កីឡាជាតិ
ជាតិ
ព្រឹត្តិការណ៍​ពាក់កណ្តាល​ម៉ារ៉ាតុន​អង្គរ​ប្តេជ្ញា​បង្កើន​សន្តិសុខ​ដើម្បី​ឆ្លើយតប​នឹង​កំណើន​អ្នកចូលរួម​
14, Nov 2017 , 9:39 pm         401
រូបភាព
សកម្មភាពអត្តពលិកជាតិ និងអន្តរជាតិចូលរួមរត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុនអង្គរកាលពីឆ្នាំ២០១៦
សកម្មភាពអត្តពលិកជាតិ និងអន្តរជាតិចូលរួមរត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុនអង្គរកាលពីឆ្នាំ២០១៦
​អត្ត​ព​លិ​ក​ចុះឈ្មោះ​ចូលរួម​រត់ប្រណាំង​ពាក់កណ្តាល​ម៉ារ៉ាតុន​អង្គរ​លើក​ទី​២២​ដែល​រៀបចំ​នៅលើ​ទឹកដី​ទេសចរណ៍​ប្រវត្តិសាស្ត្រ​ខេត្តសៀមរាប​នា​ថ្ងៃទី​៣ ធ្នូ ខាងមុខ​មាន​ចំនួន​ជិត​៩​ពាន់​នាក់ ពោលគឺ​កើនឡើង​១០​ភាគរយ​បើ​ធៀប​នឹង​ឆ្នាំមុន​។ កំណើន​អ្នកចូលរួម​រត់​នេះ ជំរុញ​ឲ្យ​គណៈកម្មការ​រៀបចំ​ត្រូវ​បង្កើន​ការយកចិត្តទុកដាក់​ព​ង្រឹ​ង​ផ្នែក​សន្តិសុខ ដើម្បី​រក្សា​សុវត្ថិភាព​ជូន​អត្ត​ព​លិ​ក​ជាតិ​និង​អន្តរជាតិ​។ ព្រឹត្តិការណ៍​រត់ប្រណាំង​ពាក់កណ្តាល​ម៉ារ៉ាតុន​អង្គរ​ឆ្នាំនេះ​មានការ​ខុសប្លែក​ពី​ឆ្នាំ​រាល់​ដងដោយ​គណៈកម្មកា​រ​បាន​បន្ថែម​កម្មវិធី​ជប់លៀង​ជាការ​លើកទឹកចិត្ត​អត្ត​ព​លិ​ក​ដែល​បាន​ចូលរួម​សកម្មភាព​មនុស្សធម៌​។​


​គិត​ត្រឹម​ថ្ងៃទី​១៣ ខែវិច្ឆិកា ចំនួន​អ្នក​ចុះឈ្មោះ​ចូលរួម​រត់​ក្នុង​ព្រឹត្តិការណ៍​ពាក់កណ្តាល​ម៉ារ៉ាតុន​អង្គរ​លើក​ទី​២២​មាន​ចំនួន​៨,៧៨៦​នាក់​ដែល​កើនឡើង​១០​ភាគរយ​បើ​ធៀប​នឹង​ឆ្នាំមុន​មាន​ប្រមាណ​ជាជាង​៨​ពាន់​នាក់​។ ក្នុងចំណោម​អត្ត​ពលិកម​ក​ពី​៧៦​ប្រទេស ទាំងនេះ​មាន​អត្ត​ព​លិ​កប​រទេស​ចំនួន​៤,៤៧៣​នាក់ ដោយ​អត្ត​ពលិកម​ក​ពី​ប្រទេស​អង់គ្លេស​ឈរ​លេខ​រៀង​ទី​១ បារាំង​លេខ​២ និង​សហរដ្ឋអាមេរិក​លេខ​៣​។ នេះ​បើ​យោងតាម​លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ប្រកាស​ក្នុង​សន្និសីទ​សារព័ត៌​មាននៅ​ទីស្នាក់ការ NOCC កាលពី​ថ្ងៃទី​១៣ វិច្ឆិកា ឆ្នាំ​២០១៧​។


លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ NOCC ពេល​ចូលរួម​សន្និសីទ​សារព័ត៌មាន​ព្រឹត្តិការណ៍​ពាក់កណ្តាល​ម៉ារ៉ាតុន​

​អគ្គលេខាធិការ NOCC រូបនេះ បានចាត់ទុក​កំណើន​អ្នកចូលរួម​ជា​ជោគជ័យ​ដ៏​ធំ​សម្រាប់​ព្រឹត្តិការណ៍​ពាក់កណ្តាល​ម៉ារ៉ាតុន​អង្គរ​ដែល​បាន​ខិតខំ​ប្រឹងប្រែង​អស់​រយៈពេល​ជាង​២០​ឆ្នាំ​កន្លងមកនេះ​។ ព្រឹត្តិការណ៍​ពាក់កណ្តាល​ម៉ារ៉ាតុន​អង្គរ​បានរៀបចំ​លើកដំបូង​នៅ​កម្ពុជា​ក្នុងអំឡុង​ឆ្នាំ​១៩៩៦ ដោយ​មូលនិធិ Foundation for the Support of the United Nations ដែលមាន​ទីស្នាក់ការ​ក​ណ្តា​ល​នៅ​ប្រទេស​ជប៉ុន​។

