ជាតិ
សេដ្ឋកិច្ច
រដ្ឋមន្ត្រី​ទេសចរណ៍ ស្នើ​ឲ្យ​ចិន​ជួយ​រៀបចំ​ផែនការមេ​អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍​នៅ​តំបន់ឆ្នេរ​
16, Nov 2017 , 5:01 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ ក្រសួងទេសចរណ៍ បានស្នើ​ឲ្យ​ភាគី​ចិន​ជួយ​រៀប​ដំ​ផែនការមេ​ក្នុងការ​អភិវឌ្ឍ​វិស័យ​ទេសចរណ៍​នៅ​តំបន់ឆ្នេរ​សមុទ្រ​កម្ពុជា និង​ជួយ​ជំរុញ​ការវិនិយោគ​ផលិតផល​ទេសចរណ៍​នៅ​តំបន់​នេះ​។



​ការស្នើ​ដូច្នេះ​ធ្វើឡើង​ក្នុងជំនួប​ពិភាក្សា​រវាង​លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ និង​គណៈប្រតិភូ​ចិន​មកពី​ខេត្ត​សាង​ទុង ដែល​ដឹកនាំ​ដោយ​លោក ជី ចាង​ឈី អភិបាលរង​ខេត្ត​មួយ​នេះ នៅ​ថ្ងៃទី​១៥​ខែវិច្ឆិកា​។ គណៈប្រតិភូ​ចិន​មក​បំពេញ​ទស្សនៈកិច្ច​លើក​នេះ គឺ​ដើម្បី​ពិនិត្យមើល​សក្ដានុពល និង​ការអភិវឌ្ឍ​វិស័យ​ទេសចរណ៍​របស់​កម្ពុជា​។​

​បើតាម​ព័ត៌មាន​ដែល​ផ្សាយ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ករ​បស់​ក្រសួងទេសចរណ៍ លោក ថោង ខុន បានស្នើ​ដល់​ភាគី​ចិន តាមរយៈ​គណៈប្រតិភូ​ខេត្ត​សាង​ទុង នេះ ឲ្យ​ជួយ​សិក្សា​រៀបចំ​ផែនកា​មេ​ក្នុងការ​អភិវឌ្ឍ​វិស័យ​ទេសចរណ៍​នៅ​តំបន់ឆ្នេរ​សមុទ្រ​កម្ពុជា​។ ជាមួយគ្នានេះ រដ្ឋមន្ត្រី​ទេសចរណ៍​រូបនេះ បានស្នើ​ភាគី​ចិន​ជួយ​ជំរុញ​ការវិនិយោគ​ផលិតផល​ទេសចរណ៍ មណ្ឌល​កម្សាន្ត​ទេសចរន៍​នៅ​តំបន់ឆ្នេរ ដោយ​លោក​បានដឹងថា ខេត្ត​សាង​ទុង​មាន ដែលជា​ខេត្ត​ជាប់មាត់​សមុទ្រ​របស់​ចិន មានបទពិសោធន៍​ជោគជ័យ ក្នុងការ​អភិវឌ្ឍ​វិស័យ​ទេសចរណ៍​នៅ​តំបន់ឆ្នេរ​របស់ខ្លួន​។​

​កម្ពុជា​បានរៀបចំ​ផែនការ​យុទ្ធសាស្ត្រ China Ready ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​ចិន ខណៈ​រដ្ឋាភិបាល​កំណត់​ទិសដៅ​ស្រូបយក​ភ្ញៀវ​ចិន​ចំនួន ២​លាន​នាក់​នៅ​ឆ្នាំ​២០២០ ។ បើតាម​តួលេខ​របស់​ក្រសួង​ទេ​សចណ៍ ភ្ញៀវទេសចរ​ចិន​បានមក​កម្សាន្ត​នៅ​កម្ពុជា​ចំនួន ៨៤​ម៉ឺន​នាក់ ក្នុងចំណោម​ទេសចរ​ស​រុ​ប ៣,៩​លាន​នាក់ នៅក្នុង​រយៈពេល​៩​ខែ​ឆ្នាំនេះ ដែល​កើនឡើង ៤៥​ភាគរយ ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន ដែល​ធ្វើ​ឲ្យ​ទីផ្សារ​ចិន​ឈរ​នៅ​លេខ​រៀង​ទី​១៕


Tag:
 ទេសចរ​ចិន
© រក្សាសិទ្ធិដោយ thmeythmey.com