ជាតិ
សុវត្តិភាព ចរាចរណ៍
គ្រោះថ្នាក់​ចរាចរណ៍​រវាង​ឡាន​ដឹក​ដី និង​ឡានក្រុង​ស្លាប់​អ្នក​បើកឡាន​ទាំងសងខាង​
15, Nov 2017 , 3:16 pm        
រូបភាព
រូបភាព៖ លោក បូ សាវី
រូបភាព៖ លោក បូ សាវី
​សៀមរាប​៖ គ្រោះថ្នាក់​ចរាចរណ៍​ទាំង​ព្រឹក​ព្រលឹម នៅ​ថ្ងៃទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០១៧ រវាង​ឡាន​ដឹក​ដី និង​ឡានក្រុង បណ្តាលឱ្យ​អ្នកបើកបរ​ទាំងសងខាង​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​។ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅវេលា​ម៉ោង ៦​និង​១០​នាទី ត្រង់ចំណុច​ភូមិ​រលួស​លិច ឃុំ​រលួស ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៦​។​



​ឡានក្រុង​ត្រូវគេ​ស្គាល់​ថា ជា​កម្មសិទ្ធិ​របស់​ក្រុមហ៊ុន វីរៈ ប៊ុន​ថាំ បើកបរ​ចេញពី​ភ្នំពេញ ក្នុង​គោលដៅ​មក​ក្រុង​សៀមរាប​។ ចំណែក​ឡាន​ដឹក​ដី បើកបរ​ចេញពី​ទិស​ខាងលិច និង​ជា​កម្មសិទ្ធិឯកជន​។



​យោងតាម​អធិការរង​ទទួលបន្ទុក​ផ្នែក​សណ្តាប់ធ្នាប់​ចរាចរណ៍ នៃ​អធិការ​ស្រុក​ប្រាសាទបាគង គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​នេះ បណ្តាលឱ្យ​អ្នកបើកបរ​ទាំងសងខាង​ស្លាប់​នៅនឹងកន្លែង​។ លោក ប៉ោះ ចន្ថា បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា ក្រៅពីនោះ​មាន​អ្នករងរបួស​២​នាក់ ម្នាក់​របួសធ្ងន់ និង​ម្នាក់​របួសស្រាល ហើយ​ពួកគេ​ជា​ជនបរទេស​។​



​គ្រោះថ្នាក់​បើកបរ​ដោយ​បញ្ច្រាស​ផ្លូវ​គ្នា​នេះ គេ​សង្កេតឃើញថា រថយន្ត​ត្រូវបាន​ខ្ទេច​នៅ​ផ្នែក​ខាងមុខ ហើយ​រថយន្តក្រុង បាន​រអិល​ធ្លាក់ចូល​ទឹក​ប្រឡាយ ធ្វើឱ្យ​ភ្ញៀវ​មានការ​ភិតភ័យ​ជាខ្លាំង​។ តាម​លោក ប៉ោះ ចន្ថា បច្ចុប្បន្ន​រថយន្ត​បង្កហេតុ​ទាំង​២ ត្រូវបាន​នាំទៅ​រក្សាទុក​នៅ​អធិការ​ស្រុក​ប្រាសាទបាគង និង​បញ្ជូន​សំណុំរឿង​ទៅ​តុលាការ​៕


Tag:
 ​គ្រោះថ្នាក់​ចរាចរណ៍​
  ស្រុក​ប្រាសាទបាគង
© រក្សាសិទ្ធិដោយ thmeythmey.com