អន្តរជាតិ
ចិន ប្រាប់​រដ្ឋ​ក្រៅ​តំបន់​កុំ​លូកលាន់​រឿង​សមុទ្រ​ចិន​ខាងត្បូង ក្រោយ​ត្រាំ ថា​ចង់​ជួយ​វៀតណាម
15, Nov 2017 , 7:59 am        
រូបភាព
លោក Donald Trump នាជំនួបជាមួយ​លោក Xi Jinping នៅ​ក្រុងប៉េកាំងកាលពី​ថ្ងៃទី៩ ខែវិច្ឆិកា។ រូបថត រក្សាសិទ្ធិ AFP
លោក Donald Trump នាជំនួបជាមួយ​លោក Xi Jinping នៅ​ក្រុងប៉េកាំងកាលពី​ថ្ងៃទី៩ ខែវិច្ឆិកា។ រូបថត រក្សាសិទ្ធិ AFP
ដោយ:
​រដ្ឋាភិបាល​ក្រុង​ប៉េកាំង បាន​ផ្ញើ​សារជាថ្មី​ទៅកាន់​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន ដែល​បាន​ប៉ុនប៉ង​ធ្វើជា​អាជ្ញាកណ្តាល​ក្នុង​រឿង​សមូ​ទ្រ​ចិន​ខាងត្បូង ថា កុំ​លូកលាន់​បញ្ហា​ក្នុង​តំបន់ ។ ក្រុង​ប៉េកាំង ក៏បាន​ប្តេជ្ញា​ការពារ​ដែន​អធិបតេយ្យ​របស់ខ្លួន​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង​ផងដែរ ។



​ក្នុង​សន្និសីទ​សារព័ត៌មាន​ប្រចាំថ្ងៃ​របស់​ក្រសួង​ការ​បរ​ទស​ចិន​នៅ​ថ្ងៃ​១៣ វិច្ឆិកា អ្នកសារព័ត៌មាន បាន​សួរ​អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន ថា ចិន យល់ឃើញ​យ៉ាងណា​ចំពោះ​ការលើកឡើង​របស់លោក​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ​ទៅកាន់​វៀតណាម លើ​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង ។

« យើង ជឿជាក់ថា ប្រទេស​ក្នុង​តំបន់ មាន​ទាំង​ឆន្ទៈ និង​សមត្ថភាព​គ្រប់គ្រាន់​សម្រាប់​ដោះស្រាយ​លើ​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង ។ ជាមួយគ្នានេះ យើង ក៏​សង្ឃឹម​ដែរ​ថា ប្រទេស​ខាងក្រៅ​តំបន់ គោរព​កិច្ចប្រឹងប្រែង​ដែល​ធ្វើ​ដោយ​ប្រទេស​ក្នុង​តំបន់​ដើម្បី​រក្សា​សន្តិភាព និង​ស្ថិរភាព​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង​»​។ នេះ​គឺជា​សេចក្តីថ្លែងការណ៍ និង​ជា​ចម្លើយ​តប​ទៅនឹង​សំណួរ​ខាងលើ​របស់​អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន លោក Geng Shuang ។

​លោកអ្នក​នាំពាក្យ​ដដែល​នោះ បាន​បន្ថែមទៀតថា ជំហរ​របស់​ចិន​មិនដែល​ប្រែប្រួល​ឡើយ ពោលគឺ ចិន នៅតែ​ប្តេជ្ញា​ជានិច្ច​ក្នុងការ​ដោះស្រាយ​ជម្លោះ​ជាមួយនឹង​ប្រទេស​ពាក់ព័ន្ធ​ជម្លោះ​ដោយផ្ទាល់​តាមរយៈ​កិច្ចសន្ទនា និង​ការពិគ្រោះ​យោបល់ ។

​សូម​រម្លឹក​ផងដែរ​ថា ក្នុងពេល​បំពេញ​ទស្សនកិច្ច​ផ្លូវរដ្ឋ​នៅ​វៀតណាម ប្រធានាធិបតី​អាមេរិក លោក ដូ​ណា​ល់​ត្រាំ បាន​អះអាងថា លោក គឺជា​អាជ្ញាកណ្តាល និង​ម​ជ្ឈ​ត្ត​ករ​ដ៏​ពូកែ​មួយរូប​។ ក្នុងករណី​ដែល វៀតណាម ត្រូវការ​លោក ឬ​លោក អាចជួយ​អ្វី​បាន​ក្នុង​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​នោះ លោក ត្រាំ បានផ្តល់​លទ្ធភាព​សម្រាប់​វៀតណាម​ដើម្បី​ជូនដំណឹង​ទៅ​លោក ហើយ​លោក នឹង​ជួយ ។

​សូម​ជម្រាប​ផងដែរ​ថា ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង មាន​រដ្ឋ​ពាក់ព័ន្ធ​អាស៊ាន​ដូចជា ព្រុយ​ណេ ម៉ាឡេស៊ី ហ្វីលីពីន និង​វៀតណាម ជាមួយនឹង​ចិន ៕


Tag:
 ​ចិន​
  អាមេរិក​
  សមុទ្រ​ចិន​ខាងត្បូង​
© រក្សាសិទ្ធិដោយ thmeythmey.com