កីឡាជាតិ
ជាតិ
អត្តពលិកកីឡាការ៉ាតេដូចំនួន១៩នាក់ចេញទៅហ្វឹកហាត់នៅជប៉ុនដែលជាម្ចាស់ក្បាច់គុន
× តាមរយៈក្រសួងការបរទេសជប៉ុនក្រុមអត្តពលិកកីឡាការ៉ាតេដូចំនួន១៩នាក់(ស្រី១៣នាក់)ទទួលបានឱកាសចេញទៅហ្វឹកហាត់ពង្រឹងសមត្ថភាពនៅប្រទេសជប៉ុនដែលជាប្រទេសម្ចាស់ក្បាច់គុនរយៈពេលមួយសប្តាហ៍។ ក្រៅពីការហ្វឹកហាត់នេះ អត្តពលិកកម្ពុជានឹងចែករំលែកវប្បធម៌ជាមួយជនជាតិជប៉ុន និងទស្សនាតំបន់ទេសចរណ៍វប្បធម៌ប្រវត្តិសាស្ត្រនៅទីនោះទៀតផង។
អត្តពលិកកីឡាការ៉ាតេដូចំនួន១៩នាក់និងប្រធានប្រតិភូ១នាក់កាលពីយប់ថ្ងៃទី១៣ ខែវិច្ឆិកា បានចាកចេញពីកម្ពុជាទៅកាន់ប្រទេសជប៉ុន ដើម្បីហ្វឹកហាត់ពង្រឹងបច្ចេកទេសនៅលើកោះអូគីណាវ៉ាដែលជាកន្លែងកកើតក្បាច់គុនការ៉ាតេដូ។ ការហ្វឹកហាត់នេះនឹងធ្វើឡើងរយៈពេល១សប្តាហ៍ចន្លោះពីថ្ងៃទី១៤ដល់ថ្ងៃទី២១ ខែវិច្ឆិកា។ នេះបើយោងតាមការបញ្ជាក់របស់កញ្ញា ជា ថារី សមាជិកប្រតិបត្តិរបស់ខេមរៈសហព័ន្ធកីឡាការ៉ាតេដូកម្ពុជានិងជាប្រធានប្រតិភូ។
«យើងត្រូវហ្វឹកហាត់នៅលើកោះអូគីណាវ៉ាដែលជាកន្លែងកកើតក្បាច់គុនការ៉ាតេដូ ប៉ុន្តែនៅក្នុងកម្មវិធីយើងហ្វឹកហាត់តែ៣ថ្ងៃប៉ុណ្ណោះ។ ចំណែកពេលវេលាដែលនៅសល់យើងនឹងផ្លាស់ប្តូរវប្បធម៌ជាមួយជនជាតិជប៉ុន និងទស្សនាទីកន្លែងប្រវត្តិសាស្ត្រផ្សេងៗរបស់ជប៉ុន»។ នេះជាការលើកឡើងរបស់កញ្ញា ជា ថារី ដែលបានបន្ថែមថា៖«ការហ្វឹកហាត់នៅជប៉ុន វាជារឿងដែលពិសេសមែនទែន ព្រោះការ៉ាតេដូមានដើមកំណើតនៅជប៉ុន អ៊ីចឹងវាជាឱកាសមួយដែលពួកយើងបានទៅដល់កន្លែងកំណើតនៃការ៉ាតេដូ ជាពិសេសយើងបានរៀនពីរបៀបនៃការលេងជាមួយការបង្ហាត់បង្ហាញពីគ្រូធំៗនៅប្រទេសជប៉ុន»។
ក្នុងថ្ងៃជួបសំណេះសំណាលជាមួយក្រុមអត្តពលិកការ៉ាតេដូមុនចេញដំណើរកាលពីថ្ងៃទី១៣ វិច្ឆិកា នៅទីស្នាក់ការ NOCC ក្រៅពីពាំនាំថវិការបស់លោក អូន ព័ន្ធមុនីរ័ត្ន ជូនអត្តពលិកនិងប្រតិភូម្នាក់១០០ដុល្លារ លោក វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC បានផ្តាំផ្ញើឲ្យអត្តពលិកចេះស្រឡាញ់គ្នា យកចិត្តទុកដាក់ក្នុងការហ្វឹកហាត់ ជាពិសេសប្រកាន់ភ្ជាប់នៅសីលធម៌ល្អ ការរស់នៅល្អ ការហូបចុកស្នាក់នៅមានអនាម័យ ដើម្បីឲ្យប្រជាពលរដ្ឋជប៉ុនបានមើលឃើញពីទំនៀបទម្លាប់វប្បធម៌ដ៏ថ្លៃថ្នូររបស់ខ្មែរ៕
Tag:
ការ៉ាតេដូ
ជា ថារី
វ៉ាត់ ចំរើន
© រក្សាសិទ្ធិដោយ thmeythmey.com