កីឡាជាតិ
ជាតិ
ទន្ទឹមនឹងទទួលស្គាល់លទ្ធផលចាញ់ទាំងពីរប្រកួតលោក ប្រាក់ សុវណ្ណារ៉ា រីករាយទទួលការរិះគន់
× គ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជាលោក ប្រាក់ សុវណ្ណារ៉ា ក្រោយបញ្ចប់ភារកិច្ចក្នុងការដឹកនាំក្រុមជម្រើសជាតិបានប្រកាសទទួលខុសត្រូវគ្រប់បែបយ៉ាងចំពោះលទ្ធផលក្រោមការរបស់ខ្លួន។ លើសពីនេះ លោក ព្រមទទួលរាល់ការនិន្ទាគ្រប់រូបភាពរបស់អ្នកគាំទ្រដោយក្តីរីករាយផងដែរ។ ទន្ទឹមនឹងនេះ លោកបានសរសើរពីកិច្ចខិតខំប្រឹងប្រែងរបស់កីឡាករសម្រាប់ពីរប្រកួតកន្លងមកនេះ។
ក្រុមកីឡាជម្រើសជាតិកម្ពុជាក្រោមការដឹកនាំរបស់លោក ប្រាក់ សុវណ្ណារ៉ា បានរងបរាជ័យពីរប្រកួតជាប់គ្នាក្នុងនោះចាញ់មីយ៉ាន់ម៉ា ២-១ នាការប្រកួតមិត្តភាពអន្តរជាតិ និងចាញ់ហ្សកដានី ១-០ ក្នុងវគ្គជម្រុះ AFC Asian Cup 2019 នាពហុកីឡដ្ឋានជាតិដូចគ្នា ដែលការចាញ់នេះធ្វើឲ្យកម្ពុជាបាត់បង់ឱកាសឡើងទៅវគ្គបន្ត។
ទោះបីកម្ពុជានៅសល់មួយប្រកួតជាមួយក្រុមអាហ្វហ្គានីស្ថាននៃព្រឹត្តិការណ៍ AFC Asian Cup នាឆ្នាំ២០១៨ ខាងមុខក៏ដោយ ប៉ុន្តែលោក ប្រាក់ សុវណ្ណារ៉ា ដែលចុះកិច្ចសន្យាតែពីរប្រកួតជាមួយសហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានបញ្ចប់ភារកិច្ចជាមួយក្រុមជម្រើសជាតិ។ ក្រោយបំភារកិច្ចរួចរាល់តាមការកំណត់លោក ប្រាក់ សុវណ្ណារ៉ា ដែលមិនគាប់ប្រសើរជាមួយលទ្ធផល តាមរយៈហ្វេសប៊ុកផ្លូវការរបស់លោកបានប្រកាសទទួលខុសត្រូវគ្រប់បែបយ៉ាងចំពោះលទ្ធផល និងរីករាយទទួលការរិះគន់ពីអ្នកគាំទ្រ។
ទន្ទឹមនឹងប្រកាសចប់ភារកិច្ចក្នុងក្រុមជម្រើសជាតិកម្ពុជាសម្រាប់ជំនួបដែលនៅសេសសល់ក្នុងឆ្នាំ២០១៧ គ្រូបង្វឹករូបនេះបានកោតសរសើរសម្រាប់ការខិតខំប្រឹងប្រែងអស់កម្លាំងកាយចិត្តរបស់កីឡាករផងដែរ។ លោកបានបន្ថែមថា៖«ខ្ញុំសូមទទួលខុសត្រូវគ្រប់យ៉ាងចំពោះលទ្ធផលដែលក្រុមយើងទទួលបាន។ ហើយក៏រីករាយនឹងទទួលយកនូវរាល់ការនិន្ទាគ្រប់យ៉ាង ទោះក្រោមរូបភាពបែបណាក៏ដោយ។ សូមអរគុណយ៉ាងជ្រាលជ្រៅចំពោះបងប្អូនទស្សនិកជនដែលតែងតែគាំទ្រក្រុមជម្រើសជាតិជារៀងរហូតមក ហើយក៏សង្ឃឹមថាបងប្អូននឹងមិនបោះបង់ក្រុមជម្រើសជាតិចោលឡើយ»៕
Tag:
បាល់ទាត់
ប្រាក់ សុវណ្ណារ៉ា
ក្រុមជម្រើសជាតិកម្ពុជា
© រក្សាសិទ្ធិដោយ thmeythmey.com