ជាតិ
នយោបាយជាតិ
អាមេរិកថា ការរិះគន់របស់កម្ពុជា ផ្ទុយពីស្មារតីនៃការបង្កើនទំនាក់ទំនងល្អរវាងប្រទេសទាំងពីរ លោក Matt Pottinger ជំនួយការរងប្រធានាធិបតីអាមេរិក និងជាមន្ត្រីជាន់ខ្ពស់ទទួលបន្ទុកកិច្ចការអាស៊ី
× មន្ត្រីជាន់ខ្ពស់អាមេរិកថ្លែងថាការចោទប្រកាន់ និងរិះគន់របស់កម្ពុជាលើសហរដ្ឋអាមេរិក រួមទាំងអ្នកការទូតអាមេរិកនៅភ្នំពេញ គឺគ្មានមូលដ្ឋាន និងផ្ទុយពីស្មារតីនៃទំនាក់ទំនងទ្វេភាគី ដែលកំពុងតែប្រសើរ។ ការអះអាងដូច្នេះរបស់អាមេរិក ធ្វើឡើងក្នុងជំនួបរវាងមន្ត្រីជាន់ខ្ពស់អាមេរិក និងរដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា នៅឯកិច្ចប្រជុំកំពូលអាស៊ាន នាទីក្រុងម៉ានីល។
អាមេរិក បានលើកឡើងថា ការចោទប្រកាន់ និងរិះគន់លើសហរដ្ឋអាមេរិក រួមទាំងអ្នកការទូតអាមេរិកនៅកម្ពុជាផង គឺគ្មានមូលដ្ឋាន និងផ្ទុយពីស្មារតីនៃទំនាក់ទំនងទ្វេភាគីប្រកបដោយផ្លែផ្កា ដែលកំពុងតែប្រសើររវាងប្រទេសទាំង២។ ការលើកឡើងនេះ ធ្វើឡើងក្នុងជំនួបពិភាក្សារវាង លោក Matt Pottinger ជំនួយការរងប្រធានាធិបតីអាមេរិក និងជាមន្ត្រីជាន់ខ្ពស់ទទួលបន្ទុកកិច្ចការអាស៊ី និង លោក W. Patrick Murphy ឧបការីរង រដ្ឋមន្ត្រីការបរទេសអាមេរិកប្រចាំអាស៊ីអាគ្នេយ៍ ជាមួយ លោក ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជា នៅថ្ងៃទី១៤ ខែវិច្ឆិកា នៅឯកិច្ចប្រជុំកំពូលអាស៊ាន នាទីក្រុងម៉ានីល ប្រទេសហ្វីលីពីន។ នេះបើតាមស្ថានបេសសកកម្មសហរដ្ឋអាមេរិកប្រចាំតំបន់អាស៊ាន។
ជំនួបរវាងមន្ត្រីជាន់ខ្ពស់កម្ពុជា អាមេរិក ក៏កើតឡើងក្រោយ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ស្នើឲ្យលោក ដូណាល់ ត្រាំ ពិនិត្យមើលទង្វើទូតអាមេរិកនៅភ្នំពេញ និងពិចារណាលើការបង្វែរបំណុលមកជួយកម្ពុជាវិញ នាអំឡុងកិច្ចប្រជុំកំពូលលើកទី៥ ដើម្បីរំលឹកខួបអនុស្សាវរីយ៍លើកទី៤០ នៃទំនាក់ទំនងសន្ទនា អាស៊ាន-អាមេរិក។
តាមស្ថានបេសសកកម្មដដែល ជំនួបរវាងប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ជាមួយសម្តេច នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅឯហ្វីលីពីន នឹងផ្តល់លទ្ធភាពឲ្យប្រទេសទាំង២ មានឱកាសឈានឆ្ពោះទៅដោះស្រាយកង្វល់ និងបង្កើនទំនាក់ទំនងទ្វេភាគី។
តែយ៉ាងណាភាគីអាមេរិក ក៏មិនភ្លេចលើកពីកង្វល់របស់ខ្លួនអំពីការវិវត្តចុងក្រោយនៅកម្ពុជា ដែលអាមេរិក អះអាងថា ធ្វើឲ្យរាំងស្ទះដល់លទ្ធិប្រជាធិបតេយ្យរបស់កម្ពុជា រួមទាំងការរឹតត្បិតសេរីភាពសារព័ត៌មាន អង្កការសង្គមស៊ីវិល និងគណបក្សប្រឆាំង។ ប្រតិភូអាមេរិក ក៏បានគូសបញ្ជាក់ ជាមួយនឹងកង្វល់ផងដែរ ចំពោះការបន្តឃុំខ្លួន ឯកឧត្តម កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ។
អ្នកតំណាងពីសហរដ្ឋអាមេរិក ក៏បានបញ្ជាក់ពីសារសំខាន់នៃជំនួយបរទេសរបស់អាមេរិក នៅក្នុងកិច្ចប្រឹងប្រែងរបស់កម្ពុជា ក្នុងការសម្រេចបានភាពជោគជ័យ និងការរីកចម្រើនយ៉ាងខ្លាំងនៅប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ រួមទាំងការកសាងប្រព័ន្ធប្រជាធិបតេយ្យ ការសម្រេចបានដំណើរការសន្តិភាព វិបុលភាព និងការផ្សះផ្សាជាតិផង៕
© រក្សាសិទ្ធិដោយ thmeythmey.com