ជាតិ
​​​ន​យោ​បាយ​ជាតិ​
អាមេរិក​ថា ការរិះគន់របស់កម្ពុជា ផ្ទុយពី​​ស្មារតីនៃ​​ការបង្កើនទំ​នាក់ទំ​​នងល្អរវាង​​ប្រទេសទាំងពីរ​
15, Nov 2017 , 10:46 am        
រូបភាព
លោក Matt Pottinger ជំនួយការរងប្រធានាធិបតីអាមេរិក និងជាមន្ត្រីជាន់ខ្ពស់ទទួលបន្ទុកកិច្ចការអាស៊ី
លោក Matt Pottinger ជំនួយការរងប្រធានាធិបតីអាមេរិក និងជាមន្ត្រីជាន់ខ្ពស់ទទួលបន្ទុកកិច្ចការអាស៊ី
​មន្ត្រីជាន់ខ្ពស់​អាមេរិកថ្លែងថា​ការចោទប្រកាន់ និង​រិះគន់​របស់​កម្ពុជា​លើ​សហរដ្ឋអាមេរិក រួមទាំង​អ្នកការទូត​អាមេរិក​នៅ​ភ្នំពេញ គឺ​គ្មាន​មូលដ្ឋាន និង​ផ្ទុយ​ពី​ស្មារតី​នៃ​ទំនាក់ទំនង​ទ្វេភាគី ដែល​កំពុងតែ​ប្រសើរ​។ ការអះអាង​ដូច្នេះ​របស់​អាមេរិក ធ្វើឡើង​ក្នុងជំនួប​រវាង​មន្ត្រីជាន់ខ្ពស់​អាមេរិក និង​រដ្ឋមន្ត្រី​ក្រសួងការបរទេស​កម្ពុជា នៅឯ​កិច្ចប្រជុំ​កំពូល​អាស៊ាន នាទី​ក្រុង​ម៉ានីល​។



​អាមេរិក បាន​លើកឡើងថា ការចោទប្រកាន់ និង​រិះគន់​លើ​សហរដ្ឋអាមេរិក រួមទាំង​អ្នកការទូត​អាមេរិក​នៅ​កម្ពុជា​ផង គឺ​គ្មាន​មូលដ្ឋាន និង​ផ្ទុយ​ពី​ស្មារតី​នៃ​ទំនាក់ទំនង​ទ្វេភាគី​ប្រកបដោយ​ផ្លែផ្កា ដែល​កំពុងតែ​ប្រសើរ​រវាង​ប្រទេស​ទាំង​២​។ ការលើកឡើង​នេះ ធ្វើឡើង​ក្នុងជំនួប​ពិភាក្សា​រវាង លោក Matt Pottinger ជំនួយ​ការរង​ប្រធានាធិបតី​អាមេរិក និង​ជា​មន្ត្រីជាន់ខ្ពស់​ទទួលបន្ទុក​កិច្ចការ​អាស៊ី និង លោក W. Patrick Murphy ឧបការី​រង រដ្ឋមន្ត្រីការបរទេស​អាមេរិក​ប្រចាំ​អាស៊ីអាគ្នេយ៍ ជាមួយ លោក ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស​កម្ពុជា នៅ​ថ្ងៃទី​១៤ ខែវិច្ឆិកា នៅឯ​កិច្ចប្រជុំ​កំពូល​អាស៊ាន នាទី​ក្រុង​ម៉ានីល ប្រទេស​ហ្វីលីពីន​។  នេះ​បើតាម​ស្ថាន​បេស​សក​កម្ម​សហរដ្ឋអាមេរិក​ប្រចាំ​តំបន់​អាស៊ាន​។

​ជំនួប​រវាង​មន្ត្រីជាន់ខ្ពស់​កម្ពុជា អាមេរិក ក៏​កើតឡើង​ក្រោយ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ស្នើ​ឲ្យ​លោក ដូ​ណា​ល់ ត្រាំ ពិនិត្យមើល​ទង្វើ​ទូត​អាមេរិក​នៅ​ភ្នំពេញ និង​ពិចារណា​លើ​ការ​បង្វែរ​បំណុល​មកជួយ​កម្ពុជា​វិញ នា​អំឡុង​កិច្ចប្រជុំ​កំពូល​លើក​ទី​៥ ដើម្បី​រំលឹក​ខួប​អនុស្សាវរីយ៍​លើក​ទី​៤០ នៃ​ទំនាក់ទំនង​សន្ទនា អាស៊ាន​-​អាមេរិក​។​
អត្ថបទទាក់ទង

​តាម​ស្ថាន​បេស​សក​កម្ម​ដដែល ជំនួប​រវាង​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ ជាមួយ​សម្តេច នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅឯ​ហ្វីលីពីន នឹង​ផ្តល់​លទ្ធភាព​ឲ្យ​ប្រទេស​ទាំង​២ មានឱកាស​ឈានឆ្ពោះ​ទៅ​ដោះស្រាយ​កង្វល់ និង​បង្កើន​ទំនាក់ទំនង​ទ្វេភាគី​។ 

​តែ​យ៉ាងណា​ភាគី​អាមេរិក ក៏​មិន​ភ្លេច​លើក​ពី​កង្វល់​របស់ខ្លួន​អំពី​ការវិវត្ត​ចុងក្រោយ​នៅ​កម្ពុជា ដែល​អាមេរិក អះអាងថា ធ្វើ​ឲ្យ​រាំងស្ទះ​ដល់​លទ្ធិប្រជាធិបតេយ្យ​របស់​កម្ពុជា រួមទាំង​ការ​រឹតត្បិត​សេរីភាព​សារព័ត៌មាន អង្ក​ការ​សង្គម​ស៊ីវិល និង​គណបក្សប្រឆាំង​។ ប្រតិភូ​អាមេរិក ក៏បាន​គូសបញ្ជាក់ ជាមួយនឹង​កង្វល់​ផងដែរ ចំពោះ​ការបន្ត​ឃុំខ្លួន ឯកឧត្តម កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​។

​អ្នកតំណាង​ពី​សហរដ្ឋអាមេរិក ក៏បាន​បញ្ជាក់​ពី​សារសំខាន់​នៃ​ជំនួយ​បរទេស​របស់​អាមេរិក នៅក្នុង​កិច្ចប្រឹងប្រែង​របស់​កម្ពុ​ជា ក្នុងការ​សម្រេចបាន​ភា​ព​ជោគជ័យ និង​ការរីកចម្រើន​យ៉ាងខ្លាំង​នៅ​ប៉ុន្មាន​ទសវត្សរ៍​ចុងក្រោយ​នេះ រួមទាំង​ការកសាង​ប្រព័ន្ធ​ប្រជាធិបតេយ្យ ការសម្រេចបាន​ដំណើរការ​សន្តិភាព វិបុលភាព និង​ការផ្សះផ្សា​ជាតិ​ផង​៕

Tag:
 កម្ពុជា​
© រក្សាសិទ្ធិដោយ thmeythmey.com