កីឡាជាតិ
ជាតិ
ក្រោយចាញ់ហ្សកដានី កម្ពុជាអស់ឱកាស តែសល់ជំនួបបង្ក្រប់កិច្ចជាមួយអាហ្វហ្គានីស្ថានឆ្នាំក្រោយ ឈិន ឈឿន ប៉ះទង្គិចជាមួយខ្សែការពារហ្សកដានី។ រូបថត សឿន វណ្ណឌេត
× កម្ពុជា និងអាហ្វហ្គានីស្ថាន បានបាត់បង់ឱកាសហើយក្នុងការឈានទៅជុំចុងក្រោយនៃពានរង្វាន់ AFC Asian Cup ឆ្នាំ២០១៩នៅប្រទេសអារ៉ាប់រួម អេមីរ៉ាត។ នាការប្រកួតនៅថ្ងៃទី១៤ ខែវិច្ឆិកា កម្ពុជាបានចាញ់ក្រុមភ្ញៀវហ្សកដានី ១-០ ខណៈម្ចាស់ផ្ទះវៀតណាម និងអាហ្វហ្គានីស្ថាន គ្មានការស៊ុតបាល់បញ្ចូលទី។ ជាមួយនឹងការប្រកួតមួយទៀតដែលនៅសេសសល់រៀងៗខ្លួន ហ្សកដានី និងវៀតណាម បានកៅអីទៅអារ៉ាប់រួម អេមីរ៉ាត ខណៈកម្ពុជា និងអាហ្វហ្គានីស្ថាន រង់ចាំជំនួបបង្ក្រប់កិច្ចនៅចុងខែមិនា ឆ្នាំ២០១៨ ។
ការវិលត្រឡប់មកដឹកនាំក្រុមជម្រើសជាតិកម្ពុជាជាលើកទីបីរបស់លោក ប្រាក់ សុវណ្ណារ៉ា រងបរាជ័យទាំងពីរលើកនៅទឹកដីខ្លួនឯង ដោយចាញ់មីយ៉ាន់ម៉ា ២-១ ក្នុងជំនួបមិត្តភាពអន្តរជាតិ និងបន្តចាញ់ហ្សកដានី ១-០ នៅថ្ងៃអង្គារ ទី១៤ ខែវិច្ឆិកា ក្នុងការប្រកួតវគ្គជម្រុះ AFC Asian Cup។
ជ័យជម្នះ ១-០ របស់ហ្សកដានី រកបានដោយ ខ្សែបម្រើដើមកំណើតប៉ាឡេស្ទីន Munther Abu Amarah ដែលកំពុងលេងឲ្យក្លិបអារ៉ាប់រួមអេមីរ៉ាត Khor Fakkan Club។ ឆ្លងកាត់ការប្រកួត៥លើកនៅក្នុងពូល C ហ្សកដានីទទួលបាន១១ពិន្ទុ ខណៈវៀតណាមជាប់លេខ២មាន៩ពិន្ទុ ដែលត្រូវបានកៅអីទៅកាន់អារ៉ាប់រួមអេមីរ៉ាត។ ហ្សកដានី និងវៀតណាម ត្រូវតទល់គ្នាដើម្បីដណ្តើមចំណាត់ថ្នាក់លេខ១ក្នុងពូល រីឯកម្ពុជា និងអាហ្វហ្គានីស្ថាន គ្រោងប៉ះគ្នាបង្គ្រប់កិច្ចនៅទឹកដីតាហ្ស៊ីគីស្ថាន ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៧ ខែមិនា ឆ្នាំ២០១៨។
នៅមុនចាញ់ហ្សកដានី ១-០ ក្រោមការដឹកនាំរបស់លោកប្រាក់ សុវណ្ណារ៉ា ក្រុមជម្រើសជាតិកម្ពុជា ត្រូវបានដឹកនាំដោយគ្រូបង្វឹកប្រេស៊ីល លោក Leonardo Vitorino។ យោងតាមលទ្ធផល៤លើកមុន កម្ពុជាចាញ់ហ្សកដានី ៧-០ នៅក្រុង Amman ចាញ់វៀតណាម ២-១ នៅក្នុងដី និងចាញ់ ៥-០ នៅហាណូយ ប៉ុន្តែមានកំណត់ត្រាឈ្នះ១ប្រកួត ជាមួយនឹងលទ្ធផល ១-០ លើអាហ្វហ្គានីស្ថាន នៅពហុកីឡដ្ឋានជាតិ។
ស៊ូ យ៉ាទី, រស់ សំអឿន, សារ៉េត គ្រីយ៉ា, សឿយ វិសាល, កែវ សុខផេង, គួច សុគម្ភៈ (ប្រធានក្រុម), សុះ ស៊ូហាណា (ហូយ ផល្លីន ៧៣), នុប តុលា (ប្រាក់ មុន្នីឧត្តម ៥៦), អ៊ុក សុធី (ចាន់ វឌ្ឍនាកា ២០), សុខ សុវណ្ណ៕
Tag:
AFC Asian Cup
ប្រាក់ សុវណ្ណារ៉ា
បាល់ទាត់
© រក្សាសិទ្ធិដោយ thmeythmey.com