ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក សម រង្ស៊ី ប្រកាស​ខ្លួនឯង​ថា លោក​ជា​សមាជិក CNRP វិញ​ហើយ​
15, Nov 2017 , 5:42 pm        
រូបភាព
​ភ្នំពេញ​៖ ពី​រដ្ឋធានី​វ៉ាស៊ីនតោន នៃ​សហរដ្ឋអាមេរិក លោក សម រង្ស៊ី បានប្រកាស​ដោយ​ខ្លួនឯង តាមរយៈ​ការ​បង្ហោះ​សា​រលើ​ទំព័រ​ហ្វេ​ស​ប៊ុ​កថា លោក ចូល​ជា​សមាជិកភាព​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​ឡើងវិញ ចាប់ពី​ថ្ងៃទី​១៥ ខែវិច្ឆិកា ឆ្នាំ​២0១៧ តទៅ​។ ការប្រកាស​របស់លោក សម រង្ស៊ី បែបនេះ គឺធ្វើឡើង​មុន​មួយថ្ងៃ នៃ​ការបើក​សវនាការ​រប​ស់​តុលាការ​កំពូល លើ​បណ្តឹង​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​។



​តាមរយៈ​ទំព័រ​ហ្វេ​ស​ប៊ុ​ក នៅ​ថ្ងៃទី​១៥ វិច្ឆិកា​នេះ លោក សម រង្ស៊ី បានសរសេរថា ការដែល​លោក សុខចិត្ត​លាលែង​ពី​សមាជិកភាព និង​តំណែង​ជា​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ កាលពី​អំឡុង​ខែកុម្ភៈ ឆ្នាំ​២០១៧ ក៏​ព្រោះតែ​ចង់​សង្គ្រោះ​ជីវិត​គណបក្ស ។ ប៉ុន្តែ​នៅ​ទីបំផុត​ការលាលែង​របស់លោក​នេះ នៅតែ​មិន​អាចជួយ​ឲ្យ​គណបក្ស​ចៀស​ផុតពី​ការរំលាយ​ដដែល​។
​ដោយសារ​បញ្ហា​នេះហើយ ទើបបានជា​លោក សម រង្ស៊ី ប្រកាស​ចូលរួម​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ​ឡើងវិញ ទោះបីជា​តុលាការ​កំពូល រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ឬ​មិន​រំលាយ​ក្តី នៅ​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២0១៧ ។ 

​ក្នុងករណី​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវបាន​រំលាយ ក៏​លោក  សម រង្ស៊ី នៅតែ​ប្រកាស​ចូល​ជា​សមាជិកភាព​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​ដែរ​។ អតីត​ប្រធាន​គណបក្ស​រូបនេះ បានបញ្ជាក់​ដូច្នេះ​ថា​៖«​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវគេ​រំលាយ តែ​នៅលើ​ក្រដាស ប៉ុណ្ណោះ​។ តាម​ការពិត​គណបក្ស​សង្គ្រោះ​ជាតិ នៅតែ​រស់​រវើក ក្នុង​បេះដូង​ប្រជារាស្ត្រ​ខ្មែរ និង​ចំពោះមុខ​សហ​គន៍​អន្តរជាតិ ដែល​ចាត់ទុក​អ្នកតំណាងរាស្ត្រ មកពី​គណបក្ស​សង្គ្រោះ​ជាតិ ថា​ជា​តំណាងរាស្ត្រ​ស្របច្បាប់ និង​ពេញសិទ្ធិ​ដដែល ដោយ​គ្មានអ្វី​ប្រែប្រួល​ឡើយ​»៕


Tag:
 សម រង្ស៊ី​
© រក្សាសិទ្ធិដោយ thmeythmey.com