ជាតិ
សេដ្ឋកិច្ច
ការនាំចេញអង្ករទៅប្រទេសបង់ក្លាដែស មិនទាន់អាចសម្រេចបានទេនៅចុងឆ្នាំនេះ
× ភ្នំពេញ៖ ការនាំចេញអង្ករកម្ពុជាទៅប្រទេសបង់ក្លាដែស សម្រាប់ដំណាក់កាលដំបូងចុងឆ្នាំ២០១៧នេះ មិនអាចធ្វើទៅបានដូចការគ្រោងទុកនោះទេ។
កាលពីខែសីហាឆ្នាំ២០១៧នេះ កម្ពុជា និងបង់ក្លាដែស បានចុះកិច្ចព្រមព្រៀងទិញ-លក់អង្ករចំនួន ១លានតោនក្នុងរយៈពេល៥ឆ្នាំ ដោយចាប់ផ្ដើមអនុវត្តពីឆ្នាំនេះនូវចំនួនអង្ករស និងអង្ករចំហុយ ២៥ម៉ឺនតោន។ ប៉ុន្តែការនាំចេញអង្ករដូចការគ្រោងទុកនេះមិនអាចសម្រេចបានឡើយនៅចុងឆ្នាំនេះ។
លោក ហ៊ុន ឡាក់ អនុប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា (CRF) បានឲ្យដឹងថា ការនាំចេញអង្ករដំណាក់កាលដំបូងនេះ ត្រូវបានលើកពេល ដោយភាគីទាំងពីរមិនទាន់ឯកភាពគ្នាទាំងស្រុងលើលក្ខខណ្ឌនៃការជួញដូរនេះ។ លោកបន្ថែមថា ក្នុងខែធ្នូឆ្នាំនេះ ភាគីទាំងពីរនឹងចរចាគ្នាម្ដងទៀត។ ខាងភាគីកម្ពុជា គឺមានក្រុមហ៊ុន ហ្គ្រីនត្រេដ ដែលចំណុះឲ្យក្រសួងពាណិជ្ជកម្ម និង CRF ជាអ្នកមានបន្ទុកការងារបច្ចេកទេសចំពោះកិច្ចព្រមព្រៀងខាងលើនេះ។
លោក ហ៊ុន ឡាក់ បានថ្លែងប្រាប់សារព័ត៌មានថ្មីៗថា ការនាំចេញអង្ករទៅបង់ក្លាដែស ទំនងចាប់ផ្ដើមអនុវត្តពីឆ្នាំ២០១៨ ខាងមុខ។ លោកមានប្រសាស៍យ៉ាងដូច្នេះថា៖«រឿងនេះច្បាស់ជាទៅពេលនោះ (ឆ្នាំ២០១៨) ហើយ បើខែធ្នូអាចចូលដល់ចំណុចរួមគ្នាបាន»។
អនុប្រធាន CRF រូបនេះអះអាងថា កម្ពុជាមានស្រូវអង្ករគ្រប់គ្រាន់ ដើម្បីបំពេញតម្រូវការរបស់បង់ក្លាដែស ប៉ុន្តែការសន្យានាំចេញអង្ករតាមការបញ្ជាទិញក្នុងដំណាក់កាលដំបូងនោះមិនសមស្របនឹងពេលវេលា។ លោកបញ្ជាក់ដូចនេះថា៖«យើងមានទិន្នផលស្រូវដែលសល់សម្រាប់កែច្នៃនាំចេញដល់ទៅ១លានតោន គឺយើងមាន ប៉ុន្តែពេលវេលាយើងជជែកជាមួយបង់ក្លាដែសនៅខែកញ្ញា គឺខើចពេលទៅហើយសម្រាប់ប្រភេទអង្ករសវែង។ ធម្មតាស្រូវរបស់យើង ពេលកសិករប្រមូលផល គឺគាត់ត្រូវការលក់ បើសិនណាយើងមិនមានឃ្លាំងស្តុក និងឡសម្ងួត ទប់ស្រូវទាំងនោះទេ គឺវាហូរចេញ ដែលធ្វើឲ្យខ្វះអង្ករដូចនេះឯង»៕
© រក្សាសិទ្ធិដោយ thmeythmey.com