ជាតិ
សេដ្ឋកិច្ច
កម្ពុជា និង​ចិន ចុះ MOU លើ​គម្រោង​សង់​ឃ្លាំង​ស្តុក​ស្រូវ និង​ឡស​ម្ងួ​ត​ជាង ១០
14, Nov 2017 , 10:35 am         1468
រូបភាព
​ភ្នំពេញ​៖ រដ្ឋាភិបាល​កម្ពុជា និង​ភាគី​ចិន បាន​ចុះហត្ថលេខា​លើ​អនុស្សារណៈ​នៃ​ការយោគយល់​គ្នា (MOU) ចំនួន​ពីរ​ស្ដីពី​គម្រោង​ជំរុញ​ផលិតកម្ម​ស្រូវ និង​ការនាំចេញ​អង្ករ ដែលមាន​គោលបំណង​សាងសង់​ឃ្លាំង​ស្តុក​ស្រូវ និង​ឡស​ម្ងួ​ត​មួយចំនួន​នៅក្នុង​ប្រទេស​។ នេះ​បើតាម​សេចក្ដីប្រកាស​ព័ត៌មាន​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ។​


MOU ទី​១ ត្រូវបាន​ធ្វើឡើង​រវាង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ក្រសួងពាណិជ្ជកម្ម តំណាង រដ្ឋាភិបាល​កម្ពុជា និង​ភាគី​ចិន តំណាង​ដោយ​ធនាគារ Export-import bank of china និង​ក្រុមហ៊ុន CITIC group corporation នៅ​ថ្ងៃទី​១៣​ខែវិច្ឆិកា​។   MOU​ទី​១​នេះ​មាន​គោលបំណង​សម្របសម្រួល​កិច្ចសហប្រតិបត្តិការ​រ​វាង​ស្ថាប័នរដ្ឋ​នៃ​ប្រទេស​ទាំងពីរ ដើម្បី​ធានា​ភាពជោគជ័យ​នៃ​គម្រោង​។ MOU ទី​២ ត្រូវបាន​បង្កើតឡើងរ​វាង​ក្រសួង​ទាំងពីរ​ខាងលើ និង​ភាគី​ចិន​ដោយ​ក្រុមហ៊ុន CITIC construction និង​ក្រុមហ៊ុន Henan yuguang international economic & technical cooperation ដោយមាន​គោលបំណង​កំណត់​មូលដ្ឋាន​សម្រាប់​រៀបចំ និង​អនុវត្ត​គម្រោង ដែល​រួមមាន ការសាងសង់ ប្រតិបត្តិការ និង​ការថែទាំ​ហេដ្ឋារចនាសម្ព័ន្ធ​គម្រោង​។​

​គម្រោង​ដែល​ត្រូវបាន​ចុះ MOU នេះ​មាន​ទិសដៅ​បង្កើត​ឃ្លាំង​ស្តុក​ស្រូវ​-​អង្ករ ដែល​ផ្អែក​តាម​ការសិក្សារ​បឋម គម្រោង​នឹង​សាងសង់​ឃ្លាំង​ស្តុក និង​ឡស​ម្ងួ​ត​ចំនួន ១៥ ដែលមាន​សម្ថ​ភាព​ស​ម្ងួ​ត​ស្រូវ​ដល់​ទៅ ១៩៥០០ តោន​ក្នុង​មួយថ្ងៃ និង​អាច​ស្តុក​ស្រូវ​បាន​ដល់ ១​លាន​តោន​។ គម្រោង​នេះ​នឹង​អនុវត្ត​ក្នុង​ខេត្ត​ចំនួន ១១ ដែលមាន​សក្ដានុពល​ផ្នែក​ស្រូវ​អង្ករ​។​

​សេចក្ដីប្រកាស​ព័ត៌មាន​ដដែល​នេះ​ឲ្យ​ដឹងថា គម្រោង​នេះ​ក៏​នឹង​សម្របសម្រួល​ការផ្ដល់ប្រាក់​កម្ចី​របស់​ធនាគារ​ដ​ល់​កសិករ និង​ពាណិជ្ជករ​ផងដែរ តាមរយៈ​យន្ត​ការយក​ស្តុក​ស្រូវ​ជា​វត្ថុ​បញ្ចាំ ដែល​នឹង​ជួយ​ដល់​ការ​បង្វិល​សាច់ប្រាក់​ក្នុង​វិស័យនេះ​។​

​ពេលវេលា​អនុវត្ត​គម្រោង និង​ថវិកា មិនត្រូវ​បានបញ្ជាក់​នៅ​ក្នុង​ប្រកាស​ព័ត៌មាន​នេះឡើយ តែ​ក្រសួង​បាន​ឲ្យ​ដឹងថា រដ្ឋាភិបាល​នឹង​ស្នើ​ប្រើប្រាស់​ឥណទាន​សម្បទាន​ពី​ភាគី​ចិន ដើម្បី​អនុវត្ត​គម្រោង​នេះ​។​

​នេះ​ទំនងជា​គ្រោង​ដែល​កម្ពុជា និង​ចិន​បាន​ជជែក​គ្នាច្រើន​ឆ្នាំ​ដែរ​ហើយ ដែល​រដ្ឋាភិបាល​កម្ពុជា  កាលពី​ឆ្នាំ​២០១៥ បាន​បញ្ជូន​សំណើ​ខ្ចីប្រាក់​ពី​ចិន​ប្រមាណ ៣០០​លាន​ដុល្លារ​អាមេរិក ដើម្បី​សាងសង់​ឃ្លាំង​ស្តុក និង​ឡស​ម្ងួ​ត​មួយចំនួន​នៅក្នុង​ប្រទេស​៕

Tag:
 អង្ករ​
  ឃ្លាង​ស្តុក​
© រក្សាសិទ្ធិដោយ thmeythmey.com
ព័ត៌មានទាក់ទង
prev1234next