កីឡាជាតិ
ជាតិ
ក្រោយ​ឈ្នះ​មេដាយមាស​២​ប្រាក់​១​កម្រិត​អាស៊ាន​សូ​ហ្វ​តិ​ន្នី​សមាន​មហិច្ឆតា​ចង់​ឈ្នះ​មេដាយ​អាស៊ី​
15, Nov 2017 , 4:10 pm        
រូបភាព
លោក ជា ប៊ុនហេង (កណ្តាល) អគ្គលេខាធិការសហព័ន្ធកីឡាសូហ្វតិន្នីសកម្ពុជាថ្លែងក្នុងសន្និសីទសារព័ត៌មានអបអរប្រតិភូកីឡាសូហ្វតិន្នីសដែលឈ្នះមេដាយមាស និងប្រាក់ពីហ្វីលីពីន
លោក ជា ប៊ុនហេង (កណ្តាល) អគ្គលេខាធិការសហព័ន្ធកីឡាសូហ្វតិន្នីសកម្ពុជាថ្លែងក្នុងសន្និសីទសារព័ត៌មានអបអរប្រតិភូកីឡាសូហ្វតិន្នីសដែលឈ្នះមេដាយមាស និងប្រាក់ពីហ្វីលីពីន
ដោយ:
​ក្រុម​អត្ត​ព​លិ​ក​កីឡា​សូ​ហ្វ​តិ​ន្នី​ស​កម្ពុជា​បាន​នាំយក​មេដាយមាស​២ និង​ប្រាក់​១​ពី​ការប្រកួត​ជើងឯក​អាស៊ាន​នៅ​ហ្វីលីពីន​មកដល់​កម្ពុជា​កាលពី​ថ្ងៃ​ទី​១៣ ខែវិច្ឆិកា​។ អគ្គលេខាធិការ​សហព័ន្ធ​កីឡា​សូ​ហ្វ​តិ​ន្នី​ស​កម្ពុជា​បាន​អះអាងថា ជ័យជម្នះ​ដ៏​ធំធេង​នេះ​កើតចេញពី​ការខិតខំ​ប្រឹងប្រែង​រប​ស់​កីឡាករ​មិន​ដូចនឹង​អ្វីដែល​មហាជន​មួយចំនួន​ថា​បាន​ដោយ​ការចែក​គ្នា​នោះឡើយ​។ ថ្នាក់ដឹកនាំ​កីឡា​សូ​ហ្វ​តិ​ន្នី​ស​បានដាក់​គោលដៅ​ឲ្យ​កីឡាករ​ធ្វើ​យ៉ាង​ដណ្តើម​មេដាយ​កម្រិត​អាស៊ី​ឲ្យ​បាន​នៅ​ឆ្នាំ​២០១៨ ខែ​មុខ​នេះ​។



​ក្រោយ​ឆ្លងកាត់​ការប្រកួត​រយៈពេល​៣​ថ្ងៃ​ចន្លោះ​ពីថ្ងៃ​ទី​១០-១២ វិច្ឆិកា ក្រុម​អត្ត​ព​លិ​ក​កីឡា​សូ​ហ្វ​តិ​ន្នី​ស​លើ​វិញ្ញាសា​វាយ​គូ​និង​វាយ​ជា​ក្រុម​ផ្នែក​បុរស​បានឈ្នះ​មេដាយមាស​រៀងៗ​ខ្លួន​ក្រោយ​យកឈ្នះ​ម្ចាស់ផ្ទះ​ហ្វី​លី​លី​ពី​ន​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​ដូចគ្នា​។ ចំណែក​វាយ​ជា​ក្រុម​ផ្នែក​នារី​ទទួលបាន​មេដាយប្រាក់​ក្រោយ​ចាញ់​ម្ចាស់ផ្ទះ​ហ្វីលីពីន​ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ​។ ប្រតិភូ​កីឡា​សូ​ហ្វ​តិ​ន្នី​ស​កម្ពុជា​បាន​នាំយក​មេដាយ​កម្រិត​អាស៊ាន​ពី​ហ្វីលីពីន​ទាំងនេះ​មកដល់​កម្ពុជា​កាលពី​ថ្ងៃ​១៣ វិ​ច្ឆ​កា ឆ្នាំ​២០១៧​។



