អន្តរជាតិ
អ្នកការទូត​ព្រុយ​ណេ លោក Lim Jock Hoi ក្លាយជា​អគ្គលេខាធិការ​ថ្មី​អាស៊ាន​
16, Nov 2017 , 2:37 pm        
រូបភាព
ដោយ:
​កិច្ចប្រជុំ​កំពូល​ពាក់ព័ន្ធ​របស់​អា​ស៊ាន ដែលមាន​ហ្វីលីពីន ជា​ម្ចាស់ផ្ទះ បាន​បិទ​បញ្ចប់​ជា​ផ្លូវការ​និង​ដោយ​ផ្លែផ្កា​ផងដែរ ។ ជាមួយនឹង​ការបិទ​បញ្ចប់​នេះ ប្រធាន​អាស៊ាន​ត្រៀម​កាន់តំណែង​សិង្ហ​បុរី ក៏បាន​ណែនាំ​អគ្គលេខាធិការ​ថ្មី​របស់​អាស៊ាន​ផងដែរ ។



​ឆ្លៀតឱកាស​នៃ​ការបង្ហាញ​ចំណាប់អារម្មណ៍ និង​ទទួល​ញញួរ​ប្រធាន​អាស៊ាន​ពី​ប្រធានាធិបតី រ៉ូ​ឌ្រី​ហ្គូ ឌូ​ទើ​តេ នៅ​ថ្ងៃ​១៤ វិច្ឆិកា លោកនាយក​រដ្ឋមន្ត្រី លី សៀន​ឡុង ដែល​នឹងត្រូវ​ធ្វើជា​ប្រធាន​អាស៊ាន​ឆ្នាំ​២០១៨​នោះ ក៏បាន​ណែនាំ​ប្រតិភូ​ពាក់ព័ន្ធ​នៃ​កិច្ចប្រជុំ​អាស៊ាន​ឲ្យ​បាន​ស្គាល់​អគ្គលេខាធិការ​អាស៊ាន​ថ្មី​ផងដែរ ។

« ខ្ញុំ សូម​អរគុណ​លោក​អគ្គលេខាធិការ​អាស៊ាន Le Luong Minh និង​សហការី​របស់លោក​ចំពោះ​កិច្ចប្រឹងប្រែង​កន្លងមក​ក្នុងការ​ជ្រោមជ្រែង​កិច្ចប្រជុំ​អាស៊ាន​ជាច្រើន ។ ហើយ​ខ្ញុំ សូម​ស្វាគមន៍​ចំពោះ លោក​អគ្គលេខាធិការ​អា​ស៊ាន​ត្រៀម​កាន់តំណែង Lim Jock Hoi ផងដែរ ។ » នេះ​គឺជា​សេចក្តីថ្លែងការណ៍​របស់​លោកនាយក​រដ្ឋមន្ត្រី លី នៅ​ថ្ងៃ​ទទួល​ញញួរ​ប្រធាន ដែល​ចុះផ្សាយ​នៅ​គេហទំព័រ​ផ្លូវការ​នាយករដ្ឋមន្ត្រី​សិង្ហ​បុរី ។​

​សូមជម្រាបថា លោក Le Luong Minh ដែលជា​អតីតរដ្ឋមន្ត្រី​ការបរទេស​វៀតណាម​នោះ ត្រូវបានតែងតាំង​ជា​អគ្គលេខាធិការ​អាស៊ាន​ស​ម្រា​ប់​អាណត្តិ​ប្រាំ​ឆាំ្ន ២០១២​ដល់​២០១៧ ។ សម្រាប់ លោក Lim Jock Hoi ដែលជា​ជនជាតិ​ព្រុយ​ណេ​នោះ ក៏​ជា​មន្ត្រីជាន់ខ្ពស់​នៃ​ក្រសួងការបរទេស​ព្រុយ​ណេ​ផងដែរ ។ លោក Lim នឹងត្រូវ​បន្ត​តំណែង​ជា​អគ្គលេខាធិការ​អាស៊ាន​ចាប់ពី​ឆ្នាំ​២០១៨​ដល់​២០២៣ ។

​យោងតាម​មាត្រា ១១ នៃ​ធម្មនុញ្ញ​អាស៊ាន អគ្គលេខាធិការ​អាស៊ាន ត្រូវបានតែងតាំង​ដោយ​កិច្ចប្រជុំ​កំពូល​អាស៊ាន សម្រាប់​អាណត្តិ​ប្រាំ​ឆ្នាំ ដែល​អាណត្តិ​នេះ មិនអាច​បន្តទៀត​បាន​ទេ ។ សម្រាប់​ការតែងតាំង​នេះ ត្រូវ​ជ្រើសរើស​ចេញពី​ចំណោម​ជនជាតិ នៃ​រដ្ឋ​សមាជិក​អាស៊ាន ផ្អែកទៅលើ​ការប្តូរ​វេន​គ្នា​តាម​លំដាប់​អក្ខរក្រម​នៃ​ឈ្មោះ​រដ្ឋ​សមាជិក​ដោយ​ពិចារណា​ល្អិតល្អន់​ទៅលើ​សុច្ចរិតធម៌ សមត្ថភាព និង​បទពិសោធន៍​វិជ្ជាជីវៈ និង​សមភាព​យេនឌ័រ​ផងដែរ ។

​សមាជិក​អាស៊ាន​ទាំងអស់​មាន​ដប់​ប្រទេស ក្នុងនោះ បើ​រាប់​តាម​លំដាប់​អក្ខរក្រម​នៃ​ឈ្មោះ​ជា​ភាសា​អង់គ្លេស​មានដូចជា ព្រុយ​ណេ កម្ពុជា ឥណ្ឌូណេស៊ី ឡាវ ម៉ាឡេស៊ី មី​យ៉ាន់​ម៉ា ហ្វីលីពីន សិង្ហ​បុរី ថៃ និង​វៀតណាម ៕


Tag:
 អាស៊ាន​
  ព្រុយ​ណេ​
  សិង្ហ​បុរី
© រក្សាសិទ្ធិដោយ thmeythmey.com