ជាតិ
សេដ្ឋកិច្ច
ការនាំចេញ​អង្ករ​ទៅ​ប្រទេស​បង់​ក្លា​ដែ​ស មិនទាន់​អាច​សម្រេច​បានទេ​នៅ​ចុង​ឆ្នាំនេះ​
15, Nov 2017 , 9:18 am        
រូបភាព
ដោយ:
​ភ្នំពេញ​៖ ការនាំចេញ​អង្ករ​កម្ពុជា​ទៅ​ប្រទេស​បង់​ក្លា​ដែ​ស សម្រាប់​ដំណាក់កាល​ដំបូង​ចុងឆ្នាំ​២០១៧​នេះ មិនអាច​ធ្វើទៅបាន​ដូច​ការគ្រោងទុក​នោះទេ​។​



​កាលពី​ខែសីហា​ឆ្នាំ​២០១៧​នេះ កម្ពុជា និង​បង់​ក្លា​ដែ​ស បាន​ចុះ​កិច្ចព្រមព្រៀង​ទិញ​-​លក់​អង្ករ​ចំនួន ១​លាន​តោន​ក្នុង​រយៈពេល​៥​ឆ្នាំ ដោយ​ចាប់ផ្ដើម​អនុវត្ត​ពី​ឆ្នាំនេះ​នូវ​ចំនួន​អង្ក​រស និង​អង្ករ​ចំហុយ ២៥​ម៉ឺន​តោន​។ ប៉ុន្តែ​ការនាំចេញ​អង្ករ​ដូច​ការគ្រោងទុក​នេះ​មិនអាច​សម្រេច​បានឡើយ​នៅ​ចុង​ឆ្នាំនេះ​។​

​លោក ហ៊ុន ឡាក់ អនុប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា (CRF) បាន​ឲ្យ​ដឹងថា ការនាំចេញ​អង្ករ​ដំណាក់កាល​ដំបូង​នេះ ត្រូវបាន​លើក​ពេល ដោយ​ភាគី​ទាំងពីរ​មិនទាន់​ឯកភាពគ្នា​ទាំងស្រុង​លើ​លក្ខខណ្ឌ​នៃ​ការជួញដូរ​នេះ​។ លោក​បន្ថែមថា ក្នុង​ខែធ្នូ​ឆ្នាំនេះ ភាគី​ទាំងពីរ​នឹង​ចរចា​គ្នា​ម្ដងទៀត​។ ខាង​ភាគី​កម្ពុជា គឺមាន​ក្រុមហ៊ុន ហ្គ្រី​ន​ត្រេ​ដ ដែល​ចំណុះ​ឲ្យ​ក្រសួងពាណិជ្ជកម្ម និង CRF ជា​អ្នកមាន​បន្ទុក​ការងារ​បច្ចេកទេស​ចំពោះ​កិច្ចព្រមព្រៀង​ខាងលើនេះ​។​

​លោក ហ៊ុន ឡាក់ បាន​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា  ការនាំចេញ​អង្ករ​ទៅ​បង់​ក្លា​ដែ​ស ទំនង​ចាប់ផ្ដើម​អនុវត្ត​ពី​ឆ្នាំ​២០១៨ ខាងមុខ​។ លោក​មាន​ប្រសា​ស៍​យ៉ាង​ដូច្នេះ​ថា​៖«​រឿងនេះ​ច្បាស់​ជា​ទៅ​ពេលនោះ (​ឆ្នាំ​២០១៨) ហើយ បើ​ខែធ្នូ​អាច​ចូលដល់​ចំណុចរួម​គ្នា​បាន​»​។​

​អនុប្រធាន CRF រូបនេះ​អះអាងថា កម្ពុ​ជាមាន​ស្រូវ​អង្ករ​គ្រប់គ្រាន់ ដើម្បី​បំពេញតម្រូវការ​របស់​បង់​ក្លា​ដែ​ស ប៉ុន្តែ​ការសន្យា​នាំចេញ​អង្ករ​តាម​ការបញ្ជាទិញ​ក្នុងដំណាក់កាល​ដំបូង​នោះ​មិន​សមស្រប​នឹង​ពេលវេលា​។ លោក​បញ្ជាក់​ដូចនេះ​ថា​៖«​យើង​មាន​ទិន្នផល​ស្រូវ​ដែល​សល់​សម្រាប់​កែច្នៃ​នាំចេញ​ដល់​ទៅ​១​លាន​តោន គឺ​យើង​មាន ប៉ុន្តែ​ពេលវេលា​យើង​ជជែក​ជាមួយ​បង់​ក្លា​ដែ​ស​នៅ​ខែកញ្ញា គឺ​ខើច​ពេល​ទៅហើយ​សម្រាប់​ប្រភេទ​អង្ករ​សវែង​។ ធម្មតា​ស្រូវ​របស់​យើង ពេល​កសិករ​ប្រមូល​ផល គឺ​គាត់​ត្រូវ​ការលក់ បើសិនណា​យើង​មិនមាន​ឃ្លាំង​ស្តុក និង​ឡស​ម្ងួ​ត ទប់​ស្រូវ​ទាំង​នោះទេ គឺ​វា​ហូរ​ចេញ ដែល​ធ្វើ​ឲ្យ​ខ្វះ​អង្ករ​ដូច​នេះឯង​»៕



Tag:
 អង្ករ​
© រក្សាសិទ្ធិដោយ thmeythmey.com