ជាតិ
បទយកការណ៍ / បទសម្ភាសន៍
អាជីវកម្ម​ជុំវិញ​តំបន់​តុលាការ​កំពូល បាត់​ចំណូល​ដោយសារ​សវនាការ​រំលាយ CNRP
16, Nov 2017 , 6:00 pm        
រូបភាព
ដោយ:
​ចាប់តាំងពី​ម៉ោង​៦​ព្រឹក បណ្ដា​ផ្លូវ​ជុំវិញ​ព្រះបរមរាជវាំង និង​តុលាការ​កំពូល​ត្រូវបាន​បិទ​ទាំងស្រុង មិន​ថា​អាជីវករ​ដែលមាន​ទីតាំង​ត្រូវ​លក់ដូរ​ក្នុង​បរិវេណ​នោះឡើយ សូម្បីតែ​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ជុំវិញ​តំបន់​នោះ ក៏​មិន​អនុញ្ញាត​ឲ្យ​ចេញចូល​តាមចិត្ត​ដែរ​។ ផ្សារ​ទំនើប​ផេ​ន​ស៊​ល ដែល​តែងតែមាន​អតិថិជន​ចេញចូល​ហូរហែ​នោះ នៅ​ថ្ងៃទី​១៦ ខែវិច្ឆិកា​នេះ ក៏​ស្ងាត់ឈឹង មានតែ​សំឡេង​អ្នកលក់​ប្រហែល​៥ ទៅ​៦​តូប និង​អ្នក​អនាម័យ​ម្នាក់​ដែល​នៅ​ជូត​ផ្សារ​តែប៉ុណ្ណោះ​។​

 
​មកដល់​វេលា​ថ្ងៃត្រង់​នៃ​ថ្ងៃទី​១៦​វិច្ឆិកា ក្នុង​ផ្សារ​ទំនើប​ផេ​នស​ល មាន​ហាង​តែ ៤ ឬ​៥​ប៉ុណ្ណោះ​ដែល​បាន​បើកទ្វារ​។ គ្មាន​ឡើយ​អ្នក​ដែល​ដើរ​ផ្សា​រទិញ​ឥ​វ៉ាន់​ដូច​រាល់ដង​។ អាជីវករ​ក្នុង​ផ្សារ​ម្នាក់ បាន​ឲ្យ​សារព័ត៌មាន​ថ្មីៗ​ដឹងថា កញ្ញា​បានមក​រៀបចំ​អីវ៉ាន់ តាំងតែ​ពី​ម៉ោង​៨​ព្រឹក តែ​ពេលមកដល់​ផ្លូវ​ខាងមុខ ប៉ូលិស​មិនបាន​អនុញ្ញាត​ឲ្យ​កញ្ញា​ចូល​មកដល់​ផ្សារ​ឡើយ​។ រហូតដល់​ម៉ោង​១២​ថ្ងៃត្រង់ កញ្ញា​បានមក​សុំ​ប៉ូលិស​ចូល​ម្ដងទៀត ទើប​កញ្ញា​អាច​ចូលទៅ​បាន​។ «​ពេល​មក​លើក​ក្រោយ​ហ្នឹង ខ្ញុំ​ចូល​ជាមួយ​អ្នក​ដែល​មា​កាត​ធ្វើកា​ងារ នៅ​សណ្ឋាគារ ទើប​គេ​ឲ្យ​ខ្ញុំ​ចូល​»​។​
 
​មិនមែន​ត្រឹមតែ​ក្នុង​ផ្សារ​ទំនើប​នោះទេ តែ​បរិវេណ​សួនច្បារ មុខ​សណ្ឋាគារ​កាំបូឌីយ៉ាណា ក៏​ស្ងប់ស្ងាត់​ដែរ​។ អ្នកលក់​ភេសជ្ជៈ និង​ចំណីអាហារ​តាម​រទេះ និង​តាម​ផ្ទះ​នៅ​ទីនោះ មិនបាន​បើក​លក់​នោះទេ គឺ​មានតែ​រទេះ ដែល​ចង​ច្រ​វ៉ា​ក់ជាប់ មិនឃើញ​ម្ចាស់​តែប៉ុណ្ណោះ​។ ស្ត្រី​អាជីវករ និង​ជា​ប្រជាពលរដ្ឋ​រស់នៅ​តំបន់​នេះ​ផ្ទាល់ នៅតែ​បន្ត​ដាក់លក់​ចំណីអាហារ​របស់ខ្លួន​ធម្មតា ទោះបីជា​នៅតាម​ផ្លូវ​គ្មាន​មនុស្ស​ឆ្លងកាត់​ក៏ដោយ​។ 

​ស្ត្រី​លក់​ប្រហិត​ចៀន បាន​និយាយ​ទាំង​ដៃ​កំពុង​លើក​ប្រហិត​រៀប​ដាក់​នៅលើ​ថាស​ដូច​រាល់​ថ្ងៃនោះ បាន​និយាយថា​៖ «​ត្រូវតែ​លក់​ហើយ​អូន​។ បើ​យើង​មិន​លក់ មានតែ​ទុក​អាហារ​ទាំងនេះ​ខូច​ចោល​ដដែល​។ ចាំមើល ក្រែង​យប់​បន្តិច​គេ​បើកផ្លូវ​វិញ »​។​

​ការបិទផ្លូវ​នៅ​ជុំវិញ​តុលាការ​កំពូល​នេះ មិន​ត្រឹមតែ​ប៉ះពាល់​ដល់​ម្ចាស់​អាជីវករ​នោះទេ សូម្បីតែ​សិស្ស​តូចៗ​មួយចំនួន ក៏​អាក់ខាន​មិនបាន​ទៅ​រៀន​ដែរ​។ បុរស​ម្នាក់ ដែល​កំពុងតែ​ហាល​ខោអាវ​របស់​កូន​នៅមុខ​ផ្ទះ ក្បែរ​ផ្សារ​ផេ​ន​ស៊​ល បាន​រៀបរាប់ថា លោក​មិនបាន​ជូន​កូន​ទៅ​រៀន​នោះទេ​ថ្ងៃនេះ ដោយសារ​ការពិបាក​ចេញចូល​ទៅមក​ផ្ទះ​របស់គាត់ ដែល​ស្ថិតនៅក្នុង​តំបន់ហាមឃាត់​។​

«​ពី​ព្រឹក​ប្អូន​ខ្ញុំ​ចេញទៅ​ក្រៅ ហើយ​ប៉ូលិស​មិនបាន​អនុញ្ញាត​ឲ្យ​គាត់​ចូលមក​វិញ ដោយ​សួររក​អត្ត​សណ្ណាណ​បណ្ណ​ផង សួរនាំ​ច្រើន​ផង ដូច្នេះ​ខ្ញុំ​សម្រេចចិត្ត​ឲ្យ​កូន​សម្រាក​មួយថ្ងៃ​។ ហើយ​ម៉ាក់ ប៉ា​ខ្ញុំ ដែល​លក់​ភេសជ្ជៈ​នៅខាងមុខ​ហ្នឹង ក៏ត្រូវ​ផ្អាក​មួយថ្ងៃ​ដែរ​»​។ នេះ​ជាការ​បញ្ជាក់​របស់​ពល​រដ្ឋ​ដែល​រស់នៅ​ក្បែរ​តុលាការ​កំពូល​នោះ​។​

​តាម​ការសង្កេតមើល​ការបិទផ្លូវ​នេះ មានការ​តឹងតែង​ណាស់ សូម្បីតែ​ភ្ញៀវទេសចរ​បរទេស ដែល​ធ្វើដំណើរ​ដោយ​ឡានក្រុង មកកាន់​ព្រះបរមរាជវាំង ក៏​មិនត្រូវ​បានអនុញ្ញាត​ឲ្យ​ចូល​ដែរ​។ មិនតែប៉ុណ្ណោះ​នៅ​មាត់ទន្លេ មុខ​ព្រះរាជវាំង ដែល​ធ្លាប់​តែមាន​ពលរដ្ឋ និង​អ្នកទេសចរ​មក​ឲ្យ​ចំណី​ព្រាប ក៏​មិនអាច​ចូលមក​បានដែរ​។ ហេតុនេះហើយ សូម្បីតែ​សត្វ​ព្រាប​នៅថ្ងៃនេះ ក៏ត្រូវ​ដាច់​ចំណី ព្រោះតែ​គ្មាន​អ្នកលក់ និង​ទិញ​ចំណី​ឲ្យ​ឡើយ​។ ឯ​ព្រះអង្គ​ដង​កើ ដែល​តែងតែមាន​មនុស្ស​ចូល​អុជ​ធូប បន់ស្រន់ ឬ​លាបំណន់​នោះ ក៏ត្រូវ​ចាក់សោ​ទ្វារ​ជិត​ដែរ​៕
 

Tag:
 បិទផ្លូវ​
  រំលាយ CNRP
  គណបក្ស​សង្គ្រោះ​ជាតិ
© រក្សាសិទ្ធិដោយ thmeythmey.com