អន្តរជាតិ
អាស៊ាន នៅតែមិនទាន់កំណត់ពេលចុងក្រោយទទួលទីម័រខាងកើតជាសមាជិកផ្លូវការ
× អាស៊ាន បានចេញសេចក្តីថ្លែងការណ៍រួមមួយ ក្រោយបញ្ចប់កិច្ចប្រជុំកំពូលអាស៊ានលើកទី៣១ នៅរដ្ឋធានី ម៉ានីល នៃហ្វីលីពីន ។ តាមរយៈសេចក្តីថ្លែងការណ៍រួមនេះ អាស៊ាន បានលើកឡើង និងបញ្ញត្តិចំណុចជាច្រើន ដែលជាក្តីបារម្ភរួម ក៏ដូចជាដំណោះស្រាយ និងកិច្ចសហប្រតិបត្តិការ ដែលត្រូវធ្វើរួមគ្នា។ បញ្ហាសមាជិកភាពទីម័រខាងកើត ក៏មាននៅក្នុងសេចក្តីថ្លែងការណ៍ផងដែរ ។
«យើង បានកត់សម្គាល់ថា ការសិក្សាលើសំណើជាសមាជិកអាស៊ានរបស់ទីម័រខាងកើត កំពុងតែស្ថិតក្នុងនីតិវិធី ដូច្នេះ យើង ទន្ទឹងរង់ចាំលទ្ធផលនៃការពិភាក្សាដោយក្រុមការងារវាយតម្លៃ ACC លើបញ្ហានេះ ដែលនឹងត្រូវប្រព្រឹត្តឡើងនៅថ្ងៃ៥ ធ្នូ ឆ្នាំ២០១៧ នៅកោះបាលីរបស់ឥណ្ឌូណេស៊ី»។ នេះគឺជាសេចក្តីថ្លែងការណ៍របស់អាស៊ានពាក់ព័ន្ធនឹងការសុំចូលជាសមាជិករបស់ទីម័រខាងកើត ។
សេចក្តីថ្លែងការណ៍ដែលមានកម្រាស់២៨ទំព័រនោះ បានបន្តទៀតថា៖«យើង ទទូចឲ្យស្ថាប័នពាក់ព័ន្ធរបស់អាស៊ានបន្តការងារស្រាវជ្រាវលើសកម្មភាពពាក់ព័ន្ធនៃការកសាងសមត្ថភាពរបស់ទីម័រខាងកើត ដោយយោងតាមធាតុផ្សំ និងនីតិវិធី ដែលបានកំណត់ដោយសមាជិករបស់អាស៊ាន»។
សូមជម្រាបផងដែរថា ទីម័រខាងកើត បានទទួលឯករាជ្យ និងក្លាយជាសមាជិកអង្គការសហប្រជាជាតិនៅឆ្នាំ២០០២ ។ រដ្ឋដែលពឹងផ្អែកលើប្រេងមួយនេះ បានដាក់សំណើដើម្បីទទួលបានសមាជិកភាព អាស៊ាននៅឆ្នាំ២០១១ ។ រយៈពេល៦ឆ្នាំមកនេះ ទីម័រខាងកើត កំពុងស្ថិតក្រោមការវាយតម្លៃ របស់គណៈកម្មាធិការអាស៊ាន ថាតើ ទីម័រខាងកើត មានលក្ខណៈពេញលេញឬនៅសម្រាប់ការក្លាយសមាជិកកូនពៅអាស៊ានឬនៅ ។
នៅថ្ងៃ២៦ តុលាកន្លងទៅ លោកនាយករដ្ឋមន្ត្រីទីម័រខាងកើត Mari Alkatiri បានអះអាងថា ទីម័រខាងកើត ទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីឥណ្ឌូណេស៊ី ម៉ាឡេស៊ី និងបណ្តាសមាជិកអាស៊ានផ្សេងទៀតក្នុងការក្លាយជាសមាជិកអាស៊ាន លើកលែងតែសិង្ហបុរី និងមីយ៉ាន់ម៉ា ដែលរដ្ឋាភិបាលទីម័រខាងកើត កំពុងតែបន្តនីតិវិធីចរចា ។
នាពេលនោះដែរ លោកនាយករដ្ឋមន្ត្រីរដ្ឋវ័យក្មេងជាងគេរបស់អាស៊ីគ្នេយ៍ដដែលនោះ ក៏បានបន្ថែមទៀតយ៉ាងដូច្នេះថា៖« ទីម័រខាងកើត នឹងព្យាយាមឲ្យអស់ពីសមត្ថភាពដើម្បីបានចូលរួមជាមួយនឹងអាស៊ាន ហើយខ្ញុំ ជឿជាក់ថា ឆាប់ៗនេះ ទីម័រខាងកើត នឹងក្លាយជាសមាជិកពេញលេញរបស់អាស៊ានហើយ» ៕
Tag:
ទីម័រខាងកើត
អាស៊ាន
© រក្សាសិទ្ធិដោយ thmeythmey.com