កីឡាអន្តរជាតិ
អន្តរជាតិ
ប៉េ​រូ ជា​ក្រុម​ចុងក្រោយ​ដែល​ឡើងទៅ World Cup ក្រោយ​ធ្វើ​ឲ្យ នូ​វែ​ល​សេ​ឡង់ ទឹកភ្នែក​
16, Nov 2017 , 11:05 am        
រូបភាព
ក្រុម​កីឡាករប៉េរូ អបអរការស៊ុតបាល់បញ្ចូលទី​លើ​នូវែលសេឡង់។ រូបថត AFP
ក្រុម​កីឡាករប៉េរូ អបអរការស៊ុតបាល់បញ្ចូលទី​លើ​នូវែលសេឡង់។ រូបថត AFP
ដោយ: រួបរួម
ក្រុមកីឡា​បាល់ទាត់​ជម្រើសជាតិ​ប៉េ​រូ មកពី​តំបន់​អាមេរិក​ឡាទីន បាន​យកឈ្នះ​ភ្ញៀវ នូ​វែ​ល សេ​ឡង់ មកពី​តំបន់​អូ​សេ​អា​នី ក្នុង​លទ្ធផល ២-០ សម្រាប់​ការប្រកួត​វគ្គ​ជម្រុះ​ជើង​ទី​ពីរ​នៅ​កីឡដ្ឋាន Estadio Nacional​។​

 
​កីឡាករ Jefferson Farfan បាន​ស៊ុត​បាល់​បញ្ចូល​ទី​នៅ​នាទី​២៨ ហើយ Christian Guillermo Ramos បន្ថែម​គ្រាប់​ទី​២​នៅ​នាទី​៦៥ ដើម្បី​នាំ​ប៉េ​រូ ទៅ​បង្ហាញ​វត្តមាន​នៅក្នុង​ព្រឹត្តិការណ៍ World Cup ជា​លើក​ទី​៥ ខណៈ​នូ​វែ​ល សេ​ឡង់​ខក​ឱកាស​ក្នុងនាម​ជា​ក្រុម​តែមួយគត់​តំណាង​ឲ្យ​តំបន់​អូ​សេ​អា​នី (OFC) ។ ការប្រកួត​ជើង​ទីមួយ​នៅ​កីឡដ្ឋាន Westpac Stadium ក្រុង Wellington បញ្ចប់​ក្នុង​លទ្ធផល​ស្មើ ០-០ ។​
 
​ប៉េ​រូ​ក្លាយជា​ក្រុមទី​៥​តំណាង​ឲ្យ​តំបន់​អាមេរិក​ឡាទីន និង​ជា​ក្រុម​ចុងក្រោយ ដែល​ត្រូវ​ធ្វើដំណើរ​ទៅកាន់​ប្រទេស​រុស្ស៊ី សម្រាប់​ការប្រកួត FIFA World Cup ឆ្នាំ​២០១៨៖ 
 
​ក្រុម​ទាំង​៣២​ដែល​ត្រូវ​បង្ហាញខ្លួន​នៅ FIFA World Cup 2018 រួមមាន​៖
 
​ក្រុម​នៅ​តំបន់​អឺរ៉ុប (UEFA) មាន​១៤​ក្រុម​៖ ម្ចាស់ផ្ទះ​រុស្ស៊ី បែលហ្ស៊ិក អាល្លឺម៉ង់ អង់គ្លេស អេ​ស្ប៉ា​ញ ប៉ូឡូញ អ៊ី​ស្លង់ ស៊ែ​ប៊ី ព័រ​ទុយ​ហ្គា​ល់ បារាំង ស្វី​ស ក្រូ​អាស៊ី ស៊ុយអែត និង​ដា​ណឺ​ម៉ាក​។ 
​ក្រុម​មកពី​អាមេរិក​ឡាទីន (CONMEBOL) មាន​៥​ក្រុម​៖ ប្រេ​ស៊ី​ល អ៊ុយ​រូ​ហ្គា​យ អា​ហ្ស​ង់​ទីន កូ​ឡុំ​ប៊ី និង​ប៉េ​រូ ។​
 
​ក្រុម​តំណាង​ឲ្យ​តំបន់​អាស៊ី (AFC) មាន​៥​ក្រុម​៖ អ៊ីរ៉ង់ ជប៉ុន កូរ៉េខាងត្បូង អា​រ៉ា​ប៊ី​សា​អូឌីត និង​អូស្ត្រាលី​។ 
 
​ក្រុម​ពី​តំបន់​អាហ្វ្រិក (CAF) មាន​៥​ក្រុម​៖ នី​ហ្សេ​រី​យ៉ា អេ​ហ្ស៊ី​ប សេ​ណេ​ហ្គា​ល់ ម៉ា​រ៉ុ​ក និង​ទុយ​នី​ស៊ី ។​
 
​ក្រុម​តំបន់​អាមេរិក​ខាងជើង កណ្តាល និង​កា​រ៉ា​អ៊ី​ប (CONCACAF) មាន​៣​ក្រុម​៖ ម៉ិ​ក​ស៊ិ​ក កូ​ស្តា​រី​កា ប៉ា​ណា​ម៉ា ៕

Tag:
 World Cup
  ប៉េរូ
© រក្សាសិទ្ធិដោយ thmeythmey.com