កីឡាអន្តរជាតិ
អន្តរជាតិ
អូស្ត្រាលី​ឡើងទៅ World Cup ជា​លើក​ទី​៥ ក្រោយ​លត់​ហុង​ឌូ​រ៉ា​ស ៣-១
15, Nov 2017 , 5:58 pm        
រូបភាព
​ក្រុមកីឡា​បាល់ទាត់​ជម្រើសជាតិ​អូស្ត្រាលី​បាន​កក់​កៅអី​ទៅ FIFA World Cup នៅ​រុស្ស៊ី​ហើយ បន្ទាប់ពី​យកឈ្នះ ហុង​ឌូ​រ៉ា​ស ៣-១ នា​ការប្រកួត Play-off ជើង​ទី​២ លើ​ទឹកដី​ខ្លួនឯង ដែល​បញ្ចប់ទៅ​មុននេះ​បន្តិច​។​


៣​គ្រាប់​របស់​ម្ចាស់ផ្ទះ​អូស្ត្រាលី​ធ្វើបាន​ដោយ​ខ្សែបម្រើ Mile Jedinak ដោយ​ស៊ុត​បាល់​ពិន័យប៉េណាល់ទី១១ម៉ែត្រ​ទាំងពីរ​គ្រាប់​នៅ​នាទី​៧២ និង​៨៥ ក្រោយពេល​ខ្សែការពារ Maynor Figueroa របស់​ហុង​ឌូ​រ៉ា​ស​ធ្វើ​ឲ្យ​បាល់​ចូល​ទី​ខ្លួនឯង​នៅ​នាទី​៥៤​។ ខ្សែការពារ​នេះ​ដដែល​រកបាន​១​គ្រាប់​ឲ្យ​ក្រុម​ជម្រើសជាតិ​ខ្លួន​បាន​១​គ្រាប់​វិញ​នៅ​នាទី​៩០​។ ចប់​ការប្រកួត អូស្ត្រាលី​យកឈ្នះ​ហុង​ឌូ​រ៉ា​ស ៣-១​។​
 
​កាលពី​ប្រកួត​ជើង​ទី​១​ដែល​ហុង​ឌូ​រ៉ា​ស​ធ្វើជា​ម្ចាស់ផ្ទះ​នោះ ក្រុម​ទាំងពីរ​ទទួលបាន​លទ្ធ​ផល​ត្រឹម​ស្មើ ០-០ ប៉ុណ្ណោះ​។ ដូច​ច្នេះ លទ្ធផល​នេះ​បាន​ឲ្យ​អូស្ត្រាលី​ដណ្តើម​កៅអី​ទៅ​រុស្ស៊ី​ឆ្នាំក្រោយ​បាន និង​ជាការ​បង្ហាញខ្លួនជា​លើក​ទី​៥​​ផងដែរ​។​
 
​អូស្ត្រាលី ជា​ក្រុម​ជម្រើសជាតិ​ទី​៣១​ហើយ​ដែលមាន​ឈ្មោះ​ទៅ World Cup នៅ​រុស្ស៊ី​ឆ្នាំ​២០១៨ ហើយ​ត្រូវ​រង់ចាំ​ការប្រកួត​១​គូ​ទៀត​ប៉ុណ្ណោះ​រវាង នូ​វែ​ល​សេ​ឡង់ និង​ប៉េ​រូ ដើម្បី​បង្គ្រប់​៣២​ក្រុម​៕





 

© រក្សាសិទ្ធិដោយ thmeythmey.com