អន្តរជាតិ
ចិន ប្រាប់រដ្ឋក្រៅតំបន់កុំលូកលាន់រឿងសមុទ្រចិនខាងត្បូង ក្រោយត្រាំ ថាចង់ជួយវៀតណាម លោក Donald Trump នាជំនួបជាមួយលោក Xi Jinping នៅក្រុងប៉េកាំងកាលពីថ្ងៃទី៩ ខែវិច្ឆិកា។ រូបថត រក្សាសិទ្ធិ AFP
× រដ្ឋាភិបាលក្រុងប៉េកាំង បានផ្ញើសារជាថ្មីទៅកាន់រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន ដែលបានប៉ុនប៉ងធ្វើជាអាជ្ញាកណ្តាលក្នុងរឿងសមូទ្រចិនខាងត្បូង ថា កុំលូកលាន់បញ្ហាក្នុងតំបន់ ។ ក្រុងប៉េកាំង ក៏បានប្តេជ្ញាការពារដែនអធិបតេយ្យរបស់ខ្លួននៅក្នុងសមុទ្រចិនខាងត្បូងផងដែរ ។
ក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃរបស់ក្រសួងការបរទសចិននៅថ្ងៃ១៣ វិច្ឆិកា អ្នកសារព័ត៌មាន បានសួរអ្នកនាំពាក្យក្រសួងការបរទេសចិន ថា ចិន យល់ឃើញយ៉ាងណាចំពោះការលើកឡើងរបស់លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំទៅកាន់វៀតណាម លើបញ្ហាសមុទ្រចិនខាងត្បូង ។
« យើង ជឿជាក់ថា ប្រទេសក្នុងតំបន់ មានទាំងឆន្ទៈ និងសមត្ថភាពគ្រប់គ្រាន់សម្រាប់ដោះស្រាយលើបញ្ហាសមុទ្រចិនខាងត្បូង ។ ជាមួយគ្នានេះ យើង ក៏សង្ឃឹមដែរថា ប្រទេសខាងក្រៅតំបន់ គោរពកិច្ចប្រឹងប្រែងដែលធ្វើដោយប្រទេសក្នុងតំបន់ដើម្បីរក្សាសន្តិភាព និងស្ថិរភាពនៅក្នុងសមុទ្រចិនខាងត្បូង»។ នេះគឺជាសេចក្តីថ្លែងការណ៍ និងជាចម្លើយតបទៅនឹងសំណួរខាងលើរបស់អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Geng Shuang ។
លោកអ្នកនាំពាក្យដដែលនោះ បានបន្ថែមទៀតថា ជំហររបស់ចិនមិនដែលប្រែប្រួលឡើយ ពោលគឺ ចិន នៅតែប្តេជ្ញាជានិច្ចក្នុងការដោះស្រាយជម្លោះជាមួយនឹងប្រទេសពាក់ព័ន្ធជម្លោះដោយផ្ទាល់តាមរយៈកិច្ចសន្ទនា និងការពិគ្រោះយោបល់ ។
សូមរម្លឹកផងដែរថា ក្នុងពេលបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាម ប្រធានាធិបតីអាមេរិក លោក ដូណាល់ត្រាំ បានអះអាងថា លោក គឺជាអាជ្ញាកណ្តាល និងមជ្ឈត្តករដ៏ពូកែមួយរូប។ ក្នុងករណីដែល វៀតណាម ត្រូវការលោក ឬលោក អាចជួយអ្វីបានក្នុងបញ្ហាសមុទ្រចិនខាងត្បូងនោះ លោក ត្រាំ បានផ្តល់លទ្ធភាពសម្រាប់វៀតណាមដើម្បីជូនដំណឹងទៅលោក ហើយលោក នឹងជួយ ។
សូមជម្រាបផងដែរថា ជម្លោះសមុទ្រចិនខាងត្បូង មានរដ្ឋពាក់ព័ន្ធអាស៊ានដូចជា ព្រុយណេ ម៉ាឡេស៊ី ហ្វីលីពីន និងវៀតណាម ជាមួយនឹងចិន ៕
Tag:
ចិន
អាមេរិក
សមុទ្រចិនខាងត្បូង
© រក្សាសិទ្ធិដោយ thmeythmey.com