កីឡាអន្តរជាតិ
អន្តរជាតិ
Eriksen ធ្វើបាន hat-trick ជួយដាណឺម៉ាក ឡើងទៅ World Cup
× ក្រុមកីឡាបាល់ទាត់ជម្រើសជាតិសាធារណរដ្ឋអៀរឡង់បានទទួលបរាជ័យក្នុងការឈានទៅប្រកួត FIFA World Cup ខណៈដែលការស៊ុតបាល់បញ្ចូលទីបីគ្រាប់ (hat-trick) របស់ Christian Eriksen ជួយឲ្យដាណឺម៉ាកទទួលជ័យជម្នះយ៉ាងកក់ក្តៅឈានទៅរុស្ស៊ីឆ្នាំ២០១៨។
ដាណឺម៉ាក បានយកឈ្នះម្ចាស់ផ្ទះសាធារណរដ្ឋអៀរឡង់ ៥-១ ក្នុងការប្រកួត Play-off ជើងទី២ នៅរាត្រីថ្ងៃទី១៤ ខែវិច្ឆិកា។ ជ័យជន្នះនេះ ធ្វើឲ្យដាណឺម៉ាកទទួលបានកៅអីទៅវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ពិភពលោកឆ្នាំក្រោយ បន្ទាប់ពីស្មើគ្នា ០-០ នាការប្រកួតជើងទី១។
សម្រាប់ការប្រកួតជើងទី២នេះ ម្ចាស់ផ្ទះសាធារណរដ្ឋអៀរឡង់បានចាប់ផ្តើមការប្រកួតយ៉ាងល្អឥតខ្ចោះ ដោយការស៊ុតបាល់បញ្ចូលទីនាំមុខដាណឺម៉ាក១គ្រាប់មុននៅ ៦នាទីដំបូង ដោយខ្សែការពារ Shane Duffy។
ប៉ុន្តែនៅនាទី២៩ ខ្សែការពារ Cyrus Christie របស់ម្ចាស់ផ្ទះបានធ្វើឲ្យបាល់ចូលទីខ្លួនឯងមុនពេល Christian Eriksen ធ្វើបាន hat-trick និងគ្រាប់បាល់ប៉េណាល់ទីរបស់ Nicklas Bendtner ជួយដាណឺម៉ាក យកឈ្នះសាធារណរដ្ឋអៀរឡង់ ៥-១។
ដាណឺម៉ាកជាក្រុមមកពីទ្វីបអឺរ៉ុបចុងក្រោយ និងជាក្រុមជម្រើសជាតិទី៣០ ដែលបានកៅអីទៅរុស្ស៊ីឆ្នាំ២០១៨ ដើម្បីប្រជែងាពានកីឡាបាល់ទាត់លំដាប់ទី១នេះ។
សម្រាប់២កៅអីចុងក្រោយនឹងរង់ចាំមើលការប្រកួត វគ្គ Play-off ជើងទី២ ពីរគូទៀតរវាង ហុងឌូរ៉ាស់ និង អូស្ត្រាលី ហើយ នូវែលសេឡង់ ជួប ប៉េរូ នៅរាត្រីថ្ងៃទី ១៥ ខែវិច្ឆិកា ខណៈជើងទី១ ស្មើគ្នា ០-០ ទាំងអស់៕
Tag:
បាល់ទាត់
FIFA World Cup
ដាណឺម៉ាក
© រក្សាសិទ្ធិដោយ thmeythmey.com