នេះ៖«ប៉ុន្តែការពន្លឿនវឌ្ឍនភាពឆ្ពោះទៅការលុបបំបាត់ការបន្ទោបង់ពាសវាលពាសកាលទាំងស្រុងនោះ ទាមទារកម្លាំងផ្គួបកាន់តែច្រើន រួមទាំងគំនិតផ្តួចផ្តើមផ្សេងៗ»។ សម្រាប់លោក ជ្រាយ ប៉ុម សន្និសីទខាងមុខនេះ នឹងផ្តល់ផលប្រយោជន៍ច្រើនសម្រាប់ការអនុវត្ត «ការលុបបំបាត់ទាំងស្រុងការបន្ទោបង់ពាសវាលពាសកាល»។
សេចក្តីប្រកាសព័ត៌មានដដែលបានសរសេរថា កម្ពុជាកំពុងព្យាយាមដើម្បីទទួលបានឈ្មោះថា មានអនាម័យល្អប្រសើរឲ្យបាន៦០ភាគរយនៅឆ្នាំ២០១៨នេះ «ហើយនឹងប្រកាសជាប្រជាជាតិដែលគ្មានការបន្ទោបង់ពាសវាលពាសកាលនៅឆ្នាំ២០២៥»។
គួរបញ្ជាក់ថា គម្រោងសហគមន៍ដឹកនាំអនាម័យទាំងស្រុងបានក្លាយជាចលករដ៏សំខាន់ក្នុងការជំរុញលទ្ធភាពទទួលបានអនាម័យសម្រាប់ប្រជាជនរាប់លាននាក់ ជាពិសេសប្រជាជនជនបទនៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ក្នុងរយៈពេល៥០ឆ្នាំចុងក្រោយនេះ។ នៅពេលបិទបញ្ចប់គោលដៅអភិវឌ្ឍន៍សហសវត្សរ៍កាលពីឆ្នាំ២០១៥ គម្រោងនេះត្រូវបានអនុវត្តជាវិធីសាស្ត្រគន្លឹះ ដើម្បីសម្រេចបានអនាម័យក្នុងប្រទេសជាង៦៥ នៅអាស៊ី អាហ្វ្រិក និងនៅអាមេរិកឡាទីន។
នៅកម្ពុជា គម្រោងនេះបានចាប់ផ្តើមតាំងពីឆ្នាំ២០០៤ តាមរយៈអង្គការ Concern Worlwide ដែលក្រោយមកត្រូវបានពង្រីកតាមខេត្តចំនួន៨៕
Tag:
បន្ទោបង់
អនាម័យ
ទឹកស្អាត
ភ្លែនអន្តរជាតិ
© រក្សាសិទ្ធិដោយ thmeythmey.com