​ក្នុង​សន្និសីទ​សារព័ត៌មាន​អបអរ​ម្ចាស់​ជ័យលាភី​កាលពី​ព្រឹក​ថ្ងៃទី​១៤ វិច្ឆិកា នៅ​ទីលាន​វាយ​កូន​បាល់​និង​សូ​ហ្វ​តិ​ន្នី​ស​កម្ពុជា លោក ជា ប៊ុនហេង បាន​អះអាងថា ជ័យជម្នះ​ដ៏​ធំធេង​នេះ​មិនមែន​បាន​ពី​ការ​ចែកគ្នា​ដូច​ការយល់ឃើញ​របស់​មហាជន​មួយចំនួន​នោះឡើយ ពោលគឺ​បាន​ពី​ការខិតខំ​ប្រឹងប្រែង​រប​ស់​ថ្នាក់ដឹកនាំ និង​កីឡាករ​ទាំងអស់គ្នា​។ លោក​រំពឹងថា ជ័យជម្នះ​នេះ​នឹង​អាចជួយ​ឲ្យ​កម្ពុជា​ឡើងឈរ​លេខ​រៀង​ទី​៩​នៃ​ចំណាត់ថ្នាក់​ពិភពលោក​។ បច្ចុប្បន្ន​កម្ពុជា​កំពុង​ឈរ​លេខ​រៀង​ទី​១០​ក្នុងចំណោម​៤៥​ប្រទេស​។  

​គោលបំណង​របស់​កីឡា​សូ​ហ្វ​តិ​ន្នី​ស​មិន​ត្រឹមតែ​មេដាយ​កម្រិត​អាស៊ាន​នោះទេ គឺ​កីឡា​នេះ​មាន​មហិច្ឆតា​ចង់​ឈ្នះ​មេដាយ​កម្រិត​អាស៊ី​នា​ឆ្នាំ​២០១៨ ដែល​គ្រោង​ធ្វើ​នៅ​ប្រទេស​ឥណ្ឌូណេស៊ី​ទៀតផង​។ «​កីឡាការិនី ស៊ន សៀវ​ម៉ី គាត់​ឈ្នះ​មេដាយមាស​អាស៊ី​កាលពី​ឆ្នាំ​២០១៤ តែ​គាត់​ល្បីឈ្មោះ​មកដល់​សព្វថ្ងៃ ចុះបើ​យើង​ឈ្នះ​មេដាយមាស​ជា​ក្រុម តើ​ល្បី​យ៉ាងណា​? បាន​ត្រឹម​មេដាយ​សំរឹទ្ធ​ក៏បាន​លុយ​ច្រើន​សម្រាប់​ទ្រទ្រង់​ជីវភាព​គ្រួសារ​ដែរ​»​។ នេះ​ជាការ​លើកឡើង​របស់លោក ជា ប៊ុនហេង​។



​ជាមួយ​មហិច្ឆតា​ចង់​ឈ្នះ​មេដាយ​អាស៊ី​នៅ​ឥណ្ឌូណេស៊ី​ឆ្នាំ​២០១៨ សហព័ន្ធ​កីឡា​សូ​ហ្វ​តិ​ន្នី​ស​កម្ពុជា​គ្រោង​បញ្ជូន​កីឡាករ​កីឡាការិនី​ចំនួន​ពីរ​ក្រុម​ទៅ​វ​ហ្វឹកហាត់​ពង្រឹងសមត្ថភាព​រយៈពេល​៦​ខែ​នៅក្រៅ​ប្រទេស​។ ក្នុងនោះ​ក្រុម​បុរស​គ្រោង​បញ្ជូនទៅ​ហ្វឹកហាត់​នៅ​ជប៉ុន និង​ក្រុម​នារី​ទៅ​ហ្វឹកហាត់​នៅ​កូរ៉េ​ដោយ​គ្រោង​ចំណាយ​ថវិកា​ប្រមាណ​ជា​៦​ម៉ឺន​ដុល្លារ​។​

​ពាក់ព័ន្ធ​នឹង​ការចំណាយ​សម្រាប់​ការ​ចេញទៅ​ហ្វឹកហាត់​នៅក្រៅ​ប្រទេស​លោក ជា ប៊ុនហេង បាន​បញ្ជាក់ថា លោក​នឹង​ខិតខំ​ស្វែងរក​ថវិកា​ដើម្បី​ផ្គត់ផ្គង់​ឲ្យ​ការចំណាយ​នេះ​។ ប៉ុន្តែ​លោក​បាន​សង្កត់ធ្ងន់ថា លោក​ចង់​ឲ្យ​ចំណាយ​ថវិកា​របស់លោក​ក្លាយជា​ប្រយោជន៍​ក្នុង​ការជួយ​អភិវឌ្ឍន៍​វិស័យ​កីឡា​នៅ​កម្ពុជា​។ ប្រធាន​អង្គភាព​កីឡា​ក្រសួងមហាផ្ទៃ​រូបនេះ​សង្ឃឹមថា កីឡាករ​កីឡាការិនី​ទាំងអស់​នឹង​ខិតខំ​ប្រឹងប្រែង​ហ្វឹកហាត់​ដូច​ទៅនឹង​ការខិតខំ​របស់លោក ដើម្បី​អភិវឌ្ឍន៍​វិស័យ​កីឡា​សូ​ហ្វ​តិ​ន្នី​ស​នៅ​កម្ពុជា​៕ 










Tag:
 សូ​ហ្វ​តិ​ន្នី​ស​
  ជា ប៊ុនហេង​
© រក្សាសិទ្ធិដោយ thmeythmey.com