អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
COP23៖ សកម្មជន​បរិស្ថាន​បាតុកម្ម​ទារ​ឲ្យលោកស្រី មឺ​ហ្គែ​ល ប្រកាស​បញ្ឈប់​គម្រោង​ធ្យូងថ្ម
15, Nov 2017 , 7:03 pm        
រូបភាព
Bonn៖ សកម្មជន​បរិស្ថាន​អាល្លឺម៉ង់ និង​បណ្តា​ក្រុម​អ្នកការពារ​បរិស្ថាន​មកពី​កោះ​ប៉ាស៊ីហ្វិក (Climate Warriors) បាននាំគ្នា​បាតុកម្ម​ដោយ​ក្រាលកម្រាល​ក្រហម​មួយ​ដែលមាន​អក្សរ​ថា «​ទុក​វា​ក្នុង​ដី​» (Keep it in the Ground) ដើម្បី​ដាក់​សម្ពាធ​អធិការបតី​អាល្លឺម៉ង់​ ឲ្យ​បញ្ឈប់​ឧស្សាហកម្ម​ធ្យូងថ្ម​។ សកម្មភាព​នេះ​កើតឡើង​ពេល​លោកស្រី​អញ្ជើញ​ផ្តល់​សុន្ទរកថា​ទៅកាន់​តំណាង​ប្រទេស​សមាជិក​អនុសញ្ញា​ក្របខ័ណ្ឌ​សហប្រជាជាតិ​ស្តីពី​ការប្រែប្រួល​អាកាសធាតុ (UNFCCC) ​នៅ​ទីក្រុង Bonn ប្រទេស​អាល្លឺម៉ង់​។ 

-
​លោកស្រី អេ​ន​ជេ​ឡា មឺ​ហ្គែ​ល (Angela Merkel) នឹង​ថ្លែង​សុន្ទរកថា បើក​សម័យប្រជុំ​ពេញអង្គ​សន្និសីទ​អង្គការសហប្រជាជាតិ​ស្តីពី​ការប្រែប្រួល​អាកាសធាតុ​លើក​ទី ២៣ នៅ​ថ្ងៃ​ពុធ ទី​១៥ ខែវិច្ឆិកា​នេះ ចំពោះមុខ​ប្រមុខរដ្ឋ​ប្រមុខ​រដ្ឋាភិបាល និង​បណ្តា​អ្នកការទូត​តំណាង​រដ្ឋាភិបាល​ដែលមាន​វត្តមាន​នោះ​។​
 
​គ្រប់គ្នា​រង់ចាំ​មើល​សុន្ទរកថា​របស់លោក​ស្រី​ដែល​នឹង​បង្ហាញ​ជំហរ​របស់​អាល្លឺម៉ង់​ក្នុងនាម​ជា​ប្រទេស​ដែល​ជួយ​រៀបចំ​កិច្ចប្រជុំ​អង្គការ​សហ​ប្រជា​តិ​ស្តីពី​ការប្រែប្រួល​អាកាសធាតុ ជំនួស​ឲ្យ​ហ្វី​ជី​ដែលជា​ប្រធាន​កិច្ចប្រជុំ​ឆ្នាំនេះ​។​
 
​សកម្មជន​បរិស្ថាន​ជាច្រើន​មកពី​អាល្លឺម៉ង់​ផង និង​បណ្តា​កោះ​នៅ​ប៉ាស៊ីហ្វិក​ផង​បាននាំគ្នា​បាតុកម្ម​ដោយ​ក្រាលកម្រាល​ក្រហម​ដែលមាន​អក្សរ​ថា «​ទុក​វា​ក្នុង​ដី​»​នៅ​កន្លែង​ដែល​ប្រតិភូ​ដើរ​ឆ្លងកាត់​ដើម្បី​ស្វាគមន៍​វត្តមាន​លោកស្រី​អធិការបតី និង​ទទូច​ឲ្យ​លោកស្រី​បញ្ចប់​ឧស្សាហកម្ម​ធ្យូងថ្ម​នៅក្នុង​ប្រទេស​ផង​។​
 
​លោកស្រី Hoda Baraka ប្រធានផ្នែកទំនាក់ទំនង​នៃ​អង្គការ 350.org ដែល​ដឹកនាំ​សកម្មភាព​បាតុកម្ម​ផង​នោះបាន​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា គោលដៅ​នៃ​ការ​ក្រាលកម្រាល​ក្រហម​នេះ​គឺ អំពាវនាវ​ឲ្យ​លោកស្រី​ប្រកាស​ពី​ការប្តេជ្ញាចិត្ត​របស់ខ្លួន​ចំពោះ​ការអនុវត្ត​កិច្ចព្រមព្រៀង​អាកាសធាតុ​ដោយ​ឧស្ម័ន​ផ្ទះ​កញ្ចក់ រហូតដល់​៤០​ភាគរយ​នៅត្រឹម​ឆ្នាំ ២០២០ ដោយ​បញ្ឈប់​ឧស្សាហកម្ម​ធ្យូងថ្ម​ឲ្យ​បាន​កាន់តែ​ឆាប់​។​
 
«​វា​ជា​ពេលដែល​លោកស្រី មឺ​ហ្គែ​ល ត្រូវ​ចេញមុខ​បង្ហាញ​ភាពជា​អ្នកដឹកនាំ​សម្រាប់​ពិភពលោក​ក្នុងការ​ដោះស្រាយ​បញ្ហា​ប្រែប្រួល​អាកាសធាតុ​។ វា​ជា​មធ្យោបាយ​តែមួយគត់​ដែល​អាច​សម្រេច​កិច្ចព្រមព្រៀង​អាកាសធាតុ​ក្រុងប៉ារីស​បាន និង​អាច​កម្រិត​សីតុណ្ហភាព​កុំ​ឲ្យ​កើនឡើង​ហួស ១,៥ អង្សា​សេ​ត្រឹម​ឆ្នាំ ២១០០​នោះ​»​។ លោកស្រី Hoda Baraka បាន​បន្ថែម​ដូច្នេះ​។​
 
​តាមពិតទៅ បញ្ហា​ជជែក​ដេញដោល​គ្នា​ពាក់ព័ន្ធ​ឧស្សាហកម្ម​ធ្យូងថ្ម​ក្លាយជា​រឿង​ក្តៅ​ក្នុង​បរិបទ​នយោបាយ​ជាតិ​អាល្លឺម៉ង់ បន្ទាប់ពី​លោកស្រី​ឈ្នះឆ្នោត​ជាថ្មី​ប៉ុន្តែ​ត្រូវ​ព្យាយាម​បង្កើត​រដ្ឋាភិបាលចម្រុះ​ទាំង​លំបាកលំបិន​នោះ​។​
 
​ពេល​សាក​សួរថា ក្នុងករណី​ដែល​រដ្ឋាភិបាល​មិន​លើកឡើង​ពី​ការ​ជំហរ​ក្នុងការ​បញ្ឈប់​ការប្រើប្រាស់​ធ្យូងថ្ម  ប្រធាន​គម្រោង​នៃ​អង្គការ 350.org លោកស្រី Olivia Langhoff បាន​ឆ្លើយតប​ថា ក្រុម​សកម្មជន​ទាំងអស់​នឹង​បន្តសកម្មភាព​របស់ខ្លួន​ដើម្បី​ដាក់​សម្ពាធ​លើ​រដ្ឋាភិបាល​អាល្លឺម៉ង់​ឲ្យ​ប្រឹង​ដោះស្រាយ​បញ្ហា​ប្រែប្រួល​អាកាសធាតុ​។​
 
​លោកស្រី Olivia បន្តថា​៖« យើង​នឹង​បន្តសកម្មភាព​នេះ​ជាមួយ​ប្រជាជន​នៅក្នុង​ប្រទេស​អាល្លឺម៉ង់​និង​ប្រទេស​ដទៃ​ផ្សេងទៀត​ទូទាំង​ពិភពលោក​។ វា​មាន​វិធី​ច្រើនណាស់​ដែល​ប្រជាជន​នៅតាម​មូលដ្ឋាន​ចូលរួម​ក្នុង​កម្រិត​សហគមន៍  ហើយ​យើង​ជំរុញ​ឲ្យ​មានប្រើ​ប្រាស់​ថាមពល​ករ​កើតឡើង​វិញ​។ បន្ថែម​ពីនេះ​យើង​អាច​ជំរុញ​ការហាមឃាត់​ការប្រើប្រាស់​ថាមពល​ផូស៊ីល​ឥន្ធនៈ​តាម​ស្ថាប័នរដ្ឋ សាលារៀន ធនាគារ​ជាដើម​ដើម្បី​សម្រេច​ជោគជ័យ​»៕ 

Tag:
 COP23
  Olivia Langhoff
  Hoda Baraka
© រក្សាសិទ្ធិដោយ thmeythmey.com