ជាតិ
នយោបាយជាតិ
តុលាការកំពូល សម្រេចរំលាយ CNRP និងផ្អាកសកម្មភាពនយោបាយថ្នាក់ដឹកនាំ១១៨នាក់
× ភ្នំពេញ៖ នៅទីបំផុត តុលាការកំពូល បានសម្រេចរំលាយគណបក្សសង្គ្រោះជាតិ តាមបណ្ដឹងរបស់ក្រសួងមហាផ្ទៃ ក្រោយពីចំណាយពេលពេញមួយថ្ងៃ ដើម្បីបើកសវនាការលើសំណុំមួយនេះ។
តុលាការបានសម្រេចរំលាយបក្សប្រឆាំងនេះ ក្រោមហេតុផលថា គណបក្សសង្គ្រោះជាតិ ពិតជាបានឃុបឃិតជាមួយបរទេស ក្នុងគោលបំណងចង់ផ្ដួលរំលំរដ្ឋាភិបាល ដែលជាបដិវត្តពណ៌ ខុសច្បាប់រដ្ឋធម្មនុញ្ញនៃប្រទេសកម្ពុជា។ ក្រៅពីរំលាយគណបក្សប្រឆាំងនេះ តុលាការកំពូលក៏សម្រេចផ្អាកសកម្មភាពថ្នាក់ដឹកនាំនយោបាយរបស់គណបក្ស ចំនួន១១៨នាក់ ក្នុងរយៈពេល៥ឆ្នាំ តាមសំណើរបស់ក្រសួងមហាផ្ទៃផងដែរ ។ តុលាការបិទផ្លូវតវ៉ាលើករណីនេះ ដោយដាក់ឲ្យអនុវត្តសាលដីកា ចាប់ពីថ្ងៃទី១៦ វិច្ឆិកា តទៅ។
សូមបញ្ជាក់ថា ក្រសួងមហាផ្ទៃ បានយកករណីរបស់ឯកឧត្តម កឹម សុខា ដែលត្រូវបានសង្ស័យថាប្រព្រឹត្តអំពើក្បត់ជាតិ ទៅផ្សារភ្ជាប់ជាមួយគណបក្សសង្គ្រោះជាតិទាំងមូល។ ក្រសួងមហាផ្ទៃ យល់ថា គណបក្សសង្គ្រោះជាតិ ក៏អាចជាប់ទាក់ទងនឹងអំពើក្បត់ជាតិ ដូចឯកឧត្តម កឹម សុខា ដែរ ទើបបានជាសុំឲ្យតុលាការកំពូល រំលាយចោល ហើយថែមទាំងសុំឲ្យដកសិទ្ធិពីថ្នាក់ដឹកនាំគណបក្សប្រឆាំងដ៏ធំមួយនេះ ក្នុងការធ្វើនយោបាយថែមទៀត។
សមាសភាពចៅក្រមកាត់ក្តីចំនួន៩រូប ដឹកនាំដោយលោក ឌិត មុន្ទី រួមទាំងសមាជិក ៨ រូប ផ្សេងទៀត មានលោក ជីវ កេង លោកឃឹម ប៉ុណ្ណ លោក យូរ ឧត្តរា លោក គង់ ស្រ៊ីម លោក គង់ តារាឆាត លោក សេង នាង លោកស្រី សែម សក្កិកូឡា និងលោកស្រី ចាំង ស៊ីណាត។ ចំណែកអគ្គព្រះរាជអាជ្ញាគឺលោកស្រី ជា លាង៕
© រក្សាសិទ្ធិដោយ thmeythmey.com