ជាតិ
COP23៖​កម្ពុជា​អំពាវនាវ​ឲ្យ​ប្រទេស​អភិវឌ្ឍ​សម្រួល​ការផ្តល់​ហិរញ្ញវត្ថុ​ដើម្បី​ដោះស្រាយ​បញ្ហា​ប្រែប្រួល​អាកាសធាតុ​
14, Nov 2017 , 8:50 pm        
រូបភាព
លោក ជួប ប៉ារីស៍ អគ្គលេខាធិការង​នៃ​ក្រុមប្រឹក្សា​ជាតិ​ដើម្បី​ការអភិវឌ្ឍ​ដោយ​ចីរភាព (NCSD)
លោក ជួប ប៉ារីស៍ អគ្គលេខាធិការង​នៃ​ក្រុមប្រឹក្សា​ជាតិ​ដើម្បី​ការអភិវឌ្ឍ​ដោយ​ចីរភាព (NCSD)
Bonn៖ ខណៈ​លំហូរ​ហិរញ្ញវត្ថុ​ដើម្បី​ដោះស្រាយ​បញ្ហា​ប្រែប្រួល​អាកាសធាតុ​នៅ​ជា​ប្រធានបទ​ចម្រូងចម្រាស​ក្នុង​សន្និសីទ​អង្គការសហប្រជាជាតិ​នៃ​ការប្រែប្រួល​អាកាសធាតុ​លើក​ទី ២៣ (COP23) កម្ពុជា​ចង់ឃើញ​ប្រទេស​អភិវឌ្ឍ​បន្ត​ប្តេជ្ញាចិត្ត​ជួយផ្តល់​ហិរញ្ញ​វ​ត្ដុ ចែករម្លែក​បច្ចេកវិទ្យា  ក៏ដូចជា​ជួយ​ប្រទេស​ក្រីក្រ​កសាង​សមត្ថភាព​។ នេះ​ជាការ​លើកឡើង​របស់​ប្រតិភូ​កម្ពុជា​ដែល​មក​ចូលរួម​សន្និសីទ​នេះ​។​
 
​ក្នុង​សន្និសីទ​អង្គការសហប្រជាជាតិ​ស្តីពី​ការប្រែប្រួល​អាកាសធាតុ​លើក​ទី ២៣  នៅ​ក្រុង Bonn ប្រទេស​អាល្លឺម៉ង់ កម្ពុជា​ផ្តោតលើ​ការតាមដាន​កិច្ចការងារ​ដែល​ត្រូវធ្វើ​បន្ត​ដើម្បី​អនុវត្ត​កិច្ចព្រមព្រៀង​អាកាសធាតុ​ក្រុងប៉ារីស ហើយ​បញ្ហា​លំហូរ​ថវិកា​ជា​បញ្ហាសំខាន់​។​
 
​លោក ជួប ប៉ារីស៍  អគ្គនាយករង​នៃ​អគ្គលេខធិការងនៃ​ក្រុមប្រឹក្សា​ជាតិ​ដើម្បី​ការអភិវឌ្ឍ​ដោយ​ចីរភាព (NCSD) បាន​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ​ដូច្នេះ៖ ​«​ក្រោម​កិច្ចព្រមព្រៀង​ប្រែប្រួល​អាកាសធាតុ យើង​ត្រូវ​ប្រើប្រាស់​វិធានការ​ចំនួន​ពីរ​គឺ បន្សាំ (Adaptation) និង​បន្ថយ (Mitigation)​។ មួយទៀត​គឺ លំហូរ​ហិរញ្ញវត្ថុ​ជួយ​ប្រទេស​ក្រីក្រ​សម្រាប់​ការអនុវត្ត​វា​ឲ្យ​បាន​ជោគជ័យ​»​។​
 
«​ដូច្នេះហើយ យើង​មក​សន្និសីទ​នេះ (COP) គឺ​ដើម្បី​ជជែក​ត្រូវ​ដោះស្រាយ និង​តាម​ការងារ​នេះ​។  គោលការណ៍​ណែនាំ វិធីសាស្ត្រ​អនុវត្ត ការអនុវត្ត ជាពិសេស​ការបង្ហូរ​ថ​វិកា​សម្រាប់​ទ្រទ្រង់​គម្រោង​ប្រែប្រួល​អាកាសធាតុ​ជាដើម​ជា​អ្វីដែល​យើង​កំពុង​ជជែក​គ្នា​»​។​
 
​ក្រោម​កិច្ចព្រមព្រៀង​ប្រែប្រួល​អាកាសធាតុ​ក្រុងប៉ារីស​ឆ្នាំ ២០១៥ កម្ពុជា​ក៏ដូចជា​បណ្តា​រដ្ឋ​ដទៃទៀត​នៅ​ទូទាំង​ពិភពលោក​ត្រូវ​ប្រឹងប្រែង​ធ្វើយ៉ាងណា​ធានា​កម្រិត​សីតុណ្ហភាព​កុំ​ឲ្យ​កើន​លើស ២ ភាគរយ​គិត​ត្រឹម​ឆ្នាំ ២១០០ ខាងមុខ​។ 
 
​បន្ថែម​ពីនេះ​ដើម្បី​សម្រេច​គោលដៅ ប្រទេស​សមាជិក ១៩៧ ទូទាំង​ពិភពលោក​ប្តេជ្ញា​ប្រមែរ​ប្រមូល​ថវិកា​ឲ្យ​បាន ១០០​ពាន់​លាន​ក្នុង​មួយឆ្នាំ​ដើម្បី​ជួយ​ប្រទេស​ក្រីក្រ និង​ងាយ​រងគ្រោះ​ត្រឹម​ឆ្នាំ ២០២០​។ យ៉ាងណាក៏ដោយ ប្រមែរ​ប្រមូល​ហិរញ្ញវត្ថុ​នេះ​នៅតែ​ជា​បញ្ហា​ចម្រូងចម្រាស​សម្រាប់​ការចរចា​រវាង​ប្រទេស​ពាក់ព័ន្ធ​។ 
 
 
​សម្រាប់​មន្ត្រី​ក្រុម​ប្រឹក្សាជាតិ​ដើម្បី​ការអភិវឌ្ឍ​ដោយ​ចីរភាព​ខាងលើ កម្ពុជា​ត្រូវ​ការកសាង​សមត្ថភាព ចែករម្លែក​បច្ចេកវិទ្យា និង​ថវិកា​ដើម្បី​អនុវត្ត​គម្រោង​នានា​ពាក់ព័ន្ធ​ការដោះស្រាយ​បញ្ហា​អាកាសធាតុ​ខ្លាំងជាងគេ​។ ប្រទេស​នេះ​ក៏​ចង់​ឲ្យ​ប្រទេស​អភិវឌ្ឍ​បន្ត​សម្រួល​ដើម្បី​ឲ្យ​ប្រទេស​ក្រីក្រ​ងាយស្រួល​ទទួលបាន​ហិរញ្ញវត្ថុ​ដើម្បី​គាំទ្រ​គម្រោង​នានា​ដូចជា​កម្មវិធី​បន្សាំ និង​កា​ត់ប​ន្ថ​បញ្ហា​ប្រឈម​នៃ​ការប្រែប្រួល​អាកាសធាតុ​នេះ​។ 
 
​សូមបញ្ជាក់ថា កម្ពុជា​ត្រូវបាន​គេ​ស្គាល់​ថា ជា​ប្រទេសមួយ​នៅក្នុង​តំបន់​ដែល​រងគ្រោះ​ខ្លាំងជាងគេ​ដោយសារ​ការប្រែប្រួល​អាកាសធាតុ​នេះ​។ កម្ពុជា​ប្រឈម​គ្រោះមហន្តរាយធម្មជាតិ​ដូចជា​ខ្យល់ព្យុះ ទឹកជំនន់ រាំងស្ងួត និង​រលក​កម្តៅ​កើតឡើង​ថែមទៀត​កន្លងមកនេះ​៕ 
 
 

Tag:
 COP23
  ប្រែប្រួលអាកាសធាតុ
  ជួប ប៉ារីស៍
  កិច្ចព្រមព្រៀងអាកាសធាតុ
© រក្សាសិទ្ធិដោយ thmeythmey.com