ពីនេះ ពីនោះ
បដិមា«វិស្ណុផ្ទំ»ធំជាងគេប្រចាំប្រទេសអាស៊ីអាគ្នេយ៍
× បដិមាសំរឹទ្ធិ «វិស្ណុផ្ទំ» ដែលបុរាណវិទូបានរកឃើញ ជាបដិមាធំជាងគេនៅប្រទេសអាស៊ីអាគ្នេយ៍ ដែលមានប្រវែង៦ម៉ែត្រ។ បដិមា«វិស្ណុផ្ទំ»នេះ ត្រូវបានជីកកកាយឃើញ ទាំងមានការបាក់បែក ហើយផ្គុំបានជាបដិមាវិស្ណុនេះឡើង ក្នុងឆ្នាំ១៩៣៦ នៅប្រាសាទមេបុណ្យខាងលិច។ ប្រាសាទមេបុណ្យខាងលិច ជាប្រាសាទមួយស្ថាបនាឡើងក្នុងសតវត្សទី១១ ក្នុងរាជ្យកាលព្រះបាទឧទយាទិត្យវរ្ម័នទី២ ដើម្បីឧទ្ទិសថ្វាយព្រះវិស្ណុ។ នៅចំកណ្តាលប្រាសាទមេបុណ្យខាងលិច ត្រូវគេចាត់ទុកជាកន្លែងសម្រាប់តម្កល់បល្ល័ង្ក។ សព្វថែ្ងរូប«បដិមាវិស្ណុផ្ទំ» នេះ ត្រូវបានម្កល់ក្នុងសារមន្ទីរជាតិ ដើម្បីឲ្យប្រជាពលរដ្ឋទស្សនា ភ្ងៀវជាតិ និងអន្តរជាតិ បានស្វែងយល់ពីវត្ថុបុរាណខ្មែរ។
បើតាមសៀវភៅប្រវត្តិសាស្ត្រ «អាថ៌កំបាំងអង្គរភាគ២» ការរកឃើញបដិមាវិស្ណុផ្ទំនេះ មិនមែនជារឿងចៃដន្យទេ។ អ្នកភូមិអង្គរម្នាក់ បានសុបិនឃើញព្រះពុទ្ធមួយអង្គ មកពន្យល់សប្តិ ឲ្យទៅជីកព្រះអង្គចេញពីក្នុងដី ព្រោះព្រះអង្គថប់ដង្ហើមណាស់ ដូច្នេះក៏បានទៅប្រាប់អ្នកអភិរក្សជនជាតិបារាំងម្នាក់ ឲ្យទៅកម្ទេចថ្ម ហើយបានឃើញបំណែកបដិមាសំរឹទ្ធ យ៉ាងអស្ចារ្យផ្គាប់មុខចុះក្រោម មានគ្រឿងតុបតែងខ្លួន ព្រមទាំងដៃ និងគ្រឿងបំណែកផ្សេងៗផងដែរ។ បន្ទាប់មកទៀត គេក៏បានផ្គុំបានជារូបបដិមាវិស្ណុផ្ទំនេះឡើង។
ប្រាសាទមេបុណ្យខាងលិច ឋិតនៅចំកណ្តាលបារាយណ៍ដ៏ធំមួយ។ ភ្ញៀវជាតិ និងអន្តរជាតិ ដែលចង់ទៅទស្សនា គឺត្រូវធ្វើដំណើរដោយទូក។ មានកំពែងមួយជាន់ ដែលសង់ពីភក់ ព័ទ្ធជុំវិញស្រះធំមួយ។ នៅចំកណ្តាលប្រាសាទមានកូនប្រាសាទមួយ កាលពីបុរាណមានបដិមាវិស្ណុផ្ទំ ធ្វើអំពីសំរឹទ្ធដែលមានផ្កាឈូកទ្រព្រះព្រហ្មដុះចេញពីផ្ចិត។ ប៉ុន្តែបច្ចុប្បន្នកាល មានសល់តែខឿន ដែលជាបល្ល័ង្គធ្វើអំពីថ្មភក់ប៉ុណ្ណោះ។ នៅកណ្តាលប្រាសាទ មានអណ្តូងមួយ ដែលឆ្លាក់ជាលិង្គព្រះឥសូរ ចាក់ចូលទៅក្នុងដីបាតបារាយណ៍។ លោក«អាំង ជូលាន» នរវិទូបានពន្យល់ថា៖« លិង្គព្រះឥសូរ គឺតំណាងឲ្យមានការរីកចម្រើនផ្នែកកសិកម្ម ដំណាំភោគផល ដែលធ្វើឲ្យទឹកបារាយណ៍ ក្លាយជាទឹកដ៏ប្រពៃ សម្រាប់ហូរចូលទៅប្រោះព្រំដីស្រែអ្នកភូមិ»៕
Tag:
វិស្ណុផ្ទំ
មេបុណ្យខាងលិច
សារមន្ទីរជាតិ
អាស៊ីអាគ្នេយ៍
© រក្សាសិទ្ធិដោយ thmeythmey.com