ពីនេះ ពីនោះ
បដិមា​«​វិស្ណុ​ផ្ទំ​»​ធំជាងគេ​ប្រចាំ​ប្រទេស​អាស៊ីអាគ្នេយ៍​
15, Nov 2017 , 8:39 am        
រូបភាព
ដោយ: ថ្មីៗ
​បដិមា​សំរឹទ្ធិ «​វិស្ណុ​ផ្ទំ​» ដែល​បុរាណ​វិទូ​បាន​រកឃើញ ជា​បដិមា​ធំជាងគេ​នៅ​ប្រទេស​អាស៊ីអាគ្នេយ៍ ដែលមាន​ប្រវែង​៦​ម៉ែត្រ​។ បដិមា​«​វិស្ណុ​ផ្ទំ​»​នេះ ត្រូវបាន​ជីក​កកាយ​ឃើញ ទាំង​មានការ​បាក់បែក ហើយ​ផ្គុំ​បានជា​បដិមា​វិស្ណុ​នេះ​ឡើង ក្នុង​ឆ្នាំ​១៩៣៦ នៅ​ប្រាសាទមេបុណ្យខាងលិច​។ ប្រាសាទមេបុណ្យខាងលិច ជា​ប្រាសាទ​មួយ​ស្ថាបនា​ឡើង​ក្នុង​សតវត្ស​ទី​១១ ក្នុង​រាជ្យ​កាល​ព្រះបាទ​ឧទ​យា​ទិ​ត្យ​វរ្ម័នទី​២ ដើម្បី​ឧទ្ទិស​ថ្វាយ​ព្រះ​វិស្ណុ​។ នៅ​ចំ​កណ្តាល​ប្រាសាទមេបុណ្យខាងលិច ត្រូវគេ​ចាត់ទុកជា​កន្លែង​សម្រាប់​តម្កល់​បល្ល័ង្ក​។ សព្វ​ថែ្ង​រូប​«​បដិមា​វិស្ណុ​ផ្ទំ​» នេះ ត្រូវបាន​ម្ក​ល់​ក្នុង​សារមន្ទីរ​ជាតិ ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​ទស្សនា ភ្ងៀ​វ​ជាតិ និង​អន្តរជាតិ បាន​ស្វែងយល់​ពី​វត្ថុ​បុរាណ​ខ្មែរ​។​



​បើតាម​សៀវភៅ​ប្រវត្តិសាស្ត្រ «​អាថ៌កំបាំង​អង្គរ​ភាគ​២» ការរកឃើញ​បដិមា​វិស្ណុ​ផ្ទំ​នេះ មិនមែនជា​រឿង​ចៃដ​ន្យ​ទេ​។ អ្នកភូមិ​អង្គរ​ម្នាក់ បាន​សុបិន​ឃើញ​ព្រះពុទ្ធ​មួយអង្គ មក​ពន្យល់​ស​ប្តិ ឲ្យ​ទៅ​ជីក​ព្រះអង្គ​ចេញពី​ក្នុង​ដី ព្រោះ​ព្រះអង្គ​ថប់ដង្ហើម​ណាស់ ដូច្នេះ​ក៏បាន​ទៅប្រាប់​អ្នក​អភិរក្ស​ជនជាតិ​បារាំង​ម្នាក់ ឲ្យ​ទៅ​កម្ទេច​ថ្ម ហើយ​បានឃើញ​បំណែក​បដិមា​សំរឹទ្ធ យ៉ាង​អស្ចារ្យ​ផ្គាប់​មុខ​ចុះក្រោម មាន​គ្រឿង​តុបតែង​ខ្លួន ព្រមទាំង​ដៃ និង​គ្រឿង​បំណែក​ផ្សេងៗ​ផងដែរ​។ បន្ទាប់មកទៀត គេ​ក៏បាន​ផ្គុំ​បានជា​រូប​បដិមា​វិស្ណុ​ផ្ទំ​នេះ​ឡើង​។

​ប្រាសាទមេបុណ្យខាងលិច ឋិត​នៅ​ចំ​កណ្តាល​បារាយណ៍​ដ៏​ធំ​មួយ​។ ភ្ញៀវ​ជាតិ និង​អន្តរជាតិ ដែល​ចង់ទៅទស្សនា គឺត្រូវធ្វើ​ដំណើរ​ដោយ​ទូក​។ មាន​កំពែង​មួយ​ជាន់ ដែល​សង់​ពី​ភក់ ព័ទ្ធជុំវិញ​ស្រះ​ធំ​មួយ​។ នៅ​ចំកណ្តាល​ប្រាសាទ​មានកូន​ប្រាសាទ​មួយ កាលពី​បុរាណ​មាន​បដិមា​វិស្ណុ​ផ្ទំ ធ្វើ​អំពី​សំរឹទ្ធ​ដែលមាន​ផ្កាឈូក​ទ្រ​ព្រះព្រហ្ម​ដុះ​ចេញពី​ផ្ចិត​។ ប៉ុន្តែ​បច្ចុប្បន្នកាល មាន​សល់​តែ​ខឿន ដែលជា​ប​ល្ល័​ង្គ​ធ្វើ​អំពី​ថ្មភក់​ប៉ុណ្ណោះ​។ នៅ​កណ្តាល​ប្រាសាទ មាន​អណ្តូង​មួយ ដែល​ឆ្លាក់​ជា​លិង្គព្រះឥសូរ ចាក់​ចូលទៅក្នុង​ដី​បាត​បារាយណ៍​។ លោក​«​អាំង ជូ​លាន​» នរ​វិទូ​បាន​ពន្យល់ថា​៖« លិង្គព្រះឥសូរ គឺ​តំណាង​ឲ្យ​មានការ​រីកចម្រើន​ផ្នែក​កសិកម្ម ដំណាំ​ភោគផល ដែល​ធ្វើ​ឲ្យ​ទឹក​បារាយណ៍ ក្លាយជា​ទឹក​ដ៏​ប្រពៃ សម្រាប់​ហូរ​ចូលទៅ​ប្រោះព្រំ​ដីស្រែ​អ្នកភូមិ​»៕


Tag:
 វិស្ណុ​ផ្ទំ
  មេបុណ្យ​ខាងលិច
  សារមន្ទីរ​ជាតិ
  អាស៊ីអាគ្នេយ៍​
© រក្សាសិទ្ធិដោយ thmeythmey.com