(Bonn)៖ គំនិតផ្តួចផ្តើម Powering Past Coal Alliance ដែលដឹកនាំដោយកាណាដា និងចក្រភពអង់គ្លេសដើម្បីជំរុញការលុបបំបាត់ការប្រើប្រាស់ថាមពលធ្យូងថ្ម ត្រូវបានប្រកាសនៅក្នុងសន្និសីទស្តីពីការប្រែប្រួលអាកាសធាតុលើកទី ២៣នៅទីក្រុង Bonn ថ្ងៃព្រហស្បតិ៍នេះ។ ភាគីយ៉ាងហោចណាស់ ២៥ ដែលមានបណ្តាប្រទេសអាស៊ី អឺរ៉ុប អាមេរិក និងរដ្ឋមួយចំនួនរបស់សហរដ្ឋអាមេរិប្រកាសចូលរួមយុទ្ធនាការនេះ។
ខណៈដែលការបញ្ចេញឧស្ម័នកាបូនិចពីឧស្សាហកម្មធ្យូងថ្មនៅតែបញ្ហាធំសម្រាប់ពិភពលោក កាណដា និងចក្រភពអង់គ្លេសបានចេញមុខប្រកាសដាក់ចេញគំនិតផ្តួចផ្តើមមួយជំរុញការលុបបំបាត់ការប្រើប្រាស់ធ្យូងថ្មនៅត្រឹមឆ្នាំ ២០៣០ និងជំរុញការប្រើប្រាស់ថាមពលស្អាតវិញ។
គំនិតផ្តួចផ្តើមនោះមានឈ្មោះថា Global Alliance to Energy Past Coal ហើយវាត្រូវបានប្រកាសជាផ្លូវការក្នុងសន្និសីទសារព័ត៌មានមួយនៅក្រៅសន្និសីទអង្គការសហប្រជាតិស្តីពីការប្រែប្រួលអាកាសធាតុលើកទី ២៣ នៅអាល្លឺម៉ង់។ រដ្ឋមន្ត្រីបរិស្ថានកាណាដា លោកស្រី Catherine McKenna និងរដ្ឋមន្ត្រីប្រែប្រួលអាកាសធាតុនិងឧស្សាហកម្មអង់គ្លេស Claire Perry បានធ្វើជាអធិបតីក្នុងកម្មវិធីនេះផងដែរ។
ក្នុងសន្និសីសារព័ត៌មាននោះ លោកស្រី Catherine McKenna បានលើកឡើងថាការបញ្ឈប់ឧស្សាហកម្មធ្យូងថ្មជារឿងល្អសម្រាប់ពិភពលោក និងសម្រាប់បរិយាកាសផែនដី។ វានឹងធ្វើឲ្យផែនដីមានសុខភាពល្អ និងស្រស់បំព្រងនៅពេលអនាគត។
«វាជាដំណឹងល្អសម្រាប់ពិភពលោក និងសម្រាប់បរិយាកាសផែនដី សម្រាប់សុខភាព និងសម្រាប់កូនចៅយើងជំនាន់ក្រោយ។ ធ្យូងថ្មបំពុលទីក្រុងយើង ដោយធ្វើឲ្យមនុស្សជិត ១លាននាក់ស្លាប់រៀងរាល់ឆ្នាំ។ ខ្ញុំរីករាយខ្លាំងណាស់ចំពោះគោលជំហរដែលកើតមានក្នុងការជំរុញការប្តូរទៅប្រើប្រាស់ថាមពលស្អាតនោះ។ នេះជាការចាប់ផ្តើមមួយ»។ លោកស្រី Catherine McKenna បានបញ្ជាក់ដូច្នេះ។
ដោយឡែកលោកស្រី Claire Perry តំណាងរដ្ឋាភិបាលអង់គ្លេសឯណោះវិញ ក៏បានលើកឡើងពីភាពចាំបាច់ក្នុងការជំរុញការបញ្ឈប់ការប្រើប្រាស់ធ្យូងថ្មដែរ។ លោកស្រីក៏ស្វាគមន៍ប្រទេសដទៃ និងភាគីពាក់ព័ន្ធដែលចង់ចូលរួមក្នុងសម្ព័ន្ធអន្តរជាតិដើម្បីសង្គ្រោះផែនដីនេះដែរ។
លោកស្រី Claire បានបញ្ជាក់ដូច្នេះ៖«ការកាត់បន្ថយការប្រើប្រាស់ធ្យូងថ្មទូទាំងពិភពលោកគួរជារឿងសំខាន់ និងអាទិភាពសម្រាប់ប្រទេសនានាលើពិភពលោក។ ការមិនបន្ថយការប្រើប្រាស់ធ្យូងថ្មជារឿងអាក្រក់បំផុត ហើយក៏ជាវិធីអាក្រក់បំផុតក្នុងការផលិតអគ្គីសនីដែរ»។
តាមពិតទៅ អង់គ្លេសជាប្រទេសមួយក្នុងចំណោមប្រទេសដំបូងគេដែលប្តេជ្ញាចិត្តបញ្ឈប់ឧស្សាហកម្មថាមពលប្រើប្រាស់ធ្យូងថ្មនៅត្រឹមឆ្នាំ ២០២៥។ ឆ្នាំ ២០១២ ថាមពលនៅអង់គ្លេស ៤០ភាគរយពឹងផ្អែកធ្យូងថ្ម ប៉ុន្តែមកដល់ខែវិច្ឆិកាឆ្នាំ ២០១៥ វាធ្លាក់មកត្រឹម ២ភាគរយប៉ុណ្ណោះ។ វាជាសញ្ញាវិជ្ជមានមួយ និងបញ្ជាក់ថា ការលែងពឹងផ្អែកលើធ្យូងថ្មជារឿងអាចសម្រេចបាន។
សម្ព័ន្ធអន្តរជាតិជំរុញការលះបង់ថាមពលអគ្គីសនីផលិតចេញពីធ្យូងថ្មនេះបច្ចុប្បន្នមានប្រទេសចូលរួមយ៉ាងហោចណាស់២០ ពីទ្វីបអាស៊ីដល់អឺរ៉ុប និងដល់អាមេរិក រួមជាមួយបណ្តារដ្ឋរបស់អាមេរិកផងដែរដូចជា Vancouver និង វ៉ាស៊ីនតោន។ ក្នុងពេលប្រកាសដាក់ចេញគំនិតផ្តួចផ្តើមនេះ គេក៏ឃើញប្រទេសជាច្រើនផ្សេងទៀតបន្តចូលរួមជាមួយគម្រោងសាកលដើម្បីដោះស្រាយបញ្ហប្រែប្រួលអាកាសធាតុនេះដែរ។ ដៃគូពាក់ព័ន្ធរំពឹងថា គម្រោងនេះនឹងមានភាគីចូលរួមរហូតដល់ ៥០ នៅត្រឹមឆ្នាំក្រោយនាសន្និសីទស្តីពីការប្រែប្រួលអាកាសធាតុលើកទី ២៤ នៅប៉ូឡូញ។
អង្គការមូលនិធិសត្វព្រៃពិភពលោក (WWF) បានស្វាគមន៍ការដាក់ចេញគំនិតផ្តួចផ្តើមនេះដែរ។ប្រធានកម្មវិធីអាកាសធាតុសាកល និងថាមពលនៃមូលនិធីសត្វព្រៃពិភពលោក Manuel Pulgar បានលើកឡើងថា វាជារឿងចាំបាច់ណាស់ដែលត្រូវបញ្ឈប់ការប្រើប្រាស់ធ្យូថ្ម ដើម្បីសម្រេចបានតាមកិច្ចព្រមព្រៀងអាកាសធាតុក្រុងប៉ារីស។
មន្ត្រីអង្គការសត្វព្រៃពិភពលោកខាងលើបានសង្កត់ធ្ងន់ដូច្នេះ៖ «ឈប់ប្រើប្រាស់ធ្យូងថ្មជាសកម្មភាពដោះស្រាយបញ្ហាអាកាសធាតុដែលមានឥទ្ធិពលបំផុត ដោយសារវាជួយលើកស្ទួយសុខភាពសាធារណៈ និងសុខុមាលភាពមនុស្សទូទៅ។ រាល់ថ្ងៃនេះយើងមានទំនុកចិត្តដោយសារឃើញភាគីពាក់ព័ន្ធដើរកាន់តែជិតដល់ពិភពដែលពឹងផ្អែកលើថាមពលករកើតឡើងវិញ។ប៉ុន្តែយើងត្រូវពន្លឿនវាបន្ថែមទៀតដោយសារវាស្ថិតក្នុងដំណាក់កាលអន្តរកាលប៉ុណ្ណោះ។ ដូច្នេះហើយបញ្ចប់ការប្រើប្រាស់ធ្យូងថ្ម ជាវិធីតែមួយគត់ដែលអាចធានានិរន្តរភាពនៃថាមពលសម្រាប់ទាំងអស់គ្នា»។
សូមបញ្ជាក់ថាការបញ្ឈប់ការប្រើប្រាស់ឧស្សាហកម្មធ្យូងថ្មជាចំណុចសំខាន់បំផុតមួយក្នុងការសម្រេចបាននូវគោលដៅនៃកិច្ចព្រមព្រៀងក្រុងប៉ារីសដែលកម្រិតសីតុណ្ហភាពកុំឲ្យកើនឡើង ២ អង្សាសេនៅត្រឹមឆ្នាំ ២១០០។ បើសិនបើមិនមានការបញ្ឈប់ការប្រើប្រាស់ធ្យូងថ្មទេនោះ ការកម្រិតកម្តៅផែនដីមិនអាចសម្រេចបាននោះឡើយ៕