​ព្រឹត្តិការណ៍​ពាក់កណ្តាល​ម៉ារ៉ាតុន​ត្រូវបាន​បង្កើន​ឡើង​ដំបូង​ក្នុង​គោលបំណង​ដើម្បី​ស្វែងរក​សន្តិភាព​ជូន​ប្រជាពលរដ្ឋ និង​ប្រមូល​មូលនិធិ​ក៏ដូចជា​លើកទឹកចិត្ត​ដល់​ជនរងគ្រោះ​ដោយសារ​គ្រាប់មីន​ក្នុងសម័យ​សង្គ្រាម និង​ក្រោយ​សង្គ្រាម​។ បច្ចុប្បន្ន​ព្រឹត្តិការណ៍​នេះ​បានប្រែក្លាយ​ជាការ​រត់ប្រណាំង​ដើម្បី​ប្រមូល​មូលនិធិ​សប្បុរសធម៌​ជួយ​ដល់​មន្ទីរពេទ្យ និង​អង្គការ​សប្បុរសធម៌​នានា​។ ហើយ​បាននិងកំពុង​ពេញនិយម​យ៉ាងខ្លាំង​សម្រាប់​អត្ត​ព​លិ​ក​ជាតិ និង​អន្តរជាតិ​។ 


​                  អ្នកចូលរួមរត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុនអង្គរ

​ដើម្បី​ឆ្លើយតប​នឹង​កំណើន​អ្នកចូលរួម​រត់​នៅ​ឆ្នាំនេះ​គណៈកម្មការ​រៀបចំ​ព្រឹត្តិការណ៍​ពាក់កណ្តាល​ម៉ារ៉ាតុន​អង្គរ​នឹង​បង្កើន​ការយកចិត្តទុកដាក់​ផ្នែក​សន្តិសុខ​ឲ្យ​កាន់តែខ្លាំង​ថែមទៀត ដើម្បី​រក្សា​របៀបរៀបរយ និង​សុវត្ថិភាព​ជូន​អត្ត​ព​លិ​ក​។ «​ប្រទេស​យើង​មិន​បញ្ហា​សន្តិសុខ​នោះទេ តែ​កំណើន​ជនជាតិ​បរទេស​ធ្វើ​ឲ្យ​យើង​កាន់តែ​ប្រុងប្រយ័ត្ន និង​រឹតបណ្តឹង​ផ្នែក​សន្តិសុខ​សណ្តាប់ធ្នាប់​។ ពាក់ព័ន្ធ​រឿងនេះ NOCC និង​សហការ​ជាមួយ​អាជ្ញាធរ​អប្សរា អាជ្ញាធរខេត្ត និង​កម្លាំង​សន្តិសុខ​ផ្សេងៗ​ទៀត​ដើម្បី​ធ្វើការ​ឲ្យ​បាន​ម៉ត់ចត់​ក្នុង​រក្សា​សុ​ត្ថិ​ភាព​ជូន​អ្នករត់​តាំងពី​មកដល់​រហូត​ត្រឡប់​ទៅវិញ​»​។ នេះ​ជាការ​អះអាង​របស់ លោក វ៉ា​ត់ ចំរើន​។

​លោក​បាន​បន្ថែមថា មុន​មួយថ្ងៃ​នៃ​ការរៀបចំ​ព្រឹត្តិការណ៍​រត់ប្រណាំង​ពាក់កណ្តាល​ម៉ារ៉ាតុន​ពោលគឺ​នៅពេល​ល្ងាច​ថ្ងៃទី​២ ធ្នូ នឹងមាន​កម្មវិធី​ជប់លៀង​នៅមុខ​ប្រាសាទបាយ័ន​ដើម្បី​អបអរ​ក៏ដូចជា​លើកទឹកចិត្ត​ដល់​អត្ត​ព​លិ​ក​ដែល​បាន​ចូលរួម​រត់​ក្នុង​ព្រឹត្តិការណ៍​នេះ​។ គួរ​បញ្ជាក់ថា កម្មវិធី​នេះ​សម្រាប់​អត្ត​ព​លិ​ក​ដែល​គណៈកម្មាការ​រៀបចំ​គិតថា​ជា​បុគ្គល​សំខាន់​តែប៉ុណ្ណោះ​។


លោក សែម ផល្លា អ្នកគ្រប់គ្រង​ទូទៅ​ប្រចាំ​ព្រឹត្តិការណ៍​ម៉ារ៉ាតុន និង​ពាក់កណ្តាល​ម៉ារ៉ាតុន

​ជាមួយគ្នានេះ លោក សែម ផល្លា អ្នកគ្រប់គ្រង​ទូទៅ​ប្រចាំ​ព្រឹត្តិការណ៍​ពាក់កណ្តាល​ម៉ារ៉ាតុន​អង្គរ​បាន​បញ្ជាក់ថា តាំងពី​រៀបចំ​ដំបូង​រហូតដល់​បច្ចុប្បន្ន​ព្រឹត្តិការណ៍​នេះ​មានដំណើរ​យ៉ាង​រលូន ពោលគឺ​មិនដែល​មាន​បញ្ហា​ចោទ​អាក្រក់​កើតឡើង​នោះឡើយ​។ លោក​បាន​អះអាងថា សន្តិសុខ​ពាក់អាវ​ឯកសណ្ឋាន​និង​ស៊ីវិល​មិន​ក្រោម​៥០០​នាក់​នោះទេ​ត្រូវដាក់​ពង្រាយ ដើម្បី​រក្សា​សន្តិសុខ សុវត្ថិភាព​ជូន​អត្ត​ព​លិ​ក​ដែល​ចូលរួម​រត់​ក្នុង​ព្រឹត្តិការណ៍​នេះ​៕   


Tag:
 ពាក់កណ្តាល​ម៉ារ៉ាតុន​
  វ៉ា​ត់ ចំរើន​
  សែម ផល្លា
© រក្សាសិទ្ធិដោយ thmeythmey.com
ព័ត៌មានទាក់ទង
prev12345...1819next