ជាតិ
​​​ន​យោ​បាយ​ជាតិ​
ក្រៅពី​ច្រាន​សេចក្តីសម្រេច​តុលាការ CNRP ដែល​ទើបតែ​ត្រូវបាន​រំលាយ ប្តេជ្ញា​រក្សា​រចនាសម្ព័ន្ធ​ខ្លួន​
16, Nov 2017 , 9:35 pm        
រូបភាព
ដោយ:
គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវបាន​រំលាយ​តាមរយៈ​សាលដីកា​តុលាការ​កំពូល ក្រោយ​ដំណើរការ​សវនាការ​ពេញ​មួយថ្ងៃ នា​ថ្ងៃ​ព្រហស្បតិ៍ ទី​១៦ ខែវិច្ឆិកា នេះ​។ ប៉ុន្តែ​នៅ​ថ្ងៃ​ដដែល ថ្នាក់ដឹកនាំ​បក្ស​ដែល​ត្រូវបាន​រំលាយ​មួយ​នេះ បានចេញ​សេចក្តីប្រកាស​ព័ត៌មាន ដើម្បី​ច្រានចោល​សេចក្តីសម្រេច​របស់​តុលាការ​ជាន់ខ្ពស់ ដែល​បាន​ពិន័យ​មន្ត្រីជាន់ខ្ពស់​១១៨​នាក់ មិន​ឲ្យ​ធ្វើ​នយោបាយ​រយៈពេល​៥​ឆ្នាំ​។​



អត្ថបទទាក់ទង

សេចក្ដីថ្លែងការណ៍​ពីរ​ទំព័រ​ដែល​បង្ហោះ​នៅលើ​ហ្វេ​ស​ប៊ុ​ក លោក កឹម សុខា បាន​ចោទ​ការសម្រេច​របស់​តុលាការ​កំពូល​ថា​មាន​ចរិត​នយោបាយ ធ្វើឡើង​ក្រោម​ការគាបសង្កត់ និង​តាម​បំណង​របស់​គណបក្សកាន់អំណាច​។ សំណេរ​នោះ បាន​ផ្តោតលើ​សមាសភាព​ក្រុមប្រឹក្សា​ជំនុំ​ជម្រុះ​តុលាការ​កំពូល ដែលជា​សមាជិក​របស់​គណបក្ស​ប្រជាជន​កម្ពុជា​។​

​សេចក្ដីថ្លែងការណ៍​ដដែល​នេះ​បាន​សរសេរ​យ៉ាង​ដូច្នេះ​ទៀតថា​«​គណបក្ស​សង្គ្រោះ​ជាតិ មិន​ទទួលស្គាល់​សេចក្ដីសម្រេច​របស់​តុលាការ​កំពូល​ជាដាច់ខាត និង​នៅតែ​ចាត់ទុក​ខ្លួន​ជា​គណបក្ស​ស្របច្បាប់ ដែល​ទទួលបាន​អា​ណិ​ត្ត​តាម​ឆន្ទៈ​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ពាក់កណ្ដាល​ប្រទេស​»​។

​លិខិត​មួយ​នេះ​ថែមទាំង​អះអាងថា អ្នកតំណាងរាស្ត្រ ក្រុមប្រឹក្សា​រាជធានី​ខេត្ត ក្រុមប្រឹក្សា​ក្រុង ស្រុក ខណ្ឌ និង​ក្រុមប្រឹក្សាឃុំ សង្កាត់ នៅតែ​ជា​តំណាង​ស្របច្បាប់ និង​ជា​តំណាង​របស់​ប្រជាពលរដ្ឋ​ខ្មែរ​។​

​ជាមួយនឹង​ការអំពាវនាវ​សុំ​អន្តរាគមន៍​ពី​អន្តរជាតិ ថ្នាក់ដឹកនាំ CNRP ដែល​ទើប​ត្រូវបាន​រំលាយ បានស្នើ​ដល់​សមាជិក​ទាំងអស់រ​ក្សា​ភាព​ស្ងៀមស្ងាត់ និង​អហិង្សា ដោយ​ប្តេជ្ញា​រក្សា និង​ការពារ​រចនាសម្ព័ន្ធ​នយោបាយ​របស់ខ្លួន ដោយមាន​លោក កឹម សុខា ជា​ប្រធាន​៕


 


Tag:
 CNRP
© រក្សាសិទ្ធិដោយ thmeythmey.com