ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក សុន ឆ័យ នៅតែ​លួច​សង្ឃឹម ថា តុលាការ មិន​រំលាយ CNRP
15, Nov 2017 , 1:39 pm        
រូបភាព
លោក សុន ឆ័យ មន្ត្រីជាន់ខ្ពស់និងជាអ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ
លោក សុន ឆ័យ មន្ត្រីជាន់ខ្ពស់និងជាអ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ
​ភ្នំពេញ​៖ នៅសល់តែ​មួយថ្ងៃ​ទៀត​ប៉ុណ្ណោះ តុលាការ​កំពូល នឹង​បើក​សវន​ការ ដើម្បី​សម្រេច​លើ​បណ្ដឹង​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​។ បើទោះបី​មានសង្ឃឹម​តិចក្តី ក៏​មន្ត្រីជាន់ខ្ពស់​គណបក្ស​ស​ង្គ្រោះ​ជាតិ នៅតែ​រំពឹងថា គណបក្ស​ខ្លួន នឹងមិន​ត្រូវបាន​រំលាយ​នោះទេ​។

 


​តុលាការ​កំពូល ប្រហែលជា​មិនទាន់​អាចរំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ឡើយ នៅ​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៧​។ នេះ​ជា​ក្តីសង្ឃឹម​បន្តិចបន្តួច​ចុងក្រោយ​របស់លោក សុន ឆ័យ មន្ត្រីជាន់ខ្ពស់​និង​ជា​អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ ។  

​អ្វីដែល​ធ្វើ​ឲ្យ​លោក សុន ឆ័យ នៅតែមាន​ក្តីសង្ឃឹម​នោះ គឺ​ផ្អែកលើ​ហេតុផល​ថា បណ្តឹង​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវបាន​ផ្សារភ្ជាប់​ជាមួយ​ករណី​របស់​ឯក​ឧ​ត្ត​ម កឹម សុខា ដូច្នេះ​លុះត្រាតែ​ឯកឧត្តម កឹម សុខា ត្រូវបាន​កាត់ក្តី​ជាមុនសិន ទើប​តុលាការ​កំពូល អាច​បើកសវនាការ​សម្រេច​តាម​ក្រោយ​។ លោក បញ្ជាក់​យ៉ាង​ដូច្នេះ​៖«​មិនទាន់​កាត់ក្តី​ឯកឧត្តម កឹម សុខា ផង ដូច្នេះ​តុលាការ មិនមាន​ហេតុផល​គ្រប់គ្រាន់ ដែល​ត្រូវ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ទេ​»​។

​យ៉ាងណាក៏ដោយ លោក សុន ឆ័យ អះអាងថា សវនាការ​របស់​តុលាការ​កំពូល​នៅ​ថ្ងៃ​១៦ វិច្ឆិកា នឹង​ប្រព្រឹត្ត​ទៅដោយ​គ្មាន​មេធាវី ឬ​តំណាង​គណបក្ស​សង្គ្រោះ​ជាតិ​នោះទេ​។ បើតាម​លោក សុន ឆ័យ ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​កំពុងមាន​វត្តមាន​នៅក្នុង​ប្រទេស​កម្ពុជា ពុំបាន​សម្រេច​លើ​ផែនការ​អ្វីមួយ ដែលមាន​គោលបំណង​ជំរុញ​ឲ្យ​មានការ​តវ៉ា​នៅ​តុលាការ​កំពូល​ឡើយ​។

​តុលាការ​កំពូល បានចេញ​ដីកា​កោះហៅ ឯកឧត្តម កឹម សុខា គណបក្ស​សង្គ្រោះ​ជាតិ ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ត្រពាំង​ផ្លុ​ង ដើម្បី​ឲ្យ​ចូលរួម​សវនាការ​លើ​បណ្ដឹង​រំលាយ​បក្ស​នេះ​។ ប៉ុន្តែ​ឯកឧត្តម កឹម សុខា ប្រហែលជា​មិន​ចូលរួម​ឡើយ​។ នេះ​បើតាម​លោក សំ សុ​គង់ មេធាវី​របស់​ឯកឧត្តម កឹម សុខា ប្រាប់​សារព័ត៌មាន​ថ្មីៗ នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ​។​

​បើតាម​លោក​មេធាវី​រូបនេះ ឯកឧត្តម កឹម សុខា បានចាត់ទុក​បណ្តឹង​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ថា​ជា​រឿង​នយោបាយ មិនមែនជា​ផ្លូវច្បាប់​នោះទេ​។ លោក​មេធាវី និយាយ​ដូច្នេះ​ថា​៖«​តាម​ជំហរ​របស់គាត់ គាត់​នៅតែ​មិន​ពឹងពាក់​មេធាវី ឲ្យ​ការពារ​ក្តី​លើ​បណ្តឹង​រំលាយ​គណបក្ស​។ គាត់ គិតថា រឿង​នយោបាយ ត្រូវ​ដោះស្រាយ​ដោយ​អ្នកនយោបាយ​»​។    

​សម្តេច ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ប្រកាស​ជាច្រើន​ដង​ថា គណបក្ស​សង្គ្រោះ​ជាតិ មិនអាច​ជៀសផុត​ពី​ការរំលាយ​នោះទេ​។ រីឯ​ក្រុម​មេធាវី ដែល​តំណាង​ឲ្យ​ក្រសួងមហាផ្ទៃ ជឿជាក់​ស្ទើរតែ​១០០​ភាគរយ​ថា តុលាការ​កំពូល នឹង​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ចោល​។

​ក្រសួងមហាផ្ទៃ ដែល​ដើរតួរ​ជាដើម​បណ្តឹង មិន​ត្រឹមតែ​ចង់​ឲ្យ​តុលាការ​កំពូល​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​ស្នើ​ឲ្យ​ផ្អាក​ថ្នាក់ដឹកនាំ​ចំនួន​១១៧​រូប នៃ​គណបក្សប្រឆាំង​ដ៏​ធំ​មួយ​នេះ ក្នុង​ការធ្វើ​នយោបាយ​រយៈពេល​៥​ឆ្នាំ​ទៀតផង​។ សម្រាប់​ក្រសួងមហាផ្ទៃ គណបក្ស​សង្គ្រោះ​ជាតិ អាច​ជាប់​ពាក់ព័ន្ធ​នឹង​អំពើ​ក្បត់ជាតិ ដូច​ឯកឧត្តម កឹម សុខា​ដែរ​៕ 


Tag:
 CNRP
  សុន ឆ័យ​
  តុលាការ​
© រក្សាសិទ្ធិដោយ thmeythmey.com