អន្តរជាតិ
អភិបាលក្រុង​ហ្សា​ការ​តា​បិទ​ទីតាំង​ដែលមាន​ពេស្យា​កម្ម បើតាម​ពាក្យ​ចចាមអារ៉ាម​
16, Nov 2017 , 7:59 pm        
រូបភាព
ដោយ: VOA
​ហ្សា​ការ​តា ៖ តាម​ពាក្យ​ចចាមអារ៉ាម​ថា សណ្ឋាគារ​នេះ​គឺជា​កន្លែង​ពេស្យាចារ​។ ប៉ុន្តែ គេ​មិនទាន់​ដឹង​ច្បាស់​ទេ​ថា ការបិទ​នេះ​ជា​វិធានការ​ដាច់ដោយឡែក​តែមួយ ឬក៏​ជាស​ញ្ញា​នៃ​ការបង្ក្រាប​ក្នុង​ទ្រង់ទ្រាយ​ដ៏​ធំ​នោះទេ​។​



​បទបញ្ជា​ចេញ​កាលពី​សប្តាហ៍​មុន ដែល​បាន​ហាម​មិន​ឲ្យ​បើក​ដំណើរការ​សណ្ឋាគារ​នេះ​ឡើងវិញ បាន​ចូល​ជា​ធរមាន​ភ្លាមៗ ហើយ​សណ្ឋាគារ​និង​បន្ទប់​ម៉ាស្សា បាន​បិទទ្វារ​លែង​ដំណើរការ​ហើយ​។ អាគារ​នេះ រួមមាន​ទីធ្លា​ផ្សេងទៀត​ដូចជា ភោជនីយដ្ឋាន បន្ទប់​ខា​រា​អូ​ខេ ដែល​មិន​រង​ការប៉ះពាល់​ទេ​។ លោក Anies មិនបាន​បញ្ជាក់​ឲ្យ​ច្បាស់​ជា​ព័ត៌មាន​លម្អិត​លើ​សកម្មភាព​ដែល​ខុសច្បាប់​នោះទេ ប៉ុន្តែ​លោក​បាន​ប្រាប់​អ្នកសារព័ត៌មាន​ថា លោក​មាន​ទិន្នន័យ​ទាំងអស់ អំពី​ការរំលោភបំពាន​នានា​ក្នុង​សំណុំ​រឿងនេះ​។​

​លោក Anies បាន​ថ្លែង​កាលពី​ថ្ងៃ​ចន្ទ​នៅឯ​សាលាក្រុង​ថា​៖ «​យើង​មាន​ជំហរ​ច្បាស់​ណាស់​។ យើង​មិន​ចង់​ឲ្យ​ក្រុង​ហ្សា​ការ​តា ក្លាយជា​ទីក្រុង​ដែល​អនុញាត​ឲ្យ​មាន​អំពើ​ពេស្យា​កម្ម​កើតមាន​ទេ​។ យើង​បានទទួល​របាយការណ៍ និង​ពាក្យបណ្តឹង​ជាច្រើន​ពី​ពលរដ្ឋ ក៏ដូចជា​របាយការណ៍​សារព័ត៌មាន​ផងដែរ​»​។​

​សណ្ឋាគារ​នេះ​បាន​តវ៉ា​នឹង​ការសម្រេចចិត្ត​នេះ ដោយ​អ្នកតំណាង​ផ្លូវច្បាប់​របស់ខ្លួន​បាន​អះអាងថា សណ្ឋាគារ​នេះ​មិនបាន​បំពាន​បទ​ប្បញ្ញត្តិ​ទេ ដោយបាន​ចូលរួម​បង់ពន្ធ​សំខាន់ៗ និង​បាន​ជួល​បុគ្គលិក​រាប់រយ​នាក់ ដែលជា​អ្នកផ្គត់ផ្គង់​ចំណូល​ក្នុង​គ្រួសារ​របស់​ពួកគេ​។​

​ទោះយ៉ាងណា លោក Anies មិន​បារម្ភ​អំពី​ការបាត់បង់​ចំណូល​ពន្ធ​ដែលមាន​ទឹកប្រាក់​ប្រមាណ ២.២​លាន​ដុល្លារ​ក្នុង​មួយឆ្នាំ​នោះទេ​។ លោក​និយាយថា លោក​ចាប់អារម្មណ៍​តែ​លើ​ប្រាក់​ដែល​ពាក់ព័ន្ធ​នឹង​«​ប្រាក់ halal​​» ឬ​ប្រាក់​ដែល​បានមកពី​ប្រភព​ផ្សេងៗ ដែល​ច្បាប់​ឥស្លាម​អាច​ទទួលយកបាន​តែប៉ុណ្ណោះ​។​

​ទីតាំង​រង្គសាល​សំខាន់ៗ​

​អតីត​អភិបាលក្រុង​ហ្សា​ការ​តា​ដ៏​ល្បីឈ្មោះ គឺ​លោក Basuki “Ahok” Tjahaha Purnama មិនមាន​លទ្ធភាព​បិទ​សណ្ឋាគារ Alexis នេះ​ទេ បើទោះជា​លោក​បាន​បើកផ្លូវ ដោយ​បិទ​រង្គសាល​ល្បីៗ​ជាច្រើន ដូចជា​រង្គសាល​ឈ្មោះ Stadium និង​ទីតាំង​បម្រើ​ផ្លូវភេទ​មានតម្លៃ​ទាប​ជាច្រើន​ទៀត ដូចជា ទីតាំង​បម្រើ​ផ្លូវភេទ​ឈ្មោះ Kalijodo ជាដើម​។​

​លោក Anies បាន​រិះគន់​លោក​អតីត​អភិបាលក្រុង​រូបនេះ​ក្នុង​យុទ្ធនា​ការឃោសនា​របស់​លោក ដោយ​វាយប្រហារ​ជាពិសេស​លើ​ការបង្ក្រាប​ទ្រង់ទ្រាយ​តូច ដោយសារតែ​សណ្ឋាគារ Alexis មានឈ្មោះ​ល្បី​ជាង និង​អាច​ទាក់ទាញ​អតិថិជន​ដែលមាន​ទ្រព្យធន​ច្រើន​។​

​កាលពី​ខែ​មុន មានការ​តវ៉ា​តូច​មួយ​នៅ​ខាងក្រៅ​សណ្ឋាគារ Alexis នៅពេលដែល​មនុស្ស​ប្រមាណ​៧០​នាក់​បានបង្ហាញ​ខ្លួន មុនពេល​ពួកគេ​ត្រូវបាន​បំបែក​ដោយ​កងកម្លាំង ប៉ុន្តែ ហេតុការណ៍​នេះ​ត្រូវបាន​ច្រានចោល​ដោយ​អះអាងថា វា​គ្រាន់តែ​ជា​ការចុះ​ឆែកឆេរ​តែប៉ុណ្ណោះ​។ អស់​រយៈពេល​ជា​យូរ​មកហើយ សណ្ឋាគារ Alexis ត្រូវបាន​គេ​មើលឃើញថា ជា​កន្លែង​សម្រាប់​ណាត់ជួប​គ្នា​នៅ​ក្រុង​ហ្សា​ការ​តា ហើយ​មានការ​អះអាងថា សកម្មភាព​ខុសច្បាប់​នៅទីនេះ​មិនត្រូវ​បាន​គេ​គាស់​រំលើង​ឡើយ​។ ក្រសួងទេសចរណ៍​ថែមទាំង​បាន​បោសសម្អាត​កន្លែង​នេះ​សម្រាប់​យក​ធ្វើ​ជំនួញ បន្ទាប់ពី​បានធ្វើការ​ត្រួតពិនិត្យ​កាលពី​ឆ្នាំមុន ដែល​សកម្មភាព​ទាំងនេះ​ធ្វើ​ឲ្យ​ការបិទ​សណ្ឋាគារ​នេះ​ដោយ​លោក Anies កាន់តែ​ចាំបាច់​ត្រូវធ្វើ​។​

​ប៉ុន្តែ អ្នក​រិះគន់​ខ្លះ​និយាយថា កិច្ចខិតខំ​ប្រឹងប្រែង​ប្រឆាំងនឹង​សណ្ឋាគារ Alexis នេះ គឺជា​រឿង​នយោបាយ​សុទ្ធសាធ​។​

​លោក Tobias Basuki អ្នកស្រាវជ្រាវ​ម្នា​ក់នៅ​មជ្ឈមណ្ឌល​យុទ្ធសាស្ត្រ និង​ការសិក្សា​អន្តរជាតិ​នៅ​ទីក្រុង​ហ្សា​ការ​តា បាន​ថ្លែងថា​៖ «​ខ្ញុំ​យល់ឃើញថា ការណ៍​ដែល​មិន​ផ្តល់​អាជ្ញាប័ណ្ណ​ដល់​សណ្ឋាគារ Alexis គឺជា​សកម្មភាព​បំភាន់​មួយ​ដោយ​រដ្ឋបាល​របស់លោក Anies-Sandi​។ តាម​ក្បួន​និង​គំរូ​នៃ​ស្ទីល​ឃោសនា​របស់លោក Anies គោលនយោបាយ​របស់លោក និង​សកម្មភាព​ភាគច្រើន​ផ្តោតលើ​វោហា​សាស្ត្រ (​ដែល​អាចជា​វោហា​សាស្ត្រ​ស្នេហា​ជាតិ រៀបរាប់​ពីសា​សនា​ឥស្លាម​) ប៉ុន្តែ​មិនមែនជា​បណ្ដុំ​គោលនយោបាយ​ជាក់លាក់​ផ្អែកលើ​មនោគមវិជ្ជា​ណាមួយ​នោះទេ​»​។​

​អ្នកផ្សេង​ទៀត​បាន​អះអាងថា ការបិទ​សណ្ឋាគារ Alexis នេះ​មិន​ផ្តល់​ផលប្រយោជន៍​អ្វី​ដល់​អំពើអាក្រក់​ក្នុងសង្គម​ដែលមាន​ស្រាប់​នោះទេ​។​
​លោក Ayang Utriza អ្នកស្រាវជ្រាវ​ម្នា​ក់នៅ​សាកលវិទ្យាល័យ​ឥស្លាម​របស់​រដ្ឋ​ក្នុង​ទីក្រុង​ហ្សា​ការ​តា បាន​និយាយថា​៖ «​ការបិទ​នេះ​មិនអាច​ដោះស្រាយ​បញ្ហា​ជាក់ស្តែង​ទេ ដូចជា​អំពើ​ពេស្យាចារ គ្រឿងញៀន ការជួញដូរ​មនុស្ស និង​ភាព​អត់​ការងារ​ធ្វើ​។ ទាំងនេះ​គឺជា​បញ្ហា​ដែល​ពលរដ្ឋ​ក្រុង​ហ្សា​ការ​តា​ជួបប្រទះ​។ ក្រោយពេល​បិទ​សណ្ឋាគារ Alexis នេះ តើ​មាន​អ្វី​កើតឡើង​? តើ​ស្ត្រី​រកស៊ី​ផ្លូវភេទ​ទាំងអស់នោះ​ត្រូវ​ទៅណា​? ដរាបណា​មិនមាន​ការផ្តល់​ការងារ​និង​ប្រាក់ខែ​សមរម្យ ហើយ​ដរាបណា​នៅតែមាន​ការជួញដូរ​ម​នុស្ស ហើយ​បុរសៗ​នៅតែមាន​ទ្រព្យសម្បត្តិ​ច្រើន បញ្ហា​ចោទ​នៃ​សកម្មភាព​ខុសច្បាប់​ដែល​កើតឡើង​ក្នុង​វិស័យ​កម្សាន្ត​ពេល​រាត្រី នឹង​មិនអាច​ដោះស្រាយ​បានឡើយ​»​។​

​ក្រុង​ហ្សា​ការ​តា​កាន់តែ​ក្លាយជា​ក្រុង​សម្រាប់​អ្នក​កាន់សាសនា​ឥស្លាម​

​ការបិទ​សណ្ឋាគារ Alexis ដោយ​ហេតុផល​សីលធម៌ គឺជា​សញ្ញា​មួយ​ដែល​បញ្ជាក់ថា រដ្ឋធានី​នេះ​កាន់តែ​ក្លាយជា​ក្រុង​ដែលមាន​ផ្សារភ្ជាប់​ទៅនឹង​សាសនា​ឥស្លាម​កាន់តែខ្លាំង បើសិនជា​គោលបំណង​របស់លោក Anies និង​អភិបាលក្រុងរង​របស់​លោក គឺ​លោក Sandiaga “Sandi” Uno ត្រូវបាន​គេ​ជឿជាក់​នោះ​។​

​ចាប់តាំងពី​ចូលកាន់​តំណែង​មក លោក Anies ក៏បាន​បើក​វិមាន​ជាតិ​ក្នុង​ក្រុង​ហ្សា​ការ​តា​ឲ្យ​មាន​សកម្មភាព​សាសនា និង​ការសូត្រ​គម្ពី​កូរ​អាន និង​បាន​បន្ធូរ​បទបញ្ញត្តិ​សម្រាប់​ការសម្លាប់​សត្វ ដើម្បី​ប្រារព្ធ​ពិធីបុណ្យ Id al-Adha ដែលជា​ថ្ងៃ​ពិសិដ្ឋ​របស់​អ្នក​កាន់សាសនា​ឥស្លាម ដោយ​ដក​ការ​រឹតត្បិត​លើ​ការអនុវត្ត​ទង្វើ​ទាំងនេះ​ដែល​ធ្លាប់​អនុវត្ត​ដោយ​អភិបាលក្រុង​មុន គឺ​លោក Ahok​។​

​លោក​ក៏​កំពុង​ព្យាយាម​ដកសិទ្ធិ​អំណាច​ពី​ក្រុមហ៊ុន PT Delta Djakarta ដែលជា​ក្រុមហ៊ុន​ផលិត​និង​ចែកចាយ​ស្រា​បៀរ ដែល​រដ្ឋបាល​ក្រុង​នេះ​ក៏មាន​ភាគហ៊ុន​ក្នុង​ក្រុមហ៊ុន​នេះដែរ​។ លោក Sandi បាន​និយាយ​ម្តង​ហើយ​ម្តង​ទៀតថា នឹងដាក់​ដំណើរការ​កម្មវិធី​កម្សាន្ត​ដែល​គោរព​ទៅតាម​ច្បាប់​នៃ​សាសនា​ឥស្លាម​នៅ​ក្រុង​ហ្សា​ការ​តា ដែល​រួមមាន​សណ្ឋាគារ​សម្រាប់​អ្ន​កាន់សាសនា​ឥស្លាម និង​ទីធ្លា​សាធារណៈ​សម្រាប់​គូស្រករ​ឥស្លាម​មុនពេល​រៀបការ ដែល​គេ​ហៅថា ta’aruf​។​

​អគ្គលេខាធិការ​គណបក្ស​នយោបាយ​ឥស្លាម​ធំជាងគេ​គឺ​គណបក្ស «​យុត្តិធម៌​រីកចម្រើន​» ឬ Prosperous Justice Party បាន​សាទរ​លើ​ចំណាត់ការ​របស់លោក Anies លើ​បញ្ហា​នេះ​។​

​លោក Mustafa Kamal និយាយថា​៖ «​យើង​គោរព​លោក Anies សម្រាប់​ការងារ​ដ៏​ស៊ីសង្វាក់​គ្នា​របស់លោក ទាក់ទិន​នឹង​សណ្ឋាគារ Alexis និង​ការយក​មកវិញ​នូវ​អចលនទ្រព្យ​របស់​ក្រុង​ហ្សា​ការ​តា​»​។​

​មេដឹកនាំ​សាសនា​ឥស្លាម​ប្រកាន់​ជំហរ​តឹងរ៉ឹង គឺ​រណសិរ្ស​អ្នកការពារ ដែល​បាន​ដឹកនាំ​ការប្រមូលផ្តុំ​នៃ​អ្នក​កាន់សាសនា​ឥស្លាម​ធំ​មួយ​កាលពី​ឆ្នាំមុន ដើម្បី​ប្រឆាំងនឹង​អតីត​អភិបាលក្រុង​ហ្សា​ការ​តា ក៏បាន​សាទរ​លោក Anies ផងដែរ ហើយ​បាន​សន្យាថា នឹង​ប្រមូល​អ្នកគាំទ្រ​របស់ខ្លួន​ម្តងទៀត ប្រសិនបើ​ថ្នាក់ដឹកនាំ​សណ្ឋាគារ​នេះ​តបត​នឹង​ការបិទ​សណ្ឋាគារ​នេះ​៕

​សូម​ចុច​ទៅ​ប្រភពដើម VOA ត្រង់នេះ​

© រក្សាសិទ្ធិដោយ thmeythmey